អន្តរជាតិ
នយោបាយអន្តរជាតិ
ជប៉ុនគ្រោងបង្កើនថវិកាយោធា ៤៦ពាន់លានដុល្លារដើម្បីទប់ទល់កូរ៉េខាងជើង
× រដ្ឋាភិបាលក្រុងតួក្យូគ្រោងនឹងបង្កើនថវិកាការពារជាតិរបស់ខ្លួនឲ្យដល់ ៤៦ ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០១៨ ដើម្បីធ្វើយ៉ាងណាធានាសន្តិសុខ សន្តិភាព និងស្ថិរភាពក្នុងប្រទេសដើម្បីទប់ទល់ការគំរាមកំហែងរបស់ក្រុងព្យុងយ៉ាង។
សារព័ត៌មានជប៉ុន Nikkei បានចុះផ្សាយថា រដ្ឋាភិបាលលោក ស៊ីនហ្សូ អាបេ គ្រោងនឹងកំណត់ថវិកា ៥,១៩ ទ្រីលានយ៉េនដែលស្មើនឹងប្រមាណ ៤៦ ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិដែលរាប់ចាប់ពីខែមេសាឆ្នាំ ២០១៨នោះ។
បើតាមគម្រោងនេះ វាបង្ហាញឲ្យឃើញច្បាស់ថា ថវិកាការពារជាតិជប៉ុនត្រូវបានបង្កើនឡើងជាប់ៗគ្នាប្រាំមួយឆ្នាំមកហើយ។ ឆ្នាំមុននេះថវិកាយោធាជប៉ុនមានទំហំត្រឹម៥,១២ ទ្រីលានយ៉េនប៉ុណ្ណោះ។ ថវិកាដែលត្រូវបង្កើនឡើងនេះនឹងត្រូវយកទៅប្រើប្រាស់លើកគម្រោងកសាងកម្លាំងយោធាក្រុងតូក្យូដែលមានសមត្ថភាពទប់ទល់នុយក្លេអ៊ែរ និងការអភិវឌ្ឍមីស៊ីលរបស់ក្រុងព្យុងយ៉ាង។
វានឹងត្រូវគ្របដណ្តប់លើការរៀបចំដំឡើងប្រព័ន្ធស្ទាក់ចាប់មីស៊ីលដ៏ទំនើបរបស់អាមេរិក Aegis Ashore ផងដែរ។
កាលពីសប្តាហ៍មុនរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Istunori Onodera បានលើកឡើងថា ជប៉ុនមានបំណងទិញមីស៊ីលពីអាមេរិក មានរយៈចម្ងាយឆ្ងាយដែលអាចហោះហើរបានចម្ងាយ ៩០០គីឡូម៉ែត្រ។ ប៉ុន្តែបំណងនេះក្លាយជារឿងចម្រូងចម្រាសថ្មីដោយសារជប៉ុននៅមានរដ្ឋធម្មនុញ្ញសន្តិភាពដែលហាមប្រាមកងទ័ពខ្លួនចូលអន្តរាគមន៍ក្នុងជម្លោះអន្តរជាតិនោះ។ ជប៉ុនមានត្រឹមប្រភេទអាវុធប្រឆាំងយន្តហោះ និងមីស៊ីលរយៈចម្ងាយខ្លីជាង ៣០០ គីឡូម៉ែត្រប៉ុណ្ណោះ។
បច្វុប្បន្ននេះសហគមន៍អន្តរជាតិបន្តខ្វាយខ្វល់ពីស្ថានការណ៍ដែលកំពុងតានតឹងឡើងនៅឧបទ្វីបកូរ៉េ។ ស្ថានភាពនេះ កាន់តែអាក្រក់ដោយសារជម្លោះពាក្យសម្តីគំរាមវាយគ្នាទៅវិញទៅមករវាងអាមេរិក និងកូរ៉េខាងជើងក៏ដូចជាសកម្មភាពបង្ករឿងផ្សេងទៀតដូចជាសមយុទ្ធយោធារបស់អាមេរិក និងការបន្តបាញ់សាកល្បងមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើងផ៕
© រក្សាសិទ្ធិដោយ thmeythmey.com