ជាតិ
លោក ឱម យិនទៀង​៖ «​ម្ចាស់​សង្វៀន​ជល់​មាន់ មិន​ខ្លាច​ចៅហ្វាយខេត្ត ខ្លាច​តែ​សម្ដេច​ទេ​»
26, Dec 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង បាន​លើក​មូលហេតុ ដែល​អាជ្ញាធរ​ទើប​បង្ក្រាប​សង្វៀន​ជល់​មាន់នៅ​ខេត្តកណ្ដាល និង​តាកែវ​កាល​ពេល​ថ្មីៗ​នេះ ដោយសារតែ​ម្ចាស់​ទីតាំង​ជល់​មាន់​នោះ អាង​ប្រើ​ឈ្មោះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​កាង​កន្លែង​ខ្លួន​។ បើតាម​លោក ឱម យ៉ិនទៀង សូម្បីតែ​ចៅហ្វាយខេត្ត​ក៏​មិន​ហ៊ាន​ប៉ះពាល់​កន្លែង​ជល់​មាន់​ដែរ ។ ឆ្លើយតប​ចម្ងល់​ទាក់ទង​និង​បញ្ហា​អ្នកកាសែត ដែល​ទទួល​លុយ​ពី​ម្ចាស់​សង្វៀន​ជល់​មាន់​នេះ លោក ឱម យ៉ិនទៀង ៖«(​អ្នកកាសែត​) អត់​មាន​គំរាម​សោះ ទៅ​គំរាម​កន្លែង​ជល់​មាន់​នេះ ចៅហ្វាយខេត្ត​វា​មិន​ខ្លាច​ផង មក​ខ្លាច​អ្នកកាសែត​ប៉ុណ្ណឹង ។ និយាយ​គ្នា​តាមពិត វា​ខ្លាច​តែ​សម្ដេច ហ៊ុន សែន មួយ​តើ ឃើញ​ដូចនេះ​ទេ មេ​ប៉ូលិស​វា​មិន​ខ្លាច​ផង ចៅហ្វាយខេត្ត​វា​មិន​ខ្លាច​ផង ក្រសួងមហាផ្ទៃ​វា​មិន​ខ្លាច​ផង វា​នៅតែ​បើក វា​ថា​បងប្អូន​សម្ដេច ហ៊ុន សែន​»​។​



​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រូបនេះ បាន​បញ្ជាក់ថា បញ្ហា​អ្នកកាសែត​ជាង​២០០​នាក់ ដែល​ត្រូវបាន​ចោទ​ពាក់ព័ន្ធ​ការទទួលប្រាក់​ពី​ម្ចាស់​សង្វៀន​ជល់​មាន់នៅ​ខេត្តកណ្ដាល និង​តាកែវ​នោះ មិនមាន​កំហុស​ទេ ដោយសារតែ​ពួកគេ​មិនមែនជា​អ្នកកាសែត​មន្ត្រីរាជការ​សាធារណៈ​។​

​សូម​ស្ដាប់​លោក ឱម យ៉ិនទៀង​៖




​កាលពី​ខែវិច្ឆិកា​កន្លងមក អាជ្ញាធរ បាន​បង្ក្រាប​សង្វៀន​ជល់​មាន់​ក្នុង​ខេត្តកណ្តាល និង​តាកែវ ដែលជា​របស់លោក ថៃ ម៉ាប់ ហើយ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ថា ជា​ក្មួយ​ប្រសា​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ លោក ថៃ ម៉ាប់ បានប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច ក្រោយពី​មាន​បញ្ជា​ពី​នាយករដ្ឋមន្ត្រី​ឲ្យ​តាម​ចាប់ខ្លួន​៕


Tag:
 ឱម យិនទៀង​
  ACU
 ​ ជល់​មាន់
© រក្សាសិទ្ធិដោយ thmeythmey.com