អន្តរជាតិ
លោក ម៉ូ​ឌី នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ដំបូង​បំផុត​ទៅ​ទស្សនកិច្ច​នៅ​ប៉ា​ឡេ​ស្ទី​ន
18, Jan 2018 , 4:06 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី​នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប៉ា​ឡេ​ស្ទី​ន​នៅ​ខែកុម្ភៈ​ខាងមុខនេះ​។ លោក ម៉ូ​ឌី ក្លាយជា​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ទីមួយ​ដែល​ទៅ​ទស្សនកិច្ច​នៅ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន ហើយ​វា​បង្ហាញ​ពី ជំហរ​ឯករាជ្យ និង​មិន​ងាករេ​របស់​ឥណ្ឌា​ក្នុងការ​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន​ជា​រដ្ឋ​ឯករាជ្យ​ដែរ​។



​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ដំបូងបង្អស់​ដែល​ទៅ​ទស្សនកិច្ច​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​។ ទស្សនកិច្ច​របស់លោក​នៅ​ប៉ា​ឡេ​ស្ទី​ន​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ ១០ ខែកុម្ភៈ​ខាងមុខនេះ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua នាយករដ្ឋមន្ត្រី ម៉ូ​ឌី នឹង​អញ្ជើញ​ទៅកាន់​ទីក្រុង Ramallah ដែលជា​រដ្ឋធានី​បណ្តោះអាសន្ន​របស់​ប៉ា​ឡេ​ស្ទី​ន ប៉ុន្តែ​ទស្សនកិច្ច​របស់លោក​មិនទាន់មាន​ការប្រកាស​ទ​ទួល​ស្គាល់​ជា​ផ្លូវការ​ពី​សំណាក់​ក្រសួងការបរទេស​ឥណ្ឌា​ឡើយ​។

​នេះ​ក៏​ដោយសារ​បច្ចុប្បន្ន នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មិន ណេ​តាន់​យ៊ូ នៅ​បន្ត​ទស្សនកិច្ច​របស់ខ្លួន​នៅ​ឥណ្ឌា​នៅឡើយ​។ យ៉ាងណាមិញ កាលពី​ឆ្នាំមុន​លោក ម៉ូ​ឌី ក៏បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល​ផងដែរ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​។

​វត្តមាន​របស់លោក ម៉ូ​ឌី នៅ​ប៉ា​ឡេ​ស្ទី​ន​នឹង​ក្លាយជា​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ហើយ​វា​ក៏​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា គោលនយោបាយ​ឥណ្ឌា​ចំពោះ​ប៉ា​ឡេ​ស្ទី​ន​មិនមាន​ការផ្លាស់ប្តូរ​ឡើយ​ចាប់ពី​ពេលដែល​លោក ម៉ូ​ឌី ឡើងកាន់តំណែង​មក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​បញ្ជាក់​ឲ្យ​ឃើញថា ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ឥណ្ឌា និង​អ៊ីស្រាអែល​មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​សម្ព័ន្ធភាព​រវាង​ឥណ្ឌា និង​ប៉ា​ឡេ​ស្ទី​ន​ឡើយ​។

​រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ឥណ្ឌា​បាន​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​ជាង ១០០ ផ្សេងទៀត​នៅ​ម​ហាស​និ្ន​បាត​អង្គការសហប្រជាជាតិ​ដើម្បី​បោះឆ្នោត​គាំទ្រ​ដំណោះស្រាយ​របស់​ស្ថាប័ន​នេះ​ដើម្បី​ប្រឆាំង​អាមេរិក​ដែល​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​នោះ​។​

​សកម្មភាព​នេះ​ធ្វើ​ឲ្យ​អ៊ីស្រាអែល​អន់ចិត្ត​មិនតិច​ឡើយ​។ ដូច​ឃើញស្រាប់ លោក ណេ​តាន់​យ៉ា​ហ៊ូ បានបញ្ជាក់​ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​នៅ​សប្តាហ៍​នេះ​ថា លោក​ខកចិត្ត​ខ្លាំង​ចំពោះ​គោលជំហរ​របស់​ឥណ្ឌា​លើ​បញ្ហា​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​កន្លងមក ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា ទោះបីជា​បែបនេះ​ក្តី​លោក​មិនអាច​ឲ្យ​បញ្ហា​នេះ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ឥណ្ឌា​ល្អក់កករ​ឡើយ​។​

​សូមបញ្ជាក់ថា ឥណ្ឌា​និង​ប៉ា​ឡេ​ស្ទី​ន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​យូរអង្វែង​មកហើយ​។ ឥណ្ឌា​បាន​ក្លាយជា​រដ្ឋ​ក្រៅ​តំបន់​អារ៉ាប់​មុនគេ​បង្អស់​ដែល​ទទួលស្គាល់​អាជ្ញាធរ​រំដោះ​ប៉ា​ឡេ​ស្ទី​ន​ជា​តំណាង​ស្របច្បាប់​របស់​ប៉ា​ឡេ​ស្ទី​ន​កាលពី​ឆ្នាំ ១៩៧៤ ហើយ​ឥណ្ឌា​ក៏​ជា​ប្រទេស​ដំបូង​ដែល​ទទួលស្គាល់​ឥណ្ឌា​ជា​រដ្ឋ​នៅ​ឆ្នាំ ១៩៨៨ ដែរ​៕
 

Tag:
 នា​រិ​ន្ទ្រា ម៉ូ​ឌី​
  ប៉ា​ឡេ​ស្ទី​ន​
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com