កីឡាអន្តរជាតិ
អន្តរជាតិ
Mutko ឈប់​ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទាត់​រុស្ស៊ី ដើម្បី​ទៅ​តទល់​ផ្លូវច្បាប់​ជាមួយ​តុលាការ​កីឡា​
26, Dec 2017 , 8:19 pm        
រូបភាព
​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី Vitaly Mutko ដែល​ត្រូវបាន​ហាម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​អស់​មួយជីវិត ពីបទ​ប្រើ​សារធាតុ​ហាមឃាត់ (Doping) ត្រូវបាន​ព្យួរ​តួនាទី​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​រុស្ស៊ី (RFU) ដ្បិត​លោក​បាន​ប្រឆាំងនឹង​បម្រាម​ក្នុង​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​កីឡា (CAS)​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។​



«​ខ្ញុំ​បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹង​ទៅកាន់ CAS »​។ លោក Mutko បាន​ប្រាប់​អ្នកកាសែត​បែបនេះ​បន្ទាប់ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ RFU ហើយ​លោក​បាន​បន្ថែមទៀតថា ៖«​ដូច្នេះ​អង្គការ​របស់​យើង​មិន​ត្រូវបាន​រំខាន​ក្នុងអំឡុងពេល​នៃ​ការស៊ើបអង្កេត​ផ្នែក​ច្បាប់ ... ខ្ញុំ​បានស្នើ​សុំ​ផ្អាក​ការងារ​របស់ខ្ញុំ​រហូត​ដល់ ៦​ខែ​»​។​

Mutko តែងតែ​បដិសេធ​រាល់​ការចោទប្រកាន់​លើ​ការប្រើប្រាស់​សារធាតុ​ញៀន​ពី​ណៈ​ក​ម្មា​ធិ​ការ​អូឡាំពិក​អន្តរជាតិ (IOC) បើទោះបី​ជាមាន​អត្ត​ព​លិ​ក​រុស្ស៊ី​មួយចំនួន រួមទាំង​លោក ត្រូវបាន​ហាមឃាត់​ចូល​ប្រកួត​កីឡា​អូឡាំពិក​រដូវរងារ​ឆ្នាំ ២០១៨ នៅ​កូរ៉េខាងត្បូង​ក៏ដោយ​។​

​បើទោះជា​បាត់បង់​តំណែង​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​រុស្ស៊ី​ក៏ដោយ តែ​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី វ័យ​៥៨​ឆ្នាំ​រូបនេះ អះអាងថា​លោក​នឹង​បន្ត​តួនាទី​របស់លោក​នៅក្នុង​រដ្ឋាភិបាល ក៏ដូចជា​ការរៀបចំ​កា​រ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup នៅ​រុស្ស៊ី ឆ្នាំ​២០១៨ ដដែល​ប្រសិនបើ​ថ្នាក់ដឹកនាំ​នៅតែ​ទុកចិត្ត​លោក​។​

 «​ទាក់ទង​នឹង​បញ្ហា​ទំនាក់ទំនង​ជាមួយ FIFA និង​គណៈកម្មាធិការ​រៀប​ចំការ​ប្រកួត ដរាបណា​ប្រធានាធិបតី​រុស្ស៊ី​វ្លា​ឌី​មៀរ​ពូ​ទីន​នៅតែ​ទុកចិត្ត​ខ្ញុំ ខ្ញុំ​នៅតែ​បន្ត​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី និង​ត្រួតពិនិត្យ​ការរៀបចំ​សម្រាប់​ការប្រកួត​ពិភពលោក​តទៅទៀត​»​។ លោក Vitaly Mutko និយាយ​ដូច្នេះ​។​    ​

​ប៉ុន្តែ​យ៉ាងណា លោក​នឹង «​ស្នើ​» ទម្លាក់​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការប្រកួត World Cup របស់ខ្លួន​នេះ​វិញ ប្រសិនបើ​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី និង​ក្រុម​ព្រឹក្សា​ត្រួតពិនិត្យ​ចង់​ឲ្យ​លោក​ចុះចេញ​៕


Tag:
 កីឡា​អូឡាំពិក​
  IOC
  Vitaly Mutko
  RFU
© រក្សាសិទ្ធិដោយ thmeythmey.com