បទយកការណ៍ / បទសម្ភាសន៍
កញ្ញា ឌីណា និពន្ធប្រលោមលោកដើម្បីលើកស្ទួយការអាន
× ភ្នំពេញ៖ ទោះជាការនិពន្ធប្រលោមលោក មិនសូវរកចំណូលបានក្ដី វាមិនមែនជាបញ្ហាដែលធ្វើឲ្យ កញ្ញា គឹម ឌីណា បោះបង់ការនិពន្ធប្រលោមលោកនោះឡើយ។ ផ្ទុយទៅវិញ អ្នកនិពន្ធវ័យ២៦ឆ្នាំរូបនេះ អះអាងថា វាជាកិច្ចការចម្បងដែលនាងត្រូវធ្វើ ដើម្បីលើកស្ទួយការអានឡើងវិញ។ សម្រាប់ កញ្ញា គឹម ឌីណា ការអាន ជួយឲ្យមានបញ្ញា និងងាយចម្រើនក្នុងការប្រកបការងារ។
លើកស្ទួយការអាន ជាកិច្ចការចម្បងដែលអ្នកនិពន្ធវ័យក្មេង កញ្ញា គឹម ឌីណា ប្តេជ្ញាធ្វើ។ បើទោះដឹងថា ការនិពន្ធប្រលោមលោក ជាអាជីពមួយរកប្រាក់ចំណូលបានមិនច្រើនក៏ដោយ កញ្ញា នៅតែអះអាងខ្លួននៅតែស្រលាញ់ការងារនេះ។ ម្ចាស់ស្នាដៃប្រលោមលោកចំណងជើងថា«ប្រពន្ធខ្ញុំអាយុ១៨ឆ្នាំ» ដែលទើបបោះពុម្ពនៅចុងឆ្នាំ២០១៧កន្លងទៅ មានជំនឿថាអត្ថបទប្រលោមលោកដែលល្អ និងមានខ្លឹមសារ នឹងអាចជួយឲ្យយុវវ័យងាកមកចាប់អារម្មណ៍ការអានវិញ។
ស្នាមញញឹមជាប់នៅលើផ្ទៃមុខ បានរលុបភ្លាម នៅពេលរំឮកពីរឿងក្រុមគ្រួសារខ្លួនមិនសូវពេញចិត្តឲ្យនាងធ្វើការងារតែងនិពន្ធនេះ។ កញ្ញា ឌីណា បញ្ជាក់ក្នុងសម្តីញាប់ៗថា៖«បើនិយាយពីគ្រួសារ និងសង្គមគាត់មិនសូវឲ្យតម្លៃ ព្រោះវារកប្រាក់បានតិច»។
ដោយបានដឹងថា ការនិពន្ធប្រលោមលោករកចំណូលមិនសូវបាន ដូច្នេះឌីណា ក៏ឆ្លៀតនិពន្ធអត្ថបទកុនដែរ ដើម្បីបានចំណូលបន្ថែម។ ទន្ទឹមនឹងនេះ នាងបានប្ដេជ្ញាថា ពីឆ្នាំ២០១៨តទៅ ខ្លួននឹងបោះពុម្ពសៀវភៅប្រលោមលោក ដែលមានគុណភាព ផ្តល់ចំណេះដល់អ្នកអាន ឲ្យបាន១ក្បាលក្នុងមួយឆ្នាំ។ សម្រាប់ឆ្នាំ២០១៨នេះ កញ្ញា ឌីណា នឹងសរសេរប្រលោមលោកពីការប្រឡងបវរកញ្ញាប្រលោមលោក ខណៈដែលនាងក៏មានស្នាដៃប្រលោមលោកជាច្រើនទាំងខ្នាតខ្លី និងខ្នាតវែងជាង៣០ស្នាដៃ ដែលស្នាដៃ ខ្លះបានបោះពុម្ពជាសៀវភៅ និងនៅក្នុងប្លុក និងមួយចំនួនទៀតមិនទាន់បោះពុម្ព ។ តាមកញ្ញា គឹម ឌីណា ស្នាដៃប្រលោមលោកទាំងនោះ ភាគច្រើននិយាយពីការលើកទឹកចិត្តស្ត្រី បញ្ហាគ្រួសារ និងស្នេហា។
កញ្ញា គឹម ឌីណា មានគោលដៅឥតងាករេ ក្នុងការជំរុញការអាន ដោយបានបញ្ជាក់ថា ទោះជានាងធ្វើការអ្វីក៏ដោយនៅថ្ងៃអនាគត ក៏នាងនៅតែចូលរួមលើកស្ទួយការអាន និងចូលរួមលើកទឹកចិត្តការអានដែរ។ អ្នកនិពន្ធវ័យក្មេងរូបនេះ ក៏ស្នើដល់អ្នកអាន កុំវាយតម្លៃជារួមថាស្នាដៃនិពន្ធទាំងអស់មិនល្អ ពីព្រោះការសន្និដ្ឋានដូច្នេះ មិនបានជួយអ្វីដល់វិស័យតែងនិពន្ធ និងលើកការអាននោះទេ មានតែធ្វើយឺត ឬបំបាក់ទឹកចិត្តអ្នកនិពន្ធទៅវិញ។ កញ្ញា ពន្យល់បន្ថែមដូច្នេះ៖« សូមកុំប្រញាប់វាយតម្លៃស្នាដៃទាំងអស់ថាមិនល្អ ហើយបោះបង់ការអាន ពេលដែលអានជួបស្នាដៃណាដែលមិនសូវល្អ។ សូមគិតថា បើអ្នកនិពន្ធម្នាក់នោះនៅមានកម្រិត នៅមានអ្នកនិពន្ធច្រើនរូបផ្សេងទៀតដែលនិពន្ធល្អ»៕
Tag:
គឹម ឌីណា
និពន្ធ
ការអាន
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com