ជាតិ
ក្រុមប្រឆាំង អរគុណ​អ្នកគាំទ្រ​នៅ​បរទេស ដែល​ជួយ​ជ្រោមជ្រែង ក្រោយ​បក្ស​ត្រូវ​រំលាយ​
19, Dec 2017 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិកា​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សារលិខិត​មួយ ដើម្បី​កោតសរសើរ និង​អរគុណ​ចំពោះ​ក្រុម​ដឹកនាំ សមាជិក​-​សមាជិកា និង​អ្នកគាំទ្រ​ទាំងអស់​នៅក្រៅ​ប្រទេស ដែល​បាន​លះបង់​ថវិកា និង​ពេលវេលា ក្នុង​ការជួយជ្រោមជ្រែង​ខ្លួន​អស់​មួយរយៈ​កន្លងមក​។



​សារលិខិត​នោះ សង្កត់ធ្ងន់ថា អ្នកគាំទ្រ​នៅក្រៅ​ប្រទេស បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុបចោល​នូវ​សេចក្តីសម្រេច​នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ដោះលែង​លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ សារលិខិត ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២0១៧ បាន​បន្តថា ការចាត់វិធានការ​ជាប​ន្ត​បន្ទាប់​របស់​សហគម​ន៍​អន្តរជាតិ ទៅលើ​រដ្ឋាភិបាល​កម្ពុជា ក៏​ជា​ចំណែក​ដ៏​ធំ​មួយ​នៃ​ការចូលរួម​របស់​អ្នកគាំទ្រ​នៅក្រៅ​ប្រទេស​ដែរ​។

​សារលិខិត​ខាងលើ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​គណបក្ស​សង្គ្រោះ​ជាតិ មានជំនឿថា អ្នកគាំទ្រ​នៅ​ឯនាយសមុទ្រ​ទាំងអស់ នឹង​នៅតែ​បន្ត​ប្រឹងប្រែង​តទៅទៀត ដើម្បី​សង្គ្រោះ​ជាតិ​យើង​»​។

​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល​ពី​សំណាក់​តុលាការ​កំពូល អតីត​តំណាងរាស្ត្រ​និង​ថ្នាក់​ដឹ​នាំ​ភាគច្រើន​នៃ​គណបក្ស​នេះ បាន​បណ្តាក់​គ្នា ចាក​ចេញពី​កម្ពុជា ដើម្បី​ទៅ​ប្រមូលផ្តុំ​កម្លាំង​នៅក្រៅ​ប្រទេស​។ ទឹកដី​បរទេស​ក្លាយជា​មូលដ្ឋាន​ឈរជើង​របស់​អតីត​ក្រុម​អ្នកប្រឆាំង ដើម្បី​ធ្វើ​សកម្មភាព​នានា​ប្រឆាំងនឹង​រដ្ឋាភិបាល​កម្ពុជា ពិសេស​ពួកគេ បាន​ស្វះស្វែង​ទៅ​ពឹងពាក់​សហគមន៍​អន្តរជាតិ ក្នុង​គោលបំណង​សុំ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​។

​អតីត​គណបក្ស ទើបនឹង​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​នៅក្រៅ​ប្រទេស ដើម្បី​ជួយ​ការងារ​នៅក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២0១៧​។ សេចក្តីជូនដំណឹង បាន​ឲ្យ​ដឹងថា សមាសភាព​នៃ​គណៈកម្មការ​ថ្មី​នេះ រួមមាន លោកស្រី មូរ សុខ​ហួរ លោក អេង ឆៃអ៊ាង លោក យឹម សុវណ្ណ លោក យ៉ែម បុញ្ញឫទ្ធិ និង​កញ្ញា កឹម មនោ​វិទ្យា​។

​ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ការបន្ត​ឃុំ​លោក កឹម សុខា ក្នុង​ពន្ធនាគារ បាន​នាំ​ឲ្យ​សហគមន៍​អន្តរជាតិ ដោយមាន​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ចេញ​មុនគេ ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​កា​ររ​ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត ការដាក់កំហិត​លើ​ទិដ្ឋាការ និង​ការ​បង្កក​ទ្រព្យសម្បតិ្ត ជាដើម​។ ទោះ​រង​ការដាក់ទណ្ឌកម្ម​បែបនេះ​ក្តី តែ​រដ្ឋាភិបាល​កម្ពុជា ប្រកាសថា​មិន​ខ្លាច ហើយ​ឆ្លើយតប​វិញ​ថា នឹង​នៅតែ​បន្តធ្វើ​អ្វីដែល​ស្ថិតក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន​ដដែល​៕


Tag:
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com