ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
បទយកការណ៍ / បទសម្ភាសន៍
លោក ម៉ាច ដែលពិការជើងម្ខាងថាខ្លួនសុខចិត្តរើសអេតចាយ មិនសុំទានគេឡើយ
14, Jan 2018 ,
9:19 pm
រូបភាព
×
ដោយ:
ប៉ូ សាគុន
ភ្នំពេញ៖ លោក សុខ ម៉ាច ជាអ្នករើសអេតចាយម្នាក់ ដែលមានជើងខូចម្ខាង ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ទោះការរើសអេតចាយ មានការលំបាកច្រើនសម្រាប់លោក ម៉ាច ប៉ុន្តែលោក បានតាំងចិត្តថាសុខចិត្តរើសអេតចាយនេះបន្តទៀត មិនត្រឡប់ទៅសុំទានគេវិញឡើយ ព្រោះមិនចង់ឱ្យគេមើលងាយ។
លោក សុខ ម៉ាច ជាបុរសម្នាក់ដែលមានដំណើរខ្ពស់ទាប ដោយសារលោក បានខូចជើងម្ខាងរបស់ខ្លួនបានខូច បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៣ គ្រាដែលលោកមានរបរជាអ្នករត់ម៉ូតូឌុប។ គ្រោះថ្នាក់នេះ កើតឡើងដោយសារលោក សុខ ម៉ាច ស្រវឹង ហើយបើកបរក្នុងល្បឿនលឿន។ សព្វថ្ងៃ បុរសសម្បុរស្រអែមរូបរាងស្គមខ្ពស់រូបនេះ ជាអ្នករើសអេតចាយ នៅតាមដងផ្លូវនានា ក្នុងក្រុងភ្នំពេញ។
ជាកូនទី៦ ក្នុងចំណោមបងប្អូន៨នាក់ លោក សុខ ម៉ាច បានដំណាលពីប្រវត្តិមុនពេលលោកប្រកបរបរនេះថា លោកបានមកភ្នំពេញតាមម្ដាយ តាំងតែពីលោកមានអាយុប្រមាណ៩ឆ្នាំ ហើយកាលណោះ ឪពុករបស់លោក ធ្វើជាកម្មករលីសែងនៅភ្នំពេញដែរ។ កុមារា ម៉ាច ក៏បានផ្ដើមជីវិតជាអ្នកបោសឡានតាមដងផ្លូវនៅគ្រានោះដែរ។ មកតាមម្តាយ ប៉ុន្តែលោក ម៉ាច អះអាងថា ម្ដាយលោកមិនសូវគិតគូរពីកុមារភាពរបស់លោកឡើយ រហូតដល់លោកក្លាយជាក្មេងញៀនថ្នាំ(ហិតកាវ)។ ស្ថិតក្នុងសភាពបែបនេះ លោក ត្រូវម្តាយនាំទៅស្រុកកំណើតវិញ ក្នុងអាយុប្រមាណ១៣ឆ្នាំ ដើម្បីបន្សាបសារធាតុញៀន។
ក្រោយមក លោកក៏ត្រឡប់មកភ្នំពេញជាថ្មី ដោយប្រកបរបរជាអ្នកលក់ចាប និងស៊ីឈ្នួលបណ្ដែតអដិ្ឋធាតុ នៅទន្លេចតុម្មុខ មុខព្រះបរមរាជវាំង។ «របរនេះ ត្រូវហែលទៅបណ្ដែតជិតកណ្ដាលទន្លេ ដោយម្ដងបានប្រាក់ប្រមាណ១០ម៉ឺនរៀល ចែកគ្នា២ ទៅ៣នាក់»។ នេះបើតាមការរៀបរាប់របស់លោក សុខ ម៉ាច ដែលបានបន្តថា ពីឆ្នាំក្នុងនាមជាអ្នកលក់ចាប និងអ្នកបណ្តែតអដិ្ឋធាតុ លោកអាចសន្សំប្រាក់ទិញម៉ូតូបានមួយគ្រឿង ដើម្បីរត់ឌុបនៅខេត្តកំពង់ចាមវិញម្តង។ លោក ម៉ាច ប្រាប់ពីមូលហេតុប្តូរមករត់ឌុបវិញដូច្នេះ៖«ខ្ញុំឈប់លក់ចាបដោយរបរនេះបាបណាស់ ពេលយប់ៗខ្ញុំយកជ័រស្អិតទៅរុកតាមដើមឈើរកន្លែងដែលចាបដេក នៅខាងមុខវាំង ជាប់មក ខ្លះស្អិតពេកជាប់សាច់វា វេទនាណាស់ខ្ញុំក៏ឈប់ទៅ ខ្ញុំសន្សំលុយបាន ម៉ែក៏ទិញម៉ូតូមួយបានឱ្យខ្ញុំរត់ឌុប»។
រត់ម៉ូតូឌុប បានជិត១ឆ្នាំ លោក ម៉ាច ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារលោកស្រវឹង និងបើកលឿនពេក។ ក្រោយគ្រោះថ្នាក់ លោកក៏ទៅស្រុកបានប្រមាណកន្លះឆ្នាំ ហើយក៏ត្រឡប់មកភ្នំពេញវិញ និងបានធ្វើជាអ្នកសុំទាន។ លោក ម៉ាច អះអាងថា លោកសុំទានគេប្រមាណ២ឆ្នាំ ហើយលោកក៏ឈប់វិញបន្ទាប់ពីលោក អាចដើរបាន ទោះមិនដូចពីមុនក៏ដោយ។ ម្យ៉ាង បុរសពោះម៉ាយកូនមួយរូបនេះ ថាខ្លួនខ្មាសគេ ទើបប្តូរមករើសអេតចាយវិញ។
យ៉ាងណាក៏ដោយ បុរសរូបនេះរើសអេតចាយតែពេលយប់ប៉ុណ្ណោះ ដោយសារលោកមានចេតនាគេចពីមនុស្សម្នាច្រើន ដែលតែងមើលដំណើរខ្ពស់ទាបរបស់ខ្លួននោះ ហើយក៏អាចមានរបស់របរអេតចាយច្រើនផងដែរ។ លោក ម៉ាច រៀបរាប់ដូច្នេះ៖ «ខ្ញុំរើសតែយប់ៗទេ ពីម៉ោង៦ល្ងាចទៅរហូតដល់ម៉ោង ៣ភ្លឺអី ព្រោះពេលនេះត្រជាក់ ហើយមានអេតចាយច្រើន។ បើរើសពេលថ្ងៃរើសមិនបានទេ មួយកំណាត់ថ្ងៃបានតែ១០កំប៉ុងអីហ្នឹង ក្តៅផង ហើយខ្មាសគេណាស់ ដើរពេលថ្ងៃទៅតាមផ្សារ គេមើលគ្រប់គ្នា»។
បុរសវ័យ៣៦ឆ្នាំរូបនេះ អាចរកប្រាក់ពីរបររើសអេតចាយបានប្រមាណ ២ទៅ៣ ម៉ឺនរៀលក្នុងមួយថ្ងៃ និងអាចទៅម្ដាយបានប្រមាណ១០ ទៅ១៥ម៉ឺនរៀល ក្នុងមួយខែ និងត្រូវសម្រាន្តនៅជិតរបងពេទ្យ ឬពេលខ្លះនៅជិតប៉ុស្តិ៍ប៉ូលិស ដើម្បីគេចពីក្មេងស្ទាវ ដែលតែងវាយយកយកអេតចាយដែលមានតម្លៃដូចជាឆ្នាំងសាកទូរស័ព្ទចាស់ៗ សំណខ្សែភ្លើងជាដើម។ ប្រាក់ដែលរកបានពីលក់អេតចាយ បើទុកមិនប្រយ័ត្ននោះ ច្បាស់ជាគេវះហោប៉ៅយកអស់ពេលកំពុងសម្រាន្តមិនខាន។ ហើយបើទោះជាលោកចូលងូតទឹក នៅបន្ទប់ទឹកក្នុងមន្ទីរពេទ្យរបេង ជាទីក្បែរកន្លែងលោកសម្រាន្ត ក៏ត្រូវយករទេះអេតចាយទៅជាមួយដែរ និងចាក់សោរផង ព្រោះខ្លាចគេលួច។ លោក ម៉ាច បញ្ជាក់៖ «ខ្ញុំដើររើសហ្នឹង ជួនកាលគេឃើញខ្ញុំអីចឹង គេហៅខ្ញុំឱ្យទៅរើសកំប៉ុងដែលគេផឹករួច អ្នកខ្លះគេឱ្យបាយ នំ លុយ ភួយ ខោអាវ ពេលខ្លះឲ្យលុយ។ ខ្ញុំខំសន្សំទុក តែបើទុកមិនស្រួលវាវះយកអស់ អ៊ីចឹងបានពេលដេកខ្ញុំលាក់បំពង់ទីបទុកការពារខ្លួន»។
ថ្វីដ្បិតតែរបររើសអេតចាយនេះ ហាក់ដូចជាមិនសមប្រកប និងហាក់ប្រឈមច្រើន ប៉ុន្តែលោក សុខ ម៉ាច មិនចង់បោះបង់របរនេះឡើយ ព្រោះលោកមិនដឹងធ្វើការអ្វី។ ម្យ៉ាង លោកក៏តែងមានអ្នកដំណើរ និងអ្នកមានចិត្តសប្បុរសដទៃទៀត ផ្តល់នំចំណី ឬប្រាក់កាសខ្លះ គួបផ្សំនឹងប្រាក់បានពីការរើសអេតចាយផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សុខ ម៉ាច
អេតចាយ
សុំទាន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម