ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋ​ចាប់ផ្តើម​ទិញ​ត្រី​ធ្វើ​ប្រហុក ខណៈ​រដូវ​កាល​ត្រី​ប្រហុក​មកដល់​
29, Dec 2017 , 7:59 pm        
រូបភាព
ត្រី​ខ្ចប់​ដាក់​ការ៉ុង ដែល​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង​ទិញ ដើម្បី​យក​ទៅ​ធ្វើ​ប្រហុក​លក់។ ប្រជាពលរដ្ឋ​មួយ​ចំនួន​មក​ពី​ខេត្ត​ស្វាយរៀង ឡើង​មក​ផែ​មួយ​កន្លែង​នៅ​រាជធានីភ្នំពេញ ដើម្បី​ទិញ​ត្រី យក​ទៅ​ធ្វើ​ប្រហុក​លក់។ (ស៊ុន ណារិន/VOA)
ត្រី​ខ្ចប់​ដាក់​ការ៉ុង ដែល​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង​ទិញ ដើម្បី​យក​ទៅ​ធ្វើ​ប្រហុក​លក់។ ប្រជាពលរដ្ឋ​មួយ​ចំនួន​មក​ពី​ខេត្ត​ស្វាយរៀង ឡើង​មក​ផែ​មួយ​កន្លែង​នៅ​រាជធានីភ្នំពេញ ដើម្បី​ទិញ​ត្រី យក​ទៅ​ធ្វើ​ប្រហុក​លក់។ (ស៊ុន ណារិន/VOA)
ដោយ: VOA
​ឫស្សីកែវ ភ្នំពេញ ៖ រដូវ​កាល​ត្រី​ប្រហុក​បានមក​ដល់​ហើយ​។ ប្រជាពលរដ្ឋ​បានចាប់ផ្តើម​សម្រុក​នេសាទ​ត្រី ជាពិសេស​ត្រី​រៀល សម្រាប់ធ្វើ​ប្រហុក​។ នៅ​កំពង់ផែ​គីឡូម៉ែត្រ​លេខ​៩ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ សកម្មភាព​ប្រមូល​ផល​ត្រី និង​ទិញ​ត្រី​សម្រាប់ធ្វើ​ប្រហុក​ក៏​កំពុងតែ​កើតឡើង​ផងដែរ​។ មន្ត្រីជលផល​លើកឡើងថា ត្រី​សម្រាប់ធ្វើ​ប្រហុក​នៅ​ឆ្នាំនេះ​មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុន​ទៅទៀត​។​



​លោកស្រី ព្រំ សុ​ផា អាយុ​៧៣​ឆ្នាំ កាលពី​ថ្ងៃទី​២៧ ខែធ្នូ បាន​ឡើង​ពី​ខេត្តស្វាយរៀង មក​រាជធានី​ភ្នំពេញ​ដើម្បី​ទិញ​ត្រី​រៀល​ចំនួន​៥០០​គីឡូក្រាម យកទៅ​ធ្វើ​ប្រហុក​សម្រាប់​លក់​នៅក្នុង​តំបន់​ដែល​លោកស្រី​កំពុង​រស់នៅ គឺ​ស្ថិត​ក្នុងភូមិ​ធ្លក ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។ លោកស្រី​បាន​រៀបរាប់ថា លោកស្រី​មក​ទិញ​ត្រី​សម្រាប់ធ្វើ​ប្រហុក​ជា​រៀងរាល់ឆ្នាំ គឺ​ជាង​៣០​ឆ្នាំ​មកហើយ នៅពេលដែល​រដូវ​កាល​ប្រមូល​ត្រី​ធ្វើ​ប្រហុក​មកដល់​។​

​លោកស្រី សុ​ផា មានប្រសាសន៍​ទៀតថា ក្នុង​ការធ្វើ​ប្រហុក​លក់​នេះ លោកស្រី​អាច​ទទួល​ប្រាក់ចំណេញ​បាន​ស្ទើរ​ពាក់កណ្តាល​នៃ​ថ្លៃដើម​។ លោកស្រី​បាន​ទិញ​ត្រី​ប្រហុក​ក្នុង​មួយ​គីឡូ​តម្លៃ​១.៨០០​រៀល ហើយ​ពេល​ធ្វើជា​ប្រហុក លោកស្រី​អាច​លក់បាន​១២.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ប្រាក់ចំណូល​នេះ​គឺ​បន្ថែម​លើ​ការរកស៊ី​ប្រចាំថ្ងៃ​របស់លោក​ស្រី ជា​អ្នកលក់​នំអន្សមជ្រូក អន្សមចេក និង​នំគម នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ​។​

​លោកស្រី សុ​ផា បាន​ឲ្យ​ដឹង​ទៀតថា លោកស្រី​លក់​ប្រហុក​បាន​តម្លៃ​ខ្ពស់ ដោយសារ​លោកស្រី​ធ្វើ​ប្រហុក​ស្អាត ដោយ​មិន​ដាក់​អំបិល​ច្រើន​នោះទេ​។​

​លោកស្រី​បាន​ថ្លែងប្រាប់ VOA ពេល​កំពុង​ប្រឡាក់ត្រី​ថា​៖

«​ចុះ​គេ​ដឹង គេ​ធ្លាប់​ទិញ​រាល់​ឆ្នាំ​អូន​! ឲ្យ​តែ​ខែ​ធ្វើ​ប្រហុក គេ​ទៅ​ទិញ​ហើយ​។ ទិញ​មួយ​ផ្ទះ មាន​៤០​ម៉ឺន​រៀល ៣០​ម៉ឺន​រៀល ព្រោះ​ខ្ញុំ​ធ្វើ​ស្អាត​»​។​

​លោកស្រី​បានបញ្ជាក់​បន្ថែមថា​៖

«​ប្រហុក​ដឹក​តាម​ថ្នល់​ហ្នឹង ដែល​គេ​ដាក់​ថ្នាំ គេ​លក់​៥០០០​ទៅ​៦០០០​រៀល ហើយ​សុទ្ធតែ​អំបិល​ហ្នឹង​! គេ​ដាក់​អំបិល​ឲ្យ​ច្រើន ហើយ​ខ្ញុំ​គ្មាន​អំបិល​ទេ​។ ហើយ​របស់ខ្ញុំ​ដូច​ថា គេ​ទៅ​ទិញ​អីចឹង បារ​ពី​ពាង​មក ថ្លឹង​ឲ្យ​គេ​តែម្តង អត់​មាន​អំបិល​ទេ​»​។​



​បើតាម​អ្នក​មក​ទិញ ត្រី​សម្រាប់ធ្វើ​ប្រហុក​មានតម្លៃ​ចន្លោះ​ពី​១៨០០​ទៅ​២២០០​រៀល​ក្នុង​មួយ​គីឡូក្រាម សម្រាប់​ត្រី​មិនទាន់​កាត់​ក្បាល​រួច​។ តែ​សម្រាប់​ត្រី​កាត់​ក្បាល​ហើយ មានតម្លៃ​រហូតដល់​៤០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​

​ជាធម្មតា អ្នកនេសាទ​ចាប់​ត្រី​ប្រហុក​ក្នុង​បឹង​ទន្លេសាប​នៅ​រដូវ​នេសាទ​រយៈពេល​បី​ខែ​ក្នុង​មួយឆ្នាំ ចាប់ពី​ខែធ្នូ​ដល់​ខែកុម្ភៈ​។ នៅ​រដូវ​ធ្វើ​ត្រី​ប្រហុក ប្រភេទ​ត្រី​រៀល ត្រី​លេញ ហើយ​និង​ត្រី​ផ្សេងៗ​ទៀត​រាប់ពាន់​ម៉ឺន​ក្បាល​ត្រូវបាន​នេសាទ​សម្រាប់ធ្វើ​ប្រហុក​។​

​ពលរដ្ឋ​ម្នាក់ទៀត​មកពី​ខេត្តស្វាយរៀង​ដែរ​គឺ​លោក សុខ ចាន់ អាយុ​៣០​ឆ្នាំ កំពុងតែ​ខ្ចប់​ត្រី​សម្រាប់ធ្វើ​ប្រហុក​ដាក់​ក្នុងកា​រ៉ុង ដើម្បី​ដឹកយក​ទៅ​ខេត្តស្វាយរៀង​។ លោក​បាន​ទិញ​ត្រី​សម្រាប់ធ្វើ​ប្រហុក​ចំនួន​៥០០​គីឡូក្រាម​។ លោក​មានប្រសាសន៍ថា លោក​បាន​ប្រកបមុខរបរ​នេះ​ជាមួយ​ឪពុក​របស់លោក​តាំងពី​ឆ្នាំ​២០០០ ហើយ​អាច​ទទួលបាន​ផលចំណេញ​តិចតួច​ពី​ការរកស៊ី​នេះ​ជា​រៀងរាល់ឆ្នាំ​។ លោក​លើកឡើងថា អ្នកភូមិ​មួយចំនួន​បាន​យក​ស្រូវ​មក​ដូរ​ជា​ប្រហុក​ផងដែរ​។​

​ប្រហុក​ជា​អាហារ​សំខាន់​មួយ​សម្រាប់​ប្រជាជន​ខ្មែរ​

​ប្រហុក​ជា​គ្រឿង​សំខាន់​សម្រាប់ធ្វើ​ម្ហូប​របស់​ប្រជាជន​ខ្មែរ ហើយ​ប្រជាកសិករ​ចាត់ទុក​ប្រហុក​ជា​ប្រភព​ប្រូតេអ៊ីន​ប្រចាំថ្ងៃ​។ ប្រជាជន​ដែល​រស់នៅ​តាម​ដង​ទន្លេ​តែងតែ​រកត្រី​ធ្វើ​ប្រហុក ជា​រៀងរាល់ឆ្នាំ​ដើម្បី​ទុក​ធ្វើ​ម្ហូប​ពេញ​មួយឆ្នាំ​។​

​នៅ​គីឡូម៉ែត្រ​លេខ​៩ ក្រោយពី​ឭ​ដំណឹង​ថា គេ​នឹង​ចាប់​ត្រី​សម្រាប់ធ្វើ​ប្រហុក លោក ណាំ ហួង អាយុ​៨០​ឆ្នាំ មកពី​បឹងទំពុន ក្នុង​រាជធានី​ភ្នំពេញ បានមក​ទិញ​ត្រី​នៅទីនេះ​។ បុរស​វ័យ​ចំណាស់​រូបនេះ​មានប្រសាសន៍ថា លោក​បាន​ទិញ​ត្រី​សម្រាប់ធ្វើ​ប្រហុក​ចំនួន​៥០​គីឡូក្រាម ក្នុងតម្លៃ​២០​ម៉ឺន​រៀល​។ លោក​មានប្រសាសន៍ថា ប្រហុក​នេះ លោក​នឹង​ប្រើ​ក្នុង​រយៈពេល​១​ឆ្នាំ សម្រាប់​២​គ្រួសារ ដែលមាន​សមាជិក​ទៅដល់​ជាង​១០​នាក់​។ លោក​បញ្ជាក់ថា លោក​មក​ទិញ​ប្រហុក​ក្នុង​មួយឆ្នាំ​ម្តង ដើម្បី​ទុក​ប្រើ​ពេញ​មួយឆ្នាំ​បន្ទាប់​។​

​លោក ណាំ ហួង ដែល​កំពុង​រវល់​លើក​ត្រី​ប្រហុក​ដាក់​លើ​រថយន្ត​របស់​លោក មានប្រសាសន៍ថា ប្រហុក​ជា​អាហារ​សំខាន់​មួយ​សម្រាប់​គ្រួសារ​របស់លោក គឺ​តាំងពី​ដូនតា​របស់លោក​មក​។​

​លោក​មានប្រសាសន៍ថា​៖

«​តាំងពីដើម​មក តាំងពី​ដូនតា​រហូតមក​។ ឪពុក​ខ្ញុំ​ក៏​ហូប ម្តាយ​ខ្ញុំ​ក៏​ហូប ជីដូន​ខ្ញុំ​ក៏​ហូប​ដែរ​។ ដល់​ខ្ញុំ​ទៀតហើយ​»​។​

​លោក​បន្តថា លោក​យក​ប្រហុក​នេះ​ទៅធ្វើ​ម្ហូប ដូចជា​ដាក់​ក្នុង​សម្ល ចិញ្ច្រាំ​ជាមួយ​ត្រីឆ្អើរ ឆា​ជាមួយ​ខ្លាញ់ ដាក់​អំពិល​ទុំ និង​ស្ករ​ជាដើម​។ លោក​យល់ថា ប្រហុក​ដែល​លោក​ធ្វើ​ខ្លួនឯង​មានគុណ​ភាពល្អ​ជាង​ប្រហុក​នៅលើ​ទីផ្សារ​។​

​លោក​បាន​បញ្ជាក់ថា​៖

«​ខ្លាច​ធ្វើ​មិន​ស្អាត ធ្វើ​ខ្លួនឯងបាន​ស្អាត​»​។​

​ចំណែក​ពលរដ្ឋ​ម្នាក់ទៀត មកពី​ព្រៃ​ស្ពឺ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​គឺ​លោក ខុន វុទ្ធី អាយុ​៣៣​ឆ្នាំ​ជា​អ្នកលក់​នំប៉័ង ក៏​បានមក​គីឡូម៉ែត្រ​លេខ​៩ ដើម្បី​ទិញ​ត្រី​សម្រាប់ធ្វើ​ប្រហុក​ចំនួន​៥០​គីឡូក្រាម​។ លោក​មានប្រសាសន៍ថា លោក​នឹង​ប្រើប្រាស់​ប្រហុក​នេះ ក្នុង​រយៈពេល​៣​ឆ្នាំ ដោយ​ប្រឡាក់​រាង​ប្រៃ​បន្តិច ដើម្បី​ទុក​បានយូរ​។ លោក​បញ្ជាក់ថា ប្រហុក​នេះ​គឺ​ប្រើ​សម្រាប់​ពីរ​គ្រួសារ គឺ​សម្រាប់​គ្រួសារ​ម្តាយក្មេក និង​គ្រួសារ​លោក​ផ្ទាល់ ដែលមាន​សមាជិក​៤​នាក់​។​

​លោក ខុន វុទ្ធី បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយខែ លោក​ប្រើ​ប្រហុក​នេះ​សម្រាប់​ដាំ​ស្ល និង​ចិញ្ច្រាំ​ប្រហុក ៤​ទៅ​៥​ដង​។​

​លោក​មានប្រសាសន៍ថា​

«​តាម​យើង​អត់​សូវ​ហូប ព្រោះ​អីយើ​ង​ហូប​តែ​ស្ល ឬ​ចិញ្ច្រាំ​ម្តងៗ​។ បើ​ហូប​ញឹក​ឆាប់​អស់​ទៅ​»​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា​៖

«​គិត​ទៅ​វា​មិន​លើស​គ្នា​ទេ គ្រាន់តែ​ថា នេះ​យើង​បានធ្វើ​ដៃ​ឯង​។ យើង​បានធ្វើ​ដៃ​ឯង វា​ល្អ​ហូប​។ យើង​អត់​មាន​ខ្លាច​ថ្នាំ ខ្លាច​អី​អីចឹង​»​។​

​ចំណែក​អ្នកស្រី ង៉ា​ត់ សុជា អាយុ​៣៨​ឆ្នាំ មកពី​តាខ្មៅ តែងតែ​មក​ទិញ​ត្រី​ប្រហុក​នៅ​គីឡូម៉ែត្រ​លេខ​៩ ជាង​២០​ឆ្នាំ​មកហើយ​។ អ្នកស្រី​បាន​ជិះទូក​ដល់​បែ​រកត្រី ហើយ​បាន​ទិញ​ត្រី​ចំនួន​១០០​គីឡូក្រាម សម្រាប់ធ្វើ​ប្រហុក និង​ទុក​ចំអិន​ធ្វើជា​ម្ហូប​សម្រាប់​សហគមន៍​កាតូលិក ដែលមាន​ប្រជាជន​ខ្មែរ​ចូលមក​ស្តាប់ធម៌​។​

​អ្នកស្រី​មានប្រសាសន៍ថា​៖

«​ខាង​សហគមន៍​របស់ខ្ញុំ​ត្រូវ​ការធ្វើ​ម្ហូបអាហារ​ឲ្យ​ចាស់ៗ​ញាំ ក្មេងៗ អីចឹង​។ ខ្ញុំ​ត្រូវការ ដើម្បី​ចំណេញ​ពេលវេលា​ផង ចំណេញ​លុយ​សម្រាប់​សន្សំសំចៃ​សម្រាប់​សហគមន៍​ផង​»​។​

​ត្រី​ធ្វើ​ប្រហុក​ល្អ​ជាង​ឆ្នាំមុន ទាំង​គុណភាព និង​បរិមាណ​

​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាសថា ការធ្វើ​អាជីវកម្ម​នេសាទ​ត្រី​សម្រាប់ធ្វើ​ប្រហុក​នៅតាម​ដង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​បានចាប់ផ្តើម​ពីថ្ងៃ​ទី​២២​ដល់​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៧ និង​ចាប់ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៦​ខែមករា ឆ្នាំ​២០១៨​។​

​លោកស្រី សេន ម៉ៃ​ស្មាស់ អាយុ​៥៩​ឆ្នាំ ដែលជា​ម្ចាស់​បែ​ត្រី​មួយកន្លែង​នៅ​គីឡូម៉ែត្រ​លេខ​៩ មានប្រសាសន៍ថា ត្រី​ក្នុងឆ្នាំនេះ​ល្អ​ជាង​ឆ្នាំមុន ដោយសារ​មានទឹក​ហូរ​។ ទោះជា​យ៉ាងណា លោកស្រី​បារម្ភ​ថា មាន​ភ្លៀង​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ការប្រមូល​ត្រី មិនសូវ​បានល្អ​។​

​លោកស្រី​មានប្រសាសន៍ថា​៖

«​ឆ្នាំនេះ​គ្រាន់​ជាង​ឆ្នាំមុន​»​។​

​ទោះជា​យ៉ាងណា លោកស្រី ម៉ៃ​ស្មាស់ ដែល​ប្រកបមុខរបរ​រកត្រី​នេះ​ជិត​៣០​ឆ្នាំ​មកហើយ មានប្រសាសន៍ថា នៅ​ឆ្នាំនេះ មិនសូវមាន​ប្រជាពលរដ្ឋ​មក​ទិញ​ដូច​ឆ្នាំមុន គឺ​បាត់បង់​អ្នកទិញ​ត្រី​ប្រហែល​៩០​ភាគរយ​។ លោកស្រី​បញ្ជាក់ថា នេះ​អាចមកពី​មូលហេតុ​ប្រហុក​ឆ្នាំនេះ​នៅសល់ ហើយ​ប្រជាពលរដ្ឋ​ខ្លះ​រវល់​ច្រូតស្រូវ​របស់​ពួកគេ​។​

​លោក រ៉េះ សា​ហ្វី អាយុ​៥១​ឆ្នាំ ជា​ម្ចាស់​ម៉ាស៊ីន​កាត់​ក្បាល​ត្រី និង​លាង​សម្អាត​ត្រី មានប្រសាសន៍ថា ប្រសិនបើ​មិនមាន​ភ្លៀង នោះ​ការនេសាទ​ត្រី​សម្រាប់ធ្វើ​ប្រហុក​នឹង​ទទួលបាន​ផល​ល្អ​ជាង​ឆ្នាំមុន​។​

​លោក​មានប្រសាសន៍ថា​៖

«​បើសិនជា​អត់​ភ្លៀង​ទេ ប្រហែលជា​ល្អ​ជាង​ឆ្នាំទៅ​។ ត្រី​ប្រហុក​វា​កើន​ច្រើនជាង តាម​យើង​វិភាគ​មើល​។ ហើយ​ត្រី​ប្រហុក​ក៏​កើន​ជាង​ឆ្នាំទៅ​ដែរ ត្រី​រៀល​សុទ្ធ​ហ្មង​។ ពី​ឆ្នាំទៅ ត្រី​រៀល​តូចៗ ត្រី​ស្លឹក​ឫស្សី អានេះ​ត្រី​រៀល​សុទ្ធ​ល្អ​ហ្មង​»​។​

​លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល មានប្រសាសន៍ថា ស្ថានភាព​ទឹក​នៅក្នុង​ឆ្នាំនេះ មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុន​គឺ​ខ្ពស់ជាង​ឆ្នាំមុន ប្រហែល​ជាង​កន្លះ​ម៉ែត្រ ហើយ​លោក​ថា នេះ​នាំ​ឲ្យ​ការនេសាទ​ត្រី​សម្រាប់ធ្វើ​ប្រហុក​មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុន​ទៅទៀត​។​

​លោក​បាន​ថ្លែងប្រាប់ VOA ថា​៖

«​ដោយសារ​ទឹក​វា​ឡើង​(​ជាង​មុន​) ហើយ​វា​នៅ​ហ្នឹង បាន​រហូតដល់​៥​ខែ អីចឹង​ត្រី​មាន​សភាព​ធំ​ជាង​មុន ហើយ​បរិមាណ ក៏​យើង​ចាប់បាន​ច្រើន​ដែរ​។ សភាព​ត្រី ដូច​ខ្ញុំ​បាន​ជម្រាបជូន​អីចឹង ត្រី​មាន​ទំហំ​ធំ​ជាង​មុន​»​។​

​លោក​បន្តថា ត្រី​ស្រែ​ឆ្នាំនេះ​បាន​កើនឡើង​ប្រហែល​១២០០០​តោន ហើយ​ត្រី​ចាប់បាន​នៅតាម​ឡូ​តិ៍​នេសាទ​នានា​ក៏បាន​កើន​ប្រហែល​ពី​៧​ទៅ​៨​ពាន់​តោន​ផងដែរ​។ ដូច្នេះ​ទិន្នផល​ត្រី​នៅ​ឆ្នាំនេះ​មានការ​កើនឡើង​ប្រហែល​១៩០០០​តោន​។​

​លោក អេង ជា​សាន បន្តថា ការបង្ក្រាប​បទល្មើស​នេសាទ​មាន​ច្រើន ដូច្នេះហើយ​ទើប​មាន​កំណើន​ត្រី​នៅ​ឆ្នាំនេះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com