ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របប​អាហារ​អ្នករស់នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​អាច​បន្ថយ​ការកើត​ជំងឺមហារីក​សុដន់​បាន​
27, Dec 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​៖ ការ​ញ៉ាំ​របប​អាហារ​បែប​អ្នករស់នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​រហូតដល់​ស្លាប់​បាន ៤០​ភាគរយ​។ ការសិក្សា​នេះ​ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​មកពី​ប្រទេស Netherlands​។ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ទិន្នន័យ​មកពី​ការសិក្សា​មួយ​ដែល​ចូលរួម​ដោយ​ស្ត្រី​អាយុ​ចាប់ពី ៥៥​ទៅ​៦៩​ឆ្នាំ ដែលមាន​ច្រើនជាង ៦០០០០​នាក់ រយៈពេល​២០​ឆ្នាំ​។ ក្នុងពេល​ចាប់ផ្តើម​សិក្សា ស្ត្រី​ទាំងនោះ​តម្រូវ​ឲ្យ​ប្រាប់​ច្បាស់លាស់​អំពី​របប​អាហារ សកម្មភាព​រាងកាយ និង​ការប្រឈមមុខ​នានា​ទាក់ទង​នឹង​មហារីក​។​



​បន្ទាប់មក អ្នកស្រាវជ្រាវ​បានធ្វើការ​ប្រៀប​ធឿ​បរ​បប​អាហារ​របស់​ស្ត្រី​ច្រើនជាង ២០០០​នាក់​ដែល​បានកើត​ជំងឺមហារីក​សុដន់ ជាមួយនឹង​ស្ត្រី​ក្រុម​ដូចគ្នា​តែ​មិន​បានកើត​ជំងឺ​នេះឡើយ​។ ជា​លទ្ធផល​គេ​រកឃើញថា វា​មិនមាន​អ្វី​ទាក់ទង​គ្នា​ឡើង​រវាង​របប​អាហារ​បែប​ប្រជាជន​មេ​ឌី​ទែ​រ៉ា​ណេ និង​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ស្ត្រី​ដែលមាន​របប​អាហារ​បែប​អ្នករស់នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភាគច្រើន​មិនសូវ​កើតជា​ជំងឺមហារីក​សុដន់​ប្រភេទ Oestrogen Receptor-Positive Breast Cancer ឡើយ ហើយ​ក៏មាន​តិចជាង ៤០​ភាគរយ​ដែរ​។​

​ជាមួយគ្នា​នឹង​ការសិក្សា​ទាំងអស់​ទាក់ទង​នឹង​មហារីក​ប្រភេទ​នេះ វា​ជា​រឿង​ពិបាក​មួយ​ក្នុង​ការញែក​ឲ្យ​ដឹង​អំពី​ឥ​ទ្ធី​ពល​នៃ​របប​អាហារ និង​កត្តា​របៀប​រស់នៅ​ផ្សេងៗ​ទៀត​ដូចជា ការហាត់​ប្រាណ និង​ជក់បារី​ជាដើម​។ រឿងនេះ​នឹងធ្វើ​ឲ្យ​កាន់តែ​ពិបាក​ក្នុង​ការបង្ហាញ​ភាពខុសគ្នា​លើ​ការប្រឈមមុខ​ដែល​ផ្អែកទៅលើ​លទ្ធផល​នៃ​របប​អាហារ​ប្រភេទ​នេះ​តែមួយ​មុខ​។​

​របប​អាហារ​បែប​អ្នករស់នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ត្រូវបាន​គេ​រកឃើញថា​មាន​ទំនាក់ទំនង​នឹង​សុខភាព​ច្រើនយ៉ាង​ណាស់​។ ការដែល​ញ៉ាំ​អាហារ​ផ្តល់​សុខភាព អាហារ​មាន​តុល្យភាព​ជាមួយ​បន្លែ និង​ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​ត្រី​មួយចំនួន ហើយ​ញ៉ាំ​សាច់​ក្រហម​និង​អាហារ​ផ្អែម​តិច​ទៀត​នោះ​គឺជា​អ្វីដែល​គ្រូពេទ្យ​ភាគច្រើន​បាន​ណែនាំ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com