អន្តរជាតិ
នាយករដ្ឋមន្ត្រី​វៀតណាម ចង់​ប្រែក្លាយ​វៀតណាម​ជា​«​កូន​ខ្លា​អាស៊ី​»
18, Jan 2018 , 8:59 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បានស្នើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​របស់លោក រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​យ៉ាងណាក៏ដោយ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​វៀតណាម​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត និង​ប្រែ​មុខមាត់​របស់​វៀតណាម​ឲ្យ​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​រីកចម្រើន ឬ «​កូន​ខ្លា​អាស៊ី » ។



​លោកនាយក​រដ្ឋមន្ត្រី ង្វៀង សួន​ហ្វ៊ុ​ក (Nguyễn Xuân Phúc) បាន​ទទូច​ឲ្យ​ក្រសួងផែនការ និង​វិនិយោគ​ផ្តល់​ដំណោះស្រាយ​សម្រាប់​រដ្ឋាភិបាល​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ផ្លាស់ប្តូរ​វៀតណាម​ឲ្យ​ប្រែក្លាយជា «​កូន​ខ្លា​អាស៊ី​ថ្មី​» ។​

​លោកនាយក​រដ្ឋមន្ត្រី ថ្លែង​បែបនេះ នា​សន្និសីទ​លើកកម្ពស់​ការងារ​ឆ្នាំ​២០១៨ របស់​ក្រសួងផែនការ និង​វិនិយោគ​វៀតណាម ដែល​ត្រូវបាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​វៀតណាម Vietnam News នៅ​ថ្ងៃ ១៦ មករា ។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ប្រមុខ​រដ្ឋាភិបាល​ដដែល​នោះ ក៏បាន​ទទូច​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​របស់ខ្លួន​តាម​ដាន​ពី​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ឲ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​បង្កើន​ចំណាត់ការ​បន្ថែម ធ្វើយ៉ាងណា​ជំរុញ​កំណើនសេដ្ឋកិច្ច​តាម​គោលដៅ​ដែល​រដ្ឋាភិបាល​បានកំណត់​សម្រាប់​ឆ្នាំ​២០១៨ ។

​ជាមួយនឹង​គ្នា​ផងដែរ លោក​រដ្ឋមន្ត្រី​ផែនការ និង​វិនិយោគ​វៀតណាម Nguyễn Chí Dũng ក៏បាន​លើកឡើង​ដែរ​ថា ការអភិវឌ្ឍ និង​លូតលាស់​របស់​សេដ្ឋកិច្ច​វៀតណាម​នៅ​ឆ្នាំ ២០១៧ នឹង​ជួយ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​វៀតណាម​នៅ​ឆ្នាំ​២០១៨​នេះ មាន​សន្ទុះ​ខ្ពស់ ហើយ វា​ក៏​នឹង​ជួយ​ជំរុញ​ឲ្យ​វៀតណាម ទៅកាន់​កម្រិត​ថ្មី​នៃ​ការលូតលាស់​សេដ្ឋកិច្ច​ផងដែរ ។​
 
​ក៏ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​រូបនេះ ក៏មាន​ការបារម្ភ​ខ្លះ ដ្បិត សេដ្ឋកិច្ច​វៀតណាម ក៏ត្រូវ​ជួបនឹង​បញ្ហា​ប្រឈម​ជាច្រើន ដោយសារតែ​ភាពមិនប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល​, ការវិល​ត្រលប់​នៃ​គោលនយោបាយ​សេដ្ឋកិច្ច​គាំពារ​និយម​, បម្រែបម្រួល​អាកាសធាតុ​, សមាហរណកម្ម​អន្តរជាតិ និង​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​បួន​ផងដែរ ។

​គួរ​ជម្រាប​ផងដែរ​ថា តាម​របាយការណ៍​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម​ប្រចាំឆ្នាំ​២០១៧ វៀតណាម បាន​មាន​កំណើនសេដ្ឋកិច្ច​ប្រមាណ ៦,៨១ ភាគរយ ដែល អត្រា​នេះ ត្រូវបាន​ចាត់ទុកថា​ជា កំណើន​រហ័ស​បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្ស​ចុងក្រោយ​របស់​វៀតណាម ។ តាម​របាយការណ៍​ដដែល​នោះ នៅ​ឆ្នាំ​២០១៧ ទំហំ​នៃ​ការនាំចេញ​សរុប​របស់​វៀតណាម​បាន​ហក់​ដល់ ២១៣ ពាន់​លាន​ដុល្លារ​អាមេរិក ឯណោះ ៕


Tag:
 វៀតណាម​
  សេដ្ឋកិច្ច​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com