ជាតិ
គម្រោងផ្លូវជាតិលេខ៥ ត្រូវចំណាយជាង ២៤៦លានដុល្លារ និងប្រើពេល៤ឆ្នាំ រូបភាពពីហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន
× ផ្លូវជាតិលេខ៥ ដែលមានប្រវែង ១៣៥.២៥គីឡូម៉ែត្រ គ្រោងចំណាយទឹកប្រាក់សាងសង់ប្រមាណ ២៤៦,៣៥លាន ដុល្លារ។ គម្រោងផ្លូវនេះ ជាប្រភេទផ្លូវ DBST ដែលត្រូវការពេលវេលា៤ឆ្នាំ ដើម្បីសាងសង់ឲ្យរួចរាល់។ ការសាងសង់ផ្លូវនេះ គឺស្ថិតនៅក្រោមការត្រួតពិនិត្យបទដ្ឋានបច្ចេកទេសពីក្រុមហ៊ុន Katahira & Engineers International (KEI) និងគម្រោងឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា(JICA)។
គម្រោងផ្លូវជាតិលេខ៥ ជាចំណែកមួយនៃផ្លូវអាស៊ានលេខ១ ដែលតភ្ជាប់ពីមីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម ដែលជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម ពិសេសវាជាសរសៃឈាមដ៏ធំមួយ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានការអភិវឌ្ឍថែមទៀត។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន។
ទីភ្នាក់ងារសារព័ត៌មានជាតិ(AKP) បានស្រង់សម្តីរបស់លោក វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ចូន ទៅចុះផ្សាយថា ការសាងសង់ផ្លូវជាតិលេខ៥ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២១។ ទីភ្នាក់ងារសារព័ត៌មានជាតិ បានចុះផ្សាយសម្តីរបស់លោក វ៉ា ស៊ឹមសូរិយា ទៀតថា ផ្លូវជាតិលេខ៥ ជាផ្លូវដែលស្ថិតនៅក្នុងផ្លូវអាស៊ាន និងជាផ្លូវគោលស្ថិតនៅក្នុងមហាអនុតំបន់ទន្លេមេគង្គដែលផ្ដល់នូវសារសំខាន់ ដោយផ្ដោតទៅលើសកម្មភាពដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការដឹកជញ្ជូនផលិតផល កសិផលផ្សេងៗ ដើម្បីតភ្ជាប់ទៅកាន់ប្រទេស ក្នុងតំបន់ និងពិភពលោក។
នៅព្រឹកថ្ងៃទី ១០ ខែមករា នេះ ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម)។ ក្រោយបញ្ចប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បានប្រាប់ក្រុមអ្នកកាសែតពីគម្រោងសាងសង់សំខាន់ៗមួយចំនួនទៀត ដូចជា គម្រោងសាងសង់ផ្លូវជាតិលេខ១១ ពីអ្នកលឿងដល់ផ្លូវជាតិលេខ៧ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ ពី២គន្លងទៅ៤គន្លង មានចម្ងាយ៧០គីឡូម៉ែត្រ និងគម្រោងផ្លូវខ្សែក្រវាត់ក្រុងទី៣ ដែលបានចុះកិច្ចព្រមព្រៀងរួចហើយ ហើយនិងគម្រោងសាងសង់ស្ពាននៅស្ទឹងត្រង់ឆ្លងទន្លេមេគង្គ។
រដ្ឋមន្ដ្រីក្រសួងសាធារណការរូបនេះ បន្តថា ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិ គោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងមិនត្រូវដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ធ្វើឲ្យខូចផ្លូវ ហើយខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ឡើយ៕
Tag:
ស៊ុន ចាន់ថុល
ផ្លូវជាតិលេខ៥
© រក្សាសិទ្ធិដោយ thmeythmey.com