កីឡាអន្តរជាតិ
អន្តរជាតិ
Sanchez ទទួលបាន៦២ម៉ឺនដុល្លារមួយអាទិត្យ បើចូលរួមជាមួយ Man Utd
× Manchester United នឹងធ្វើឲ្យ Alexis Sanchez ក្លាយជាអ្នករកចំណូលខ្ពស់ជាងគេបំផុតសម្រាប់ក្លិប និងច្រើនជាងក្នុងប្រវត្តិសាស្ត្រក្នុងក្របខណ្ឌ Premier League ជាមួយថ្លៃពលកម្ម ៤៥ម៉ឺនផោន ប្រមាណ៦២ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ ប្រសិនបើរូបគេយល់ព្រមចេញពី Arsenal មកកាន់ទឹកដី Old Trafford។
Arsenal និង Manchester United កំពុងតែចរចាលើតម្លៃផ្ទេរខ្សែប្រយុទ្ធអន្តរជាតិស៊ីលី វ័យ២៩ឆ្នាំក្នុងតម្លៃខ្លួន ២០លានផោន ប្រហែលជាង ២៧លានដុល្លារ។ ប្រសិនបើការផ្ទេរជោគជ័យ ក្លិបរហស្សនាមបិសាចក្រហមនឹងត្រូវចំណាយ ១៥លានផោន ប្រមាណ២០លានដុល្លារថែមទៀតទៅឲ្យភ្នាក់ងាររបស់ Sanchez គឺលោក Fernando Felicevich។
សម្រាប់លក្ខខណ្ឌផ្ទាល់ខ្លួនរបស់អតីតសមាជិក Barcelona ជាមួយ Manchester United បានធ្វើឡើងរួចរាល់ហើយដោយយល់ព្រមផ្តល់ប្រាក់បៀវត្សប្រចាំសប្តាហ៍៦២ម៉ឺនដុល្លារ និងកិច្ចសន្យារយៈពេល ៤ឆ្នាំកន្លះ។ ថ្លៃពលកម្មដ៏ច្រើនសន្ធឹកនេះ នឹងធ្វើឲ្យ Sanchez ក្លាយជាកីឡាករមានប្រាក់អាទិត្យលើសគេក្នុងក្របខណ្ឌកំពូលអង់គ្លេស និងច្រើនជាងថ្លៃឈ្នួលរបស់ Harry Kane ខ្សែប្រយុទ្ធ Tottenham Hotspur ដល់ទៅ៤ដង។
សរុបទៅប្រាក់ឈ្នួលដែល Sanchez ទទួលបានពីក្រុមម្ចាស់ជើងឯកលីកកំពូលអង់គ្លេស ២០សម័យ បើគិតក្រោយពីបង់ពន្ធរួចគឺនៅសល់១លានផោន ប្រហែល ១.៣៨លានដុល្លារអាមេរិកក្នុង១ខែ៕
Tag:
បាល់ទាត់
Manchester United
Alexis Sanchez
Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com