កីឡាអន្តរជាតិ
អន្តរជាតិ
Nottingham តែងតាំង​គ្រូ​ថ្មី​ដោយ​ដាក់​គោលដៅ​ឡើង Premier League
10, Jan 2018 , 8:59 am        
រូបភាព
​ក្លិប Nottingham Forest បានសម្រេច​តែងតាំង​លោក Aitor Karanka ជា​អ្នកចាត់ការ​ទូទៅ​ថ្មី ដោយ​ដាក់​គោលដៅ​នាំ​ក្រុម​ឡើងទៅ​ក្របខណ្ឌ Premier League រដូវ​កាល​ក្រោយ​។ ការប្រកាស​នេះ គឺ​នៅក្រោយ​ពេលដែល​ក្រុម​ស្ថិតនៅ​ក្របខណ្ឌ Championship មួយ​នេះ បាន​ផ្តួល​ក្រុម​កាំភ្លើង​ធំ Arsenal នៃ​ការប្រកួត​ពានរង្វាន់ FA Cup ជុំ​ទី​៣ កាលពី​ថ្ងៃទី ៧ ខែ មករា​។​



​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​៤៤​ឆ្នាំ និង​ជា​អតីត​ជំនួយការ​របស់លោក Jose Mourinho កាលពី​នៅ​ដឹកនាំ Real Madrid រូបនេះ ត្រូវ​ជំនួស​តំណែង​លោក Mark Warburton ដោយ​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល ២​ឆ្នាំកន្លះ​នៅលើ​ទឹកដី City Ground​។​

​ប្រធាន​ក្លិប Nottingham Forest លោក Nicholas Randall ជឿជាក់ថា Karanka គឺជា​បេក្ខភាព​ដែល​អាច​នាំ​ក្រុម​អតីត​ម្ចាស់​ជើងឯក Champion league ២​សម័យ ឡើងទៅ​លេង​នៅ​ក្របខណ្ឌ​កំពូល​អង់គ្លេស​វិញ​នា​រដូវ​កាល​ក្រោយ​។​

«​យើង​រីករាយ​ណាស់​ដែល​បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ Aitor Karanka ដើម្បី​ក្លាយជា​អ្នកចាត់ការ Nottingham Forest​។ គាត់​ជា​បេក្ខជន​ពិសេស​ម្នាក់​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ស្របតាម​ការចង់បាន​របស់​ម្ចាស់​ក្លិប និង​ក្រុមប្រឹក្សាភិបាល​សម្រាប់​អា​នាគ​តរបស់​ក្លិប​»​។ នេះ​ជាការ​លើកឡើង​របស់ Randall ហើយ​លោក​បន្ថែមថា​៖«​គោលបំណង​របស់​យើង​គឺ​ច្បាស់លាស់​។  យើង​ចង់​បន្ត​កសាង​ក្លិប​បាល់ទាត់​ដ៏​អស្ចារ្យ​នេះ​ទៅកាន់​អនាគត​ដឺ​ភ្លឺស្វាង​។ អ្នកគាំទ្រ​ដ៏​អស្ចារ្យ​របស់​ក្លិប​នេះ​សម​នឹង​ទទួលបាន​ភាពជោគជ័យ​និង​ការវិលត្រឡប់​ទៅកាន់​ក្របខណ្ឌ Premier League វិញ​។ យើងទាំងអស់គ្នា​កំពុងធ្វើការ​យ៉ាង​លំបាក​នៅលើ​ទីលាន​ដើម្បី​សម្រេចបាន​នូវ​លទ្ធផល​នេះ​។ យើង​ជឿជាក់ថា Karank សម្រេច​គោលដៅ​របស់​យើង​បាន​»​។​

 Karanka ធ្លាប់​ជោគជ័យ​ជាមួយ Middlesbrough ដោយ​អាច​នាំ​ក្រុម​ឡើងទៅ Premier League នៅ​រដូវ​កាល ២០១៦-២០១៧ ប៉ុន្តែ​ត្រូវ​បញ្ចប់​តំណែង​កាលពី​ខែមីនា​ដោយសារ​ដឹកនាំ​មិនបាន​ល្អ ហើយ​ត្រូវ​ធ្លាក់​ទៅកាន់​លី​ក​លំដាប់​ទី​២​វិញ​៕


Tag:
 បាល់ទាត់​
  Nottingham Forest
  Aitor Karanka
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com