ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន Walmart របស់​អាមេរិក​រំ​ឮ​ក​រដ្ឋមន្ត្រី​កម្ពុជា​អំពី​បរិយាកាស​ជំនួញ​នៅ​កម្ពុជា​
27, Dec 2017 , 6:39 pm        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
​ក្រុម​ហ៊‌ុ​ន​បញ្ជា​ទិញ​ផលិតផល​វាយ​ន​ភណ្ឌ​របស់​សហរដ្ឋអាមេរិក​បាន​ប្រាប់​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​កម្ពុជា​ថា ជោគជ័យ​ជំនួញ​របស់​ពួកគេ​នៅ​កម្ពុជា​ស្ថិតនៅលើ​បរិយាកាស​ធុរកិច្ច​ល្អ និង​ស្តង់ដារ​នៃ​លក្ខខណ្ឌ​ការងារ​ខ្ពស់​។​



«​ស្ថិរភាព​, ការរំពឹងទុក​នៃ​ការបញ្ជាទិញ​គ្មាន​បញ្ហា និង​ការអនុវត្ត​ច្បាប់​ត្រឹមត្រូវ គឺជា​មូលដ្ឋាន​នៃ​ជំនួញ​របស់​ពួកយើង​នៅលើ​ពិភពលោក​នេះ ហើយ​ប្រធានបទ​ទាំងនេះ​ក៏​ជា​មូលដ្ឋាន​ដែល​អនុញ្ញាត​ឲ្យ​យើង​ប្តេជ្ញាចិត្ត​សម្រាប់​រយៈពេល​វែង​នៅក្នុង​ការវិនិយោគ​នៅលើ​ទីផ្សារ​មួយ​ដែរ​»​។​

​នេះ​ជា​ខ្លឹមសារ​មួយ​នៅក្នុង​លិខិត​របស់​ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ​ផលិតផល​វាយ​ន​ភណ្ឌ​របស់​សហរដ្ឋអាមេរិក Walmart ពី​កម្ពុជា ដែល​ត្រូវបាន​ផ្ញើមក​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា​កាលពីដើម​ខែធ្នូ​នេះ​។​

​លិខិត​នេះ​ត្រូវបាន​ផ្ញើមក​លោក អ៊ិត សំហេង បន្ទាប់ពី​ប្រតិភូ​នៃ​ក្រុមហ៊ុន​ដែល​អះអាងថា ខ្លួន​ជា​ក្រុមហ៊ុននាំចេញ​សម្ភារ​ស្បែកជើង​ធំជាងគេ​ពី​កម្ពុជា ហើយ​និង​ជា​អ្នក​នាំចេញ​ផលិតផល​សំលៀកបំពាក់​ធំ​ទី​ពីរ​ពី​កម្ពុជា​ដែរនោះ បានមក​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ដើមខែ​វិច្ឆិកា​។​

​ក្រុមហ៊ុន Walmart ដែលមាន​គម្រោង​នាំចេញ​ផលិតផល​ធ្វើដំណើរ​កម្សាន្ត (​កាបូប​, វ៉ា​លី​ស​…) ពី​កម្ពុជា​នៅ​ឆ្នាំ​ក្រោយនេះ បាន​និយាយ​ឡើងវិញ​នៅក្នុង​លិខិត​របស់ខ្លួន​ប្រាប់​រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា​ថា អតិថិជន​របស់​ពួកគេ​ត្រូវ​ទាមទារ​ឲ្យ​មាន​ការគោរព​លក្ខខណ្ឌ​ការងារ នៅក្នុង​ប្រទេស​ដែល​ក្រុមហ៊ុន​នេះ​បញ្ជា​ទិញ​ផលិតផល​។ លិខិត​ដែល​ចុះហត្ថលេខា​ដោយ លោក Scott Price ដែលជា​អនុប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Walmar បានសរសេរថា​៖ «​យើង​សូម​ស្នើ​ដោយ​ក្តី​គោរព ឲ្យ​រដ្ឋាភិបាល​របស់លោក​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ កម្មការិនី និង​យកចិត្តទុកដាក់​ចំពោះ​រដ្ឋាភិបាល​របស់​យើង និង​សង្គម​ស៊ីវិល​ដោយ​ភាពត្រឹមត្រូវ ដោយ​អនុលោម​ទៅតាម​ស្តង់ដារ​អន្តរជាតិ​»​។​

​ក្នុង​រយៈកាល​ចុងក្រោយ​នេះ មជ្ឈដ្ឋាន​នានា​បានបង្ហាញ​ក្តីបារម្ភ​ថា កម្ពុជា​អាច​រង​វិបត្តិ​សេដ្ឋកិច្ច ប្រសិនបើ​ប្រទេស​ធំៗ ឈប់​បញ្ជា​ទិញ​ផលិតផល​និង​ទំនិញ​ពី​កម្ពុជា​។ ពួកគេ​យល់ថា ប្រទេស​នានា​អាច​នឹងធ្វើ​បែបនេះ​ដាក់​កម្ពុជា ដោយសារតែ​មិន​សប្បាយចិត្ត ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល ហើយ​លោក កឹម សុខា ក៏​ជាប់ពន្ធនាគារ​។

​ជាក់ស្តែង សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក បានចេញ​មុខ​គេ ក្នុងការ​ព្រមាន​ដាក់ទណ្ឌកម្ម​បែបនេះ​។ ថ្មីៗ​នេះ ក្រុម​សមាជិកសភា​អឺរ៉ុប បានស្នើ​ឲ្យ​ផ្អាក​ការអនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា ក្នុង​ការនាំ​ផលិតផល​និង​ទំនិញ​ចូលទៅ​កាន់​ទីផ្សារ​អឺរ៉ុប​។​

​ទាក់ទង​បញ្ហា​ខាងលើ លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ ធ្លាប់​លើកឡើងថា បណ្ដា​រោងចក្រ​មួយចំនួន​នៅ​កម្ពុជា កំពុង​រង​ការកាត់បន្ថយ​ការបញ្ជារ​ទិញ​បណ្ដើរៗ​ពី​សំណាក់​ពី​អ្នកបញ្ជា​ទិញ​។ លោក ប៉ាវ ស៊ីណា ដែល​ទទួលដំណឹង​នេះ​ពី​សមាជិក​សហជីព​រប​ស់​ខ្លួន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក​ថា មូល​ហេតុដែល​អ្នកបញ្ជា​រទិញ កាត់បន្ថយ​ការទិញ​ទំនិញ​ពី​កម្ពុជា ដោយសារ​ការព្រមាន​ដក​ការអនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។

​ប្រធាន​សហជីព​ចលនា​កម្មករ​រូបនេះ អំពាវនាវ​ឲ្យ​អ្នកនយោបាយ​ដោះស្រាយ​បញ្ហា​រួមគ្នា ដើម្បី​បញ្ចៀស​ការធ្លាក់ចុះ​សេដ្ឋកិច្ច​។ លោក ក៏​ស្នើ​ដល់​សហគមន៍​អន្តរជាតិ កុំ​ឲ្យ​យក​រឿង​នយោបាយ​កម្ពុជា មក​ភ្ជាប់​ការអនុគ្រោះ​ពន្ធ​សេដ្ឋកិច្ច​៕


Tag:
 Walmart
  កាត់ដេរ
  Textile
  វាយ​ន​ភណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com