ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក សុជារចនាម៉ូដមកុដខ្មែរ ពីសំបកឡាំង និងមាសសន្លឹកយ៉ាងប្រណិត តែបែរជាគេថាចម្លងពីថៃ
× ភ្នំពេញ៖ លោក អ៊ី សុជា គឺជាអ្នកគំនូរ និងរចនាម៉ូដមួយរូប ដែលបានច្នៃមកុដ ពីសំបកឡាំង និងបិទមាសសន្លឹកផង យ៉ាងស្អាតប្រណិត ប៉ុន្តែលោក ក៏ត្រូវរងការចោទប្រកាន់ដែរថា លោកបានចម្លងម៉ូដពីប្រទេសថៃ។ បើតាមការអះអាងពី លោក សុជា ម៉ូដមកុដ ដែលលោកច្នៃ គឺជារចនាបថខ្មែរសុទ្ធសាធ ដែលបានរៀនពីសារមន្ទីរជាតិ និងពីព្រះបរមរាជវាំង។ បុរសវ័យ ៣៧ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែងរូបនេះ ចង់ឲ្យរចនាម៉ូដមកុដខ្មែរ ឲ្យកាន់តែមានភាពប្រណិត និងសម្បូរបែប។
លោក អ៊ី សុជា គឺជាអ្នកច្នៃមកុដខ្មែរពីសំបកឡាំង ដែលរំលេចក្បាច់រចនាបថខ្មែរ និងបិទមាសសន្លឹក យ៉ាងស្អាតប្រណិតគួរគាប់ភ្នែក ដូចមាសពិតៗ ប៉ុន្តែបើតាមលោក សុជា ពលរដ្ឋខ្មែរមួយចំនួននៅមិនទាន់ទទួលយកបាន និងថែមទាំងបានចោទលោកចម្លងក្បាច់ពីថៃទៀតផង។ បើតាមបុរសអ្នកខេត្តព្រៃវែងរូបនេះ មូលហេតុដែលធ្វើឲ្យយល់ច្រឡំដូច្នេះ ព្រោះមកុដរបស់លោក មានភាពប្រណិតជាងមកុដដែលគេធ្លាប់ធ្វើ និងរំលេចក្បាច់ច្បាស់ៗចេញក្រៅ បិទមាសសន្លឹក (មាសសន្លឹកប្រភេទមេគីមីប្រើលើគ្រឿងសិល្បៈ) និងមានដាំត្បូងផង។
លោក អ៊ី សុជា បានអះអាងយ៉ាងច្បាស់ថា ក្បាច់មកុដ ដែលលោករចនា គឺជាក្បាច់ខ្មែរសុទ្ធសាធ ដែលលោកបានសិក្សាពីសារមន្ទីរជាតិ និងក្នុងព្រះបរមរាជវាំង។ មានសប្បុរស មាឌមាំ លោក សុខជា រៀបរាប់បណ្ដើរ ភ្នែករេទៅគ្រឿងមកុដដែលដាក់តាំងឱ្យភ្ញៀវទស្សនានៅលើតុបណ្ដើរថា៖«គេធ្លាប់តែឃើញមកុដពីមុនៗ មិនសូវរំលេចក្បាច់ផុសឡើង ហើយពណ៌មិនសូវភ្លឺ តែដល់ឃើញរបស់ខ្ញុំប្រណិតជាងគេអ៊ីចឹង គេក៏ថាខ្ញុំចម្លងពីថៃ តាមពិតជាក្បាច់របស់ខ្មែរពិតៗ។ ទទួលស្គាល់ថាមកុដថៃពិតជាស្អាតមែន តែខ្ញុំមិនចម្លងទេ ក្បាច់ខ្មែរច្រើនណាស់ យើងយកមកប្រើយ៉ាងណាក៏មិនអស់ ខ្ញុំបានទៅស្រាវជ្រាវពីសារមន្ទីរមក ហើយច្នៃតិចតួចតែមិនចាកទម្រង់ដើមទេ»។
មានសម្ដីមួយៗ ច្បាស់ៗ បុរសវ័យ៣៧ឆ្នាំរូបនេះ ឲ្យដឹងថា ក្នុងមួយឈុត (មកុដ សូរង ក្រវាត់ទ្រូង) ត្រូវចំណាយអស់ប្រមាណ១០០ដុល្លារ អាចលើស ឬក្រោមនេះ អាស្រ័យទៅតាមចំនួនគ្រឿង ហើយការធ្វើក៏ចំណាយពេលយូរ ឬឆាប់តាមក្បាច់ដែរ។ លោក សុជា បញ្ជាក់៖ «គ្រឿងខ្លះយើងធ្វើចំណាយអស់ប្រាក់ច្រើន ដោយសារតែគ្រឿងខ្លះក្នុងមួយឈុតមានច្រើន ហើយមាសសន្លឹកដែលយើងយកមកប្រើជាប្រភេទមាសល្អ វាមិនដូចគ្រឿងរយ ជួនអស់៥០ដុល្លារ ជួន១០០ដុល្លារ ជួនលើសនេះមិនទៀងទេ»។
ក្នុងមួយឈុត លោក អ៊ី សុជា លក់ក្នុងតម្លៃប្រមាណ៥០០ដុល្លារ ហើយអ្នកទិញជាសិល្បករក្នុងស្រុក និងលក់ទៅប្រទេសថៃ និងប្រទេសបារាំង ប៉ុន្តែលោក សុជាថា ការលក់មិនសូវបានច្រើនទេ ពីព្រោះមិនមានគេស្គាល់ច្រើន។ បុរសញញឹមស្រស់រូបនេះ ក៏បារម្ភដែរ នៅពេលមានជនជាតិថៃ រកទិញមកុដរបស់លោក ព្រោះលោកខ្លាច គេយកទៅច្នៃឱ្យចេញជាក្បាច់របស់គេ។ លោក អ៊ី សុជា បញ្ជាក់ពីកង្វល់របស់ខ្លួនដូច្នេះ៖ «ខ្ញុំធ្លាប់សួរថៃថា ហេតុអ្វីបានទិញរបស់ខ្ញុំទៅ ព្រោះប្រទេសអ្នកឯងសម្បូរបែបណាស់ គ្រឿងអស់ទាំងនេះ ហើយប្រណិតៗផង គេថានៅប្រទេសគេ មានតែបែបបទគេ គេចង់បានរចនាបទខ្មែរពិតៗ។ ដូច្នេះខ្ញុំក៏មិនសូវលក់ឱ្យគេទេ ខ្លាចគេយករបស់យើងទៅច្នៃឱ្យចេញជាដួងព្រលឹងគេ»។
អ្នកដែលជំនាញផ្នែកគំនូរ និងច្នៃម៉ូដ រូបនេះ ក៏បង្ហើបដែរថា ចំណូលពីការរចនាមកុដនេះ មិនបានច្រើនឡើយ គឺអាស្រ័យតាមការបញ្ជាទិញពីភ្ញៀវ។ ក្នុងមួយខែ លោក អាចរកបានប្រមាណ២០០ដុល្លារជាមធ្យម។ ក្រៅពីធ្វើមកុដ លោក អ៊ី សុខជា ជាអ្នកតុបតែងផ្ទះក្នុងពិធីបុណ្យ និងមង្គលការ និងច្នៃម៉ូដសម្ភារចាស់ៗ ឬពីសំរាម ឬរបស់ពីធម្មជាតិ ធ្វើជាវត្ថុសិល្បៈ។ លោកក៏មានបង្រៀនពីវិធីធ្វើមកុដដែរ ហើយសម្រាប់អ្នកដែលគ្មានប្រាក់បង់ថ្លៃសិក្សា លោកនឹងបង្រៀនមិនគិតថ្លៃ គ្រាន់តែត្រូវ ជួយធ្វើមកុដលោកខ្លះៗ នៅពេលពួកគេទំនេរ។ សម្រាប់បុរសដែលមានជំនាញផ្នែកគំនូរ និងរចនា រូបនេះ ចង់ធ្វើឲ្យម៉ូដមកុដខ្មែរ កាន់តែមានភាពសម្បូរបែប និងកាន់តែប្រណិត៕
Tag:
អ៊ី សុជា
មកុដ
ច្នៃ
រចនាបថ
© រក្សាសិទ្ធិដោយ thmeythmey.com