ជាតិ
គុយបា គាំទ្រ​ជំហ​កម្ពុជា ដែល​ទប់ស្កាត់​ការផ្លាស់ប្ដូរ​របប​ថ្មី ពី​សំណាក់​បរទេស​
18, Jan 2018 , 10:17 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គុយបា គាំទ្រ​ជំហ​រដ្ឋាភិបាល​កម្ពុជា ដែល​ទប់ស្កាត់​រាល់​សក​ម្ម​ភាព​នានា របស់​បរទេស​ក្នុង​គោលបំណង​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង ។ គុយបា ចាត់ទុក​ការសម្រេចចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ជា​រឿង​ត្រឹមត្រូវ ក្នុងការ​ការពារ​អធិបតេយ្យភាព និង​ឯករាជ្យភាព​ខ្លួន​។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជួប​ជាមួយ​លោក Juan Carlos Marsán Aguilera អនុប្រធាន​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​នី​ស​គុយបា នៅ​ទីស្តីការក្រសួង នៅ​ថ្ងៃទី​១៧ មករា​នេះ​។​



​ក្នុងជំនួប​ទ្វេភាគី​លោក Juan Carlos Marsán Aguilera បាន​ប្ដេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ទាំង​ចំណង​ការទូត និង​ទំនាក់ទំនង​លើ​ឆាក​អន្តរជាតិ​។ បន្ថែម​ពីនេះ​លោក Marsán Aguilera ក៏​គាំទ្រ​ចំពោះ​សកម្មភាព​រដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​ទប់ស្កាត់​ភាព​អសកម្ម​ក្នុងប្រទេស ដែល​សង្ស័យ​ជា​អំពើ​បដិវត្ត​កន្លងមក​ផងដែរ​។  «​គុយបា​តែងតែ​គោរ​នូវ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​កម្ពុជា នៅក្នុង​ការទប់ស្កាត់ ការផ្លាស់ប្តូរ​របប​តាមរយៈ​ការ​លូកដៃ​ពី​ប្រទេស​ដទៃ​»​។ នេះ​ជាការ​សម្ដី​របស់​អនុប្រធាន​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​នី​ស​គុយបា ដែល​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ជុំ ស​ន្ទ​រី ស្រង់​មក​ប្រាប់​អ្នកសារព័ត៌មាន​។​

​ក្រៅពីនេះ គុយបា ក៏បាន​រំ​ឮ​ក​ពី​គុណសម្បត្តិ​កម្ពុជា ដែល​បាន​បោះឆ្នោត​គាំទ្រ​ដល់​មហាសន្និបាត​អង្គការសហប្រជាជាតិ​(UN) ស្ដីអំពី​«​ភាពចាំបាច់​ក្នុងការ​បញ្ចប់​នូវ​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ទៅលើ​គុយបា​»​ផងដែរ​។ ភាគី​ទាំងពីរ ក៏បាន​ពិភាក្សាគ្នា​លើ​គម្រោង​បង្កើត​វិទ្យាស្ថាន​ជាតិ​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​-​គុយបា ដើម្បី​ចែករំលែក​បទពិសោធ​ការទូត​គ្នា​ទៅវិញទៅមក​ផងដែរ​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក ប្រាក់ សុខុន ចង់ឃើញ​ដំណើរការ​ប្រក្រតី​ឡើងវិញ នៃ​ទំនាក់ទំនង​រវាង​គុយបា និង​សហរដ្ឋ​អាម​រិ​ក ។ នេះ​បើតាម​លោក ជុំ ស​ន្ទ​រី​។​
​សូមបញ្ជាក់ថា ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​គុយបា បានចាប់ផ្ដើម​ឡើង​នៅ​ថ្ងៃ ១៥ ខែមេសា ឆ្នាំ​១៩៦០៕


Tag:
 ​ប្រាក់ សុខុន​
  គុយបា​
© រក្សាសិទ្ធិដោយ thmeythmey.com