ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រសជាតិប្លែក និងចេះផ្គាប់ចិត្តអ្នកទិញ ធ្វើឲ្យបុកល្ហុងបុរសខ្មែរកម្ពុជាក្រោម ទទួលការគាំទ្រខ្លាំង
× ភ្នំពេញ៖ ផ្អែម ជូរ ហឹរ គឺជារសជាតិបុកល្ហុង ដែលប្រជាពលរដ្ឋទូទៅនិយមចូលចិត្ត។ រសជាតិនេះ ក៏មាននៅក្នុងបុកល្ហុង របស់បុរសខ្មែរកម្ពុជាក្រោមម្នាក់ មានទីតាំងនៅចំណុចមុខក្រសួងបរិស្ថានចាស់ ដែលកំពុងទាក់ទាញចិត្តអតិថិជន ពីទីជិតទីឆ្ងាយ មកទិញដែរ។ ការទាក់ទាញចិត្តអតិថិជនបានច្រើនយ៉ាងនេះ ក៏ដោយសារភាពប៉ិនប្រសប់ ច្នៃរសជាតិបុកល្ហុងរបស់ខ្លួនឲ្យឆ្ញាញ់ប្លែកខុសពីអ្នកដទៃ និងផ្សំរសជាតិតម្រូវចិត្តរបស់អតិថិជន។
ដៃម្ខាងកាន់អង្រែ ដៃម្ខាងទៀតទាញល្ហុង និងគ្រឿងទេសដាក់ក្នុងត្បាល់ ហើយបុកបុកល្ហុងយ៉ាងញាប់ដៃ ដើម្បីឲ្យទាន់ការកម្ម៉ង់របស់អតិថិជន ដែលកំពុងអង្គុយរង់ចាំត្រៀមត្រាគ្រប់តុ តាមចិញ្ចើមផ្លូវនៅកែងផ្លូវផ្សារកាប់គោ ជាប់ក្រសួងបរិស្ថានចាស់។ លោក គឹម កែន ជាអ្នកលក់បុកល្ហុងនេះ ដែលស្ទើរគ្មានពេលសម្រាកសោះឡើយ ចាប់តាំងតែបើកលក់ពីម៉ោង៥ល្ងាច ដល់ម៉ោង៩យប់។
កន្លែងលក់របស់លោក មានមនុស្សចេញចូលឥតល្ហែ ទាល់តែលោកប្រាប់ថា អស់បុកល្ហុងហើយ។ នេះបើតាម លោក គឹម កែន ដែលមានវ័យ៣៨ឆ្នាំ។ មានមាឌមាំ សម្បុរស្រអែម និងញញឹមជាប់ជានិច្ច លោក គឹម កែន បានអះអាងថា រូបគាត់ជាជនជាតិខ្មែរកម្ពុជាក្រោម និងបានបើកលក់បុកល្ហុងតាំងពីឆ្នាំ២០១០មក។
រសជាតិបុកល្ហុករបស់បុរសខ្មែរកម្ពុជាក្រោមរូបនេះ មិនខុសពីបុកល្ហុងនៅកន្លែងផ្សេងប៉ុន្មានទេ ពោលគឺផ្អែម ជូរ ហឹរ គឺជារសជាតិទូទៅដែលអតិថិជននិយម ហើយរូបមន្តបុកល្ហុងរបស់គាត់ ក៏មិនមែននាំមកពីកម្ពុជាក្រោមនោះដែរ។ បើតាម លោក កែន ដែលប្រសប់កំប្លុកកំប្លែងផងនោះ នៅកម្ពុជាក្រោមមិនមានបុកល្ហុងទេ ហើយរូបមន្តបុកល្ហុងនេះ លោកបានរៀនពីមិត្តភក្តិជនជាតិ ខ្មែរនៅស្រុកខ្មែរនេះ និងបន្ថែម រសជាតិទៅតាមចំណូលចិត្តរបស់អតិថិជន។ ឯក្តាមប្រៃ និងកាពិ ដែលជាគ្រឿងផ្សំមិនអាចខ្វះបានសម្រាប់បុកល្ហុងនោះ លោក គឹម កែន អះអាងថា លោកធ្វើដោយខ្លួនឯង ដើម្បីឲ្យប្រាកដពីអនាម័យ និងរសជាតិ។ លោក គឹម កែន និយាយដូច្នេះ៖«ក្ដាមត្រាំ ដែលខ្ញុំយកមកបុកល្ហុងនេះ គឺខ្ញុំធ្វើខ្លួនឯង ហើយកាពិក៏ខ្ញុំយកទៅឆាគ្រឿងបន្ថែម ដើម្បីឲ្យមានរសជាតិ និងក្លិនឈ្ងុយ»។
លោក រ៉ាវី ដែលកំពុងតែញ៉ាំបុកល្ហុង របស់លោក គឹម កែន ជាមួយមិត្តភក្តិ២នាក់ទៀត បានឲ្យដឹងថា លោក ជាភ្ញៀវប្រចាំនៅទីនេះ។ «រាល់ពេលដែលខ្ញុំចង់ញ៉ាំបុកល្ហុង ខ្ញុំតែងតែមកទីនេះ។ បុកល្ហុងនេះ មានក្លិនឈ្ងុយជាងកន្លែងផ្សេងដែលខ្ញុំធ្លាប់ទៅ ហើយរសជាតិវិញ គឺកម្ម៉ង់ម៉េចបានអ៊ីចឹង»។ នេះជាការបញ្ជាក់របស់លោក រ៉ាវី អមដោយការថ្លែងសរសើរថា គាត់(លោក កែន)ពូកែដាក់រសជាតិតម្រូវចិត្តភ្ញៀវណាស់។
កញ្ញា ធីតា ក៏ជាអតិថិជនដ៏ស្មោះស្ម័គ្រម្នាក់ទៀតដែរ។ យុវតីវ័យប្រមាណ២០ឆ្នាំរូបនេះ សុខចិត្តជិះម៉ូតូពីផ្ទះនៅម្តុំព្រលានយន្តអន្តរជាតិភ្នំពេញ មកញ៉ាំបុកល្ហុងដែលត្រូវមាត់ ត្រូវចិត្ត ដល់ម្តុំវិមានឯករាជ្យនេះ។ កញ្ញា ធីតា បញ្ជក់ដូច្នេះ៖ «បុកល្ហុងនៅកន្លែងគាត់ឆ្ងាញ់ ហើយរសជាតិប្លែក ខ្ញុំញ៉ាំច្រើនកន្លែងហើយតែកន្លែងគាត់ហ្នឹង គឺខ្ញុំជាប់ចិត្តតែម្ដង»។
សេវាកម្មរហ័ស កំប្លុកកំប្លែង ផ្សំនឹងរសជាតិដែលតម្រូវតាមការចង់បានរបស់អតិថិជនជនដែលមានទាំងអ្នកជិះរថយន្តទំនើបៗផងនោះ បានធ្វើឲ្យបុកល្ហុងនៅក្បែរក្រសួងបរិស្ថានចាស់នេះ ទទួលបានការគាំទ្រ និងការសរសើរពីអតិថិជន។ នេះបើតាមលោក គឹម កែនដដែល ដោយលោកបានគូសបញ្ជាក់ទៀតថា របរនេះបានធ្វើឲ្យលោក និងក្រុមគ្រួសារ រួចចាកពីភាពក្រីក្រនៅកម្ពុជាក្រោម ហើយថែមទាំងអាចមានប្រាក់កាស ជួយគ្រួសារឲ្យមានផ្ទះរស់នៅសមរម្យនៅទីនោះផងដែរ៕
Tag:
បុកល្ហុង
ខ្មែរកម្ពុជាក្រោម
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com