ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សម័យនេះ មនុស្ស​ស្រី​ញ៉ាំ​គ្រឿង​ស្រវឹង​ចង់​ស្មើរ​ដៃ​គ្នា​នឹង​បុរស​ហើយ​
28, Dec 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Guardian បាន​ឲ្យ​ដឹងថា ស្ត្រី​ត្រូវបាន​គេ​រកឃើញថា​មានការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​ដូច​មនុស្ស​ប្រុស​ដែរ​។ វា​គឺជា​ការសង្កេត​មួយ​បានមកពី​ជុំវិញ​ពិភពលោក ហើយក៏​បាន​ឲ្យ​ដឹងថា គំលាត​រវាង​បុរស និង​ស្ត្រី​កំពុងតែ​ជិតគ្នា​លឿន​ណាស់​នៅពេល​និយាយ​ដល់​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ផលវិបាក​ដែល​គ្រោះថ្នាក់​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​។​



​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ការសិក្សា​ចំនួន ៦៨ ដែល​បានមកពី​ជុំវិញ​ពិភពលោក​ដែល​គេ​សិក្សា​លើ​មនុស្ស​កើត​ចាប់ពី​ឆ្នាំ ១៨៩១​ដល់ ២០០០ ដើម្បី​ពិនិត្យ​មើលថា​មានការ​ប្រែប្រួល​អ្វី​លើ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​រវាង​បុរស និង​ស្ត្រី​ដែរ​ឬ​អត់​។​

​ក្នុង​ដើមឆ្នាំ ១៩០០ បុរស​ត្រូវបាន​គេ​រកឃើញថា ទំនងជា​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនជាង​ស្ត្រី​ពីរដង និង​ទំនងជា​បង្កបញ្ហា​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​នេះ​រហូតដល់ ៣​ដង​ឯណោះ​។ ប៉ុន្តែ​ឥឡូវនេះ វា​មាន​ភាពខុសគ្នា​តិច​ទៅៗ​ហើយ មានន័យថា​មនុស្ស​ទាំងពីរ​ភេទ​នេះ​អាច​ជិត​នឹង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​ស្មើគ្នា​ហើយ​។​

​អ្នកដឹកនាំ​ការសិក្សា​នេះ​បាន​ឲ្យ​ដឹងថា ការរកឃើញ​នេះ​បញ្ជាក់​អំពី​តម្រូវការ​នៃ​ការផ្តោត​សំខាន់​ទៅលើ​ស្ត្រី​វ័យក្មេង​ដើម្បី​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​បញ្ហា​ដែល​ពាក់ព័ន្ធ​។ ស្ត្រី​គឺ​ងាយ​នឹងមាន​គ្រោះថ្នាក់​ជាងគេ​នៅពេល​ញ៉ាំ​គ្រឿង​ស្រវឹង​ដោយសារតែ​កត្តា​ជាច្រើន​ដូចជា វា​អាច​នឹង​នៅក្នុង​ខ្លួន​ស្ត្រី​យូរ​ជាង​បុរស​ជាដើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com