ជាតិ
កម្ពុជា​-​ចិន ព្រមព្រៀងគ្នា​លើ​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប «​តេ​ជោ​១»
11, Jan 2018 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​-​ចិន បាន​ព្រមព្រៀង​បាញ់​បង្ហោះ​ផ្កាយរណប​ជា​លើកដំបូង ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​១៥០​លាន​ដុល្លារ​អាមេរិក​។ ការព្រមព្រៀង​គ្នា​នេះ ធ្វើឡើង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ រវាង​លោក គិត ម៉េង នាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​លោក យីន លី​ម៉េង ប្រធាន​សាជីវកម្ម​ឧស្សាហកម្ម​មហាកំពែង​ចិន (China Great Wall Industry Corporation)​។​



​ផ្កាយរណប ដែល​គ្រោង​បាញ់​បង្ហោះ​នោះ មានឈ្មោះ Techo 1 ក្នុង​គោលបំណង​សន្តិសុខ សុ​វត្តិភាព​ព័ត៌មាន និង​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​លើ​វិស័យ​ផ្សេងៗ​ទៀត ។ ក្រោយ​ចុះហត្ថលេខា​ព្រមព្រៀង​លើ​គម្រោង​ផ្កាយរណប​នេះ កម្ពុជា​ត្រូវការ​រយៈពេល​៣​ឆ្នាំ​បន្ថែម ដើម្បី​សិក្សា​ឲ្យ​បាន​លម្អិត​លើ​ការបាញ់​បង្ហោះ​នេះ ដែល​អាច​អនុវត្តបាន ក្នុងអំឡុង​ឆ្នាំ​២០២១ ឬ ២០២២​ខាងមុខ ។ ការបាញ់​បង្ហោះ​ផ្កាយរណប​នេះ ក្រុមហ៊ុន Royal Blue Sky Satellite ដែលជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប គ្រោង​ចំណាយ​ទឹកប្រាក់ ១៥០​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) លោក អ៊ឹម វុត្ថា ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក​។​

​គម្រោង​បាញ់​ផ្កាយរណប​នេះ គឺជា​គម្រោង​មួយ​ស្ថិតនៅក្នុង​ចំណោម​កិច្ច​ព្រៀម​ព្រៀង​ទាំង​១៩​ទៀត ដែល​បាន​ចុះហត្ថលេខា​ដោយ រួមគ្នា​រវាង​វិស័យ​រដ្ឋ​និង​រដ្ឋ​, រវាង​វិស័យ​រដ្ឋ និង​ឯកជន ព្រមទាំង​រវាង​វិស័យ​ឯកជន និង​ឯកជន ក្រោម​អធិបតីភាព សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  និង​លោក លី ខឹ​ឈាំ​ង នាយករដ្ឋមន្ដ្រី​ចិន នៅ​វិមាន​សន្ដិភាព នៅ​ថ្ងៃទី​១១ មករា​នេះ​៕


Tag:
 ផ្កាយរណប​
 ​ គិត ម៉េង
© រក្សាសិទ្ធិដោយ thmeythmey.com