អន្តរជាតិ
ដោយសារ​បទល្មើស​តិច ម្ចាស់ជំនួញ​ជាច្រើន​នៅ​សិង្ហ​បុរី​មិន​ទាំង​ខ្ចី​ចាក់សោរហាង​
17, Jan 2018 , 9:19 am        
រូបភាព
រូបភាព៖ TripZilla
រូបភាព៖ TripZilla
ដោយ: ថ្មីៗ
​សិង្ហ​បុរី​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែលមាន​សុវត្ថិភាព​បំផុត ហើយ​វា​អំណោយផល​ល្អ​ដល់​ជំនួញ​នានា​នៅក្នុង​ស្រុក​ផង​។ ព្រោះ​បទល្មើស​មាន​តិចតួចៗ ហាង​ជាច្រើន​នៅ​សិង្ហ​បុរី​មិន​ខ្វាយខ្វល់​ច្រើន​រឿង​ចោរលួច​ឡើយ ហើយ​ហាង​មួយចំនួន​ក៏​មិនចាំបាច់​ដាក់​បង្អួច ឬ​ចាក់សោរ​ឡើយ​។​



​បុរី​រដ្ឋ​សិង្ហ​បុរី​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែលមាន​សន្តិសុខ និង​សុវត្ថិភាព​ជាងគេ​លំដាប់​ទី​ពីរ​បន្ទាប់ពី​ក្រុង​តូ​ក្យូ​។ នេះ​បើតាម​ស​ន្ទ​ស្សន៍​ទីក្រុង​ដែលមាន​សុវត្ថិភាព​ឆ្នាំ ២០១៧ ដែល​ចងក្រង​ឡើង​ដោយ​ស្ថាប័ន Economist Intelligence Unit​។ សុវត្ថិភាព​ខ្ពស់​នេះ​ធ្វើ​ឲ្យ​ម្ចាស់​ជំនួញ​ជាច្រើន​លែង​បារម្ភ​ពី​សុវត្ថិភាព​ទំនិញ​របស់ខ្លួន​ទៀត​។​

​យោងតាម​សារព័ត៌មាន CNBC ប៉ូលិស​សិង្ហ​បុរី​បាន​បញ្ជាក់ថា បទល្មើស​លួច ឆក់ គាស់​ផ្ទះ និង​ប្លន់​នៅក្នុង​ប្រទេស​សិង្ហ​បុរី​មាន​ទាប​បំផុត ហើយ​នៅ​ឆ្នាំ ២០១៦ វា​មិនមាន​បទល្មើស​កើតឡើង​សោះ​ក្នុង​រយៈពេល​១៣៥​ថ្ងៃ​។

​កន្លងមក ម្ចាស់​ហាង​លក់ដូរ​ជាច្រើន​នៅក្នុង​ក្រុង​មិន​បារម្ភ​ពី​ការចូល​លួច ឬ​គាស់​របស់របរ​នៅក្នុង​ហាង​ឡើង​នៅពេល​គេ​បិទ​ហាង​នៅពេល​យប់​។ ដូច្នេះហើយ​គេ​សង្កេតឃើញ​ហាង​នានា​នៅក្នុង​ជាន់​ក្រោម​នៅតាម​ទីប្រជុំជន មិនមាន​បង្អួច និង​មិន​ចាក់សោរ ឬ​ខ្លះ​មិនមាន​ទ្វារ​ឡើយ​។​

​យ៉ាងណាក៏ដោយ បទល្មើស​មាន​តិច​បំផុត​នេះ ក៏​ដោយសារ​ហេតុផល​សំខាន់​មួយចំនួន​ដែរ​ក្នុងនោះ​មានការ​អប់រំ​ខ្ពស់ ការ​មាន​វិន័យ​ខ្ពស់​ត្រឹមត្រូវ របស់​ប្រជាជន​ទូទៅ និង ការអនុវត្ត​ច្បាប់​តឹងរ៉ឹង​ផង​។  ដូច​ឃើញស្រាប់​ហើយ កាលពី​ឆ្នាំមុន ប៉ូលិស​សិង្ហ​បុរី​បានសម្រេច​បំពាក់​កាមេរ៉ា​ពិសេស​រាប់ម៉ឺន​ដើម្បី​ទប់ស្កាត់​បទល្មើស​។ ក្នុង​ឆ្នាំ ២០១២ ប៉ូលិស​សិង្ហ​បុរី​បានសម្រេច​បំពាក់​កាមេរ៉ា​សន្តិសុខ​ច្រើនជាង ៦២ ម៉ឺន​គ្រឿង​ឯណោះ​៕


Tag:
 សិង្ហ​បុរី​
  បទល្មើស​
  Economist Intelligence Unit
© រក្សាសិទ្ធិដោយ thmeythmey.com