ជាតិ
បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
កូនស្រី​លោក កឹម សុខា ស្នើ​ឲ្យ​ព្យួរ​អាសនៈ​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​
21, Dec 2017 , 5:23 pm        
រូបភាព
កញ្ញា កឹម មនោវិទ្យា អគ្គនាយករងផ្នែកទំនាក់ទំនងសាធារណៈនៃអតីតគណបក្សសង្គ្រោះជាតិ និងលោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចូលធ្វើជាសក្ខីកម្មស្តីពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២0១៧ ដែលរៀបចំឡើងដោយស្ថានបេសកកម្មអចិន្ត្រៃយ៍នៃសហរដ្ឋអាមេរិកនិងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃសហភាពអឺរ៉ុប ប្រចាំនៅអង្គការសហប្រជាជាតិ។ រូបភាព៖ ថតបន្តពីវីដេអូនៃវិទ្យុអាស៊ីសេរី
កញ្ញា កឹម មនោវិទ្យា អគ្គនាយករងផ្នែកទំនាក់ទំនងសាធារណៈនៃអតីតគណបក្សសង្គ្រោះជាតិ និងលោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចូលធ្វើជាសក្ខីកម្មស្តីពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២0១៧ ដែលរៀបចំឡើងដោយស្ថានបេសកកម្មអចិន្ត្រៃយ៍នៃសហរដ្ឋអាមេរិកនិងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃសហភាពអឺរ៉ុប ប្រចាំនៅអង្គការសហប្រជាជាតិ។ រូបភាព៖ ថតបន្តពីវីដេអូនៃវិទ្យុអាស៊ីសេរី
​ភ្នំពេញ​៖ កញ្ញា កឹម មនោ​វិទ្យា ចង់​ឲ្យ​អង្គការសហប្រជាជាតិ​ព្យួរ​អាសនៈ​ប្រទេស​កម្ពុជា​។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​អ្នកនាំពាក្យ​បក្ស​កាន់អំណាច ចំអក​ឲ្យ​ថា បំណង​នេះ​«​នៅ​ឆ្ងាយ​ឯជើង​មេឃ​» និង​បង្ហាញ​ពី​ភាព​អស់សង្ឃឹម​របស់​អតីត​ក្រុម​អ្នកប្រឆាំង​។



​មើលឃើញ​បញ្ច្រាស់​ពី​គណបក្សកាន់អំណាច អតីត​គណបក្សប្រឆាំង ដែល​កំពុង​ប្រមូលផ្តុំ​កម្លាំង​នៅក្រៅ​ប្រទេស ដើម្បី​បន្តសកម្មភាព​នយោបាយ បារម្ភ​កាន់តែ​ខ្លាំង​ពី​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ដែល​កំពុង​ធ្លាក់​ដុនដាប​ រហូតដល់​សម្រេចចិត្ត រត់ទៅរក​ជំនួយ​ដល់​អង្គការសហប្រជាជាតិ ដើម្បី​ឲ្យ​ជួយ​ស្រោចស្រង់​ឡើងវិញ​។ ទីបំផុត ព្រឹ​ត្តិ​ការណ៍​នយោបាយ ដែល​បាន​កើតឡើង​ក្នុងប្រទេស​កម្ពុជា​នាបច្ចុប្បន្ន ដូចជា​ការរំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ការចាប់​លោក កឹម សុខា ដាក់ពន្ធនាគារ បាន​ជំរុញ​ឲ្យ​តំណាង​ប្រទេស​នានា ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​តិ យកទៅ​ពិភាក្សា នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២0១៧​។

​កញ្ញា កឹម មនោ​វិទ្យា មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​ច្បង​របស់លោក កឹម សុខា រួមទាំងលោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា​ ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើជា​សក្ខីកម្ម ក្នុង​កិច្ចពិភាក្សា​នេះ ក្រោម​ប្រធានបទ «​ការធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​» ដែល​រៀបចំឡើង​រួមគ្នា​ដោយ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​សហរដ្ឋអាមេរិក និង​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​សហភាព​អឺរ៉ុប ហើយ​មានការ​ចូលរួម​ពី​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​បណ្តា​ប្រទេស​ផ្សេងៗ ដែល​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​។ 

​ស្ថិតនៅក្នុង​កិច្ចពិភាក្សា​នោះ ក្រៅពី​រៀបរាប់​ពី​ការធ្លាក់ចុះ​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស នៅ​ប្រទេស​កម្ពុជា កញ្ញា កឹម មនោ​វិទ្យា បាន​ពឹង​តំណាង​ប្រទេស​នានា ឲ្យ​ជួយ​ស្នើ​ទៅ​អង្គការសហប្រជាជាតិ ដើម្បី​ពិចារណា​ក្នុងការ​ព្យួរ​អាសនៈ​ប្រទេស​កម្ពុជា ដែល​កំពុងមាន​សុពលភាព និង​ភាពស្របច្បាប់​ក្នុង​អង្គការសហប្រជាជាតិ​។ កញ្ញា កឹម មនោ​វិទ្យា ដែល​គេ​មើលឃើញថា​មាន​សកម្មភាព​យ៉ាងខ្លាំង​ក្លា​ក្នុងការ​ស្វែងរក​ជំនួយ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ជួយ​លោក កឹម សុខា ជា​ឪពុក​របស់​នាង ឲ្យ​បាន​រួច​ផុតពី​ពន្ធនាគារ បានដាក់​សំណើរ​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​សូម​ឲ្យ​រដ្ឋ​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ ស្នើ​ទៅ​ស្ថាប័ន​អង្គការសហប្រជាជាតិ ដើម្បី​ពិនិត្យឡើងវិញពីសមាជិកភាពរបស់ប្រទេស​កម្ពុជា​»​។​

​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ កញ្ញា កឹម មនោ​វិទ្យា  ថែមទាំង​ស្នើ​ឲ្យ​ដាក់​បញ្ហា​ប្រទេស​កម្ពុជា​ចូលទៅក្នុង​កិច្ចប្រជុំ​មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ ដែល​នឹង​រៀបចំឡើង​នៅក្នុង​ខែមករា ឆ្នាំ​២0១៨ ខាងមុខ​។ លើសពីនេះ កូនស្រី​ច្បង​របស់លោក កឹម សុខា នៅមាន​សំណើ​មួយទៀត គឺ​ចង់​ឲ្យ​អង្គការសហប្រជាជាតិ បញ្ជូន​តំណាង​របស់ខ្លួន មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​ការពិត និង​ពិភាក្សា​ជាមួយ​មន្ត្រី​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា​រួមគ្នា​។

​ព័ត៌មាន​ស្តីពី​សកម្មភាព​របស់​ក​ញ្ញា កឹម មនោ​វិទ្យា ដែល​ចូលរួម​ធ្វើជា​សក្ខីកម្ម​ក្នុង​កិច្ចពិភាក្សា​នេះ ត្រូវបាន​ចុះផ្សាយ​ដោយ​វិទ្យុ​អាស៊ីសេរី​។ លោក ជុន ច័ន្ទបុត្រ​នៃ​វិទ្យុ​អាស៊ីសេរី បាន​ចូល​ទៅយក​ព័ត៌មាន​ដោយផ្ទាល់​ក្នុង​កិច្ចពិភាក្សា​ខាងលើ​។​

​ប្រតិកម្ម​ធ្ល​ន់ៗ​របស់​មន្ត្រីជាន់ខ្ពស់រ​ដ្ឋា​ភិ​បាល​កម្ពុជា និង​អ្នកនាំពាក្យ​គណបក្សកាន់អំណាច ​ត្រូវបាន​តម្រង់​ទៅកាន់​កញ្ញា កឹម មនោ​វិទ្យា ក្រោយ​លើកឡើង​នូវ​សំណើ​បែបនេះ​។

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុក​សកម្មភាព​របស់​កញ្ញា កឹម មនោ​វិទ្យា ថា​ចង់​បង្ក​ឲ្យ​មាន​វិទ្ធង្សនា ដែល​នាំ​ឲ្យ​បាត់បង់​សេចក្តីសុខសាន្ត​របស់​ប្រទេស​កម្ពុជា​។ ឆ្លើយតប​នឹង​សំណួរ​របស់​សារព័ត៌មាន​ថ្មីៗ លោក ​ថែមទាំង​ហៅ​ទង្វើ​របស់​កញ្ញា កឹម មនោ​វិទ្យា ដែល​អំពាវនាវ​ឲ្យ​ប្រទេស​នានា ដាក់​សម្ពាធ​មកលើ​រដ្ឋា​ភិ​បាល ថា​ជាការ​បំផ្លាញ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា ​ជាមួយ​សហគមន៍​អន្តរជាតិ​។ 

​យ៉ាងណា​ក៏ដោយចុះ ​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​រូបនេះ យល់ឃើញថា បំណងប្រាថ្នា​របស់​កញ្ញា កឹម មនោ​វិទ្យា មិនអាច​ក្លាយជា​ការពិត​នោះទេ​។ លោក ចំអក​ដាក់​កញ្ញា កឹម មនោ​វិទ្យា យ៉ាង​ដូច្នេះ​៖«​ការស្នើ​ហ្នឹង គ្រាន់តែ​ជា​ភាព​អស់សង្ឃឹម​ប៉ុណ្ណោះ​»​។

​កញ្ញា កឹម មនោ​វិទ្យា ក៏​រង​ការឆ្លើយតប​យ៉ាង​ចាស់ដៃ​ពី​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ​យល់ថា មហិច្ឆតា​របស់​កញ្ញា កឹម មនោ​វិទ្យា មិនអាច​បានសម្រេច​ឡើយ​។ លោក​បាន​សរសេរ​សារ​ទៅកាន់​ក្រុមអ្នកកាសែត​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម (Telegram) ដោយមាន​ន័យ​បែប​ពេបជ្រាយ​ឲ្យ​កញ្ញា កឹម មនោ​វិទ្យា យ៉ាង​ដូច្នេះ​ថា​៖«​ការចង់​ឲ្យ​អង្គការសហប្រជាជាតិ ដក​សមាជិកភាព​រប​ស់​កម្ពុជា ចេញពី​អង្គការសហប្រជាជាតិ គឺ​កាន់តែ​ហួស​ពី​ជើងមេឃ​ទៅទៀត​»​។ 

​លោក សុខ ឥសាន ឆ្លៀត​បន្តុះបង្អាប់​ឲ្យ​កញ្ញា កឹម មនោ​វិទ្យា ថា គួរតែ​ខ្មាសអៀន​ដែល​មិន​យល់ដឹង​ពី​តួនាទី​របស់​អង្គការសហប្រជាជាតិ​។ លោក​បកស្រាយ​ថា អង្គការសហប្រជាជាតិ គ្មាន​សិទ្ធិ​លូកដៃ​ចូល​ផ្ទៃក្នុង​របស់​បណ្តា​ប្រទេស​ជា​សមាជិក​ឡើយ​។ លោក​បាន​អះអាង​ទៀតថា ការ​ទៅ​ពឹង​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​ឲ្យ​កោះប្រជុំ ដើម្បី​ដោះស្រាយ​បញ្ហា​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​នឹង​ការចាប់​លោក កឹម សុខា ក៏​មិនត្រូវ​ដែរ ព្រោះ​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ មិនមាន​ភារកិច្ច​បែប​នេះទេ​។

​ចាប់តាំងពី​ត្រូវបាន​តុលាការ​កំពូល​រំលាយចោល គ្មាន​សកម្មភាព​ណាមួយ​របស់​អតីត​ក្រុម​អ្នកប្រឆាំង បាន​ងើបឡើង​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។ ប៉ុន្តែ សកម្មភាព​និង​ចលនា​របស់​ពួកគេ កាត់​តែ​រីក​សុសសាយ នៅតាម​បណ្តា​ប្រទេស​នានា​។ ថ្មីៗ​នេះ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទើបនឹង​បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ ដើម្បី​សម្រួល​ការងារ​នៅក្រៅ​ប្រទេស​។ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ធ្លាប់​ប្រកាស​ផែនការ​នៃ​ការបង្កើត​លេខាធិការដ្ឋាន​នៅក្រៅ​ប្រទេស​ដែរ សម្រាប់ធ្វើជា​កន្លែង​គោល​ក្នុងការ​ប្រមូលផ្តុំ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់ខ្លួន​។

​រហូតមកដល់​ពេលនេះ អតីត​ក្រុម​អ្នកនយោបាយ​ខាង​ប្រឆាំង នៅតែ​បន្ត​ទាមទារ ឲ្យ​គណបក្ស​របស់​ពួកគេ រស់​ឡើងវិញ និង​សុំ​ឲ្យ​ដោះលែង​លោក កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ​៕


Tag:
 កឹម មនោ​វិទ្យា​
  CNRP
  CPP
  សុខ ឥសាន​
  ផៃ ស៊ី​ផាន
© រក្សាសិទ្ធិដោយ thmeythmey.com