អន្តរជាតិ
ជនភៀសខ្លួនជាង១ពាន់នាក់នៅបង់ក្លាដែស នឹងត្រូវបញ្ជូនទៅមីយ៉ាន់ម៉ាវិញនៅសប្តាហ៍ក្រោយ
× ការមិនតបតនឹងការបន្ទោសរបស់សហគមន៍អន្តរជាតិរបស់មីយ៉ាន់ម៉ារឿងវិបត្តិជនភៀសខ្លួន បានចេញជាលទ្ធផលផ្លែផ្កាហើយ ។ នោះគឺ រដ្ឋាភិបាលមីយ៉ាន់ម៉ា និងបង់ក្លាដែស បានឯកភាពគ្នាក្នុងការរៀបចំបញ្ជូនជនភៀសខ្លួន ដែលរងគ្រោះដោយសារតែការវាយប្រហារនៅមីយ៉ាន់ម៉ានៅចុងឆ្នាំមុន ទៅកាន់ប្រទេសកំណើតវិញហើយ ។
បើមិនមានការប្រែប្រួលនោះ ជនភៀសខ្លួនជាងមួយពាន់នាក់ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅ ជំរំបង់ក្លាដែស នឹងអាចត្រលប់ទៅកាន់មីយ៉ាន់ម៉ាវិញនៅសប្តាហ៍ក្រោយនេះហើយ ។ ពួកគេ គឺជាអ្នកដែលត្រូវត្រឡប់មកប្រទេសដើមវិញដំបូងគេ ក្នុងចំណោមជនភៀសខ្លួនរាប់សិបម៉ឺននាក់ ដែលបានភៀសខ្លួនចេញពីមីយ៉ាន់ម៉ា ។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសមីយ៉ាន់ម៉ា ចុះថ្ងៃ១៦ មករា ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP មីយ៉ាន់ម៉ានឹងត្រៀមរៀបចំទទួលជនភៀសខ្លួនពីបង់ក្លាដែសចំនួន ១២០០នាក់ ដែលក្នុងនោះ ពួកគេជាជនជាតិហិណ្ឌូផង និងរ៉ូហ៊ីងយ៉ាផង ។ បញ្ជីឈ្មោះរបស់ពួកគេ ក៏ត្រូវបានពិនិត្យយ៉ាងល្អិតល្អន់ ដោយរាប់បញ្ចូលទាំងសាវតាផងដែរ ។
ការរៀបបញ្ជូននេះដែរ អាចកើតឡើងបាន ក្រោយពីមានកិច្ចព្រមព្រៀងទ្វេភាគីរវាងរដ្ឋាភិបាលទាំងពីរ ដែលបានធ្វើឡើង ក្រោមសម្ពាធអន្តរជាតិនោះ ។ នៅថ្ងៃ២៣ វិច្ឆិកា ឆ្នាំមុន រដ្ឋាភិបាលមីយ៉ាន់ម៉ា និងបង់ក្លាដែស បានចុះកិច្ចព្រមព្រៀងរួមគ្នា ក្នុងការបញ្ជូនជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលកំពុងស្នាក់នៅបង់ក្លាដែសទៅកាន់មីយ៉ាន់ម៉ាវិញ ។
សូមរម្លឹកបន្តិចផងដែរថា តាមរបាយការណ៍ភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ មានជនភៀសខ្លួន ប្រមាណជាង ៦០ម៉ឺននាក់ បានភៀសខ្លួនពីមីយ៉ាន់ម៉ាទៅកាន់បង់ក្លាដែស ក្រោយពីមានការវាយប្រហាររវាងអាជ្ញាធរមីយ៉ាន់ម៉ា និងក្រុមឧទ្ទាម ។ អង្គការសហប្រជាជាតិ រួមជាមួយនឹងបណ្តាប្រទេសមួយចំនួន កន្លងមកបានរិះគន់រដ្ឋាភិបាលមីយ៉ាន់ម៉ាខ្លាំង ដែលបណ្តែតបណ្តោយឲ្យមានវិបត្តិជនភៀសខ្លួននេះកើត ។
បើតាមប្រភពព័ត៌មានអូស្ត្រាលី ABC News ជុំវិញនីតិវិធីនៃការបញ្ជូនជនភៀសខ្លួនេះដែរ ត្រូវបានរដ្ឋាភិបាលបង់ក្លាដែស អះអាងថា នឹងអាចត្រូវបញ្ចប់ក្នុងរយៈពេលពីរឆ្នាំ ៕
Tag:
មីយ៉ាន់ម៉ា
បង់ក្លាដែស
ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com