កីឡាអន្តរជាតិ
កូរ៉េខាងត្បូង និងខាងជើង គ្រោងប្រើទង់តែមួយថ្ងៃបើកព្រឹត្តិការណ៍អូឡាំពិក កូរ៉េខាងជើង និងកូរ៉េខាងត្បូងពេលប្រើទង់តែមួយនាពិធីបើកការប្រកួតកីឡាអូឡាំពិកឆ្នាំ២០០០ នាទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី
× កូរ៉េខាងជើង និងកូរ៉េខាងត្បូងនឹងហែក្បួនរួមគ្នានៅក្រោមទង់ជាតិឧបទ្វីបកូរ៉េតែមួយដែលមានពណ៌ខៀវ និងពណ៌សនៅថ្ងៃបើកឆាកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានាទីក្រុងព្យុងឆាង (Pyeongchang) ប្រទេសកូរ៉េខាងត្បូងខែក្រោយនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ១៨ ខែមករានេះ។
ទង់ដែលមាននិមិត្តសញ្ញាបង្ហាញពីទំនាក់ទំនងយ៉ាងកក់ក្តៅរវាងកូរ៉េទាំងពីរ ត្រូវបានភាគីកូរ៉េខាងត្បូងស្នើឲ្យអត្តពលិកទាំងសងខាងប្រើប្រាស់រួមគ្នាតែមួយនាពិធីដង្ហែក្បួនក្នុងកម្មវីធីបើកកម្មវិធីកីឡាអូឡាំពិកនៅខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ប្រទេសទាំងពីរក៏សង្ឃឹមថាពួកគេនឹងទទួលបានការគាំទ្រដូចកាលពីព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០០០ នៅពេលកូរ៉េទាំងពីរទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅឯកីឡដ្ឋានក្នុងទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីបន្ទាប់ពីដើរហែក្បួនក្រោមទង់រួមគ្នាជាលើកដំបូង។
«ទង់បង្រួបបង្រួមកូរ៉េទាំងពីរ» មានពណ៌ខៀវនៅពីលើផ្ទៃពណ៌សជានិមិត្តសញ្ញាបង្រួបបង្រួមនៃឧបទ្វីបកូរ៉េ ដែលបង្ហាញពីប្រភពដើមរបស់ខ្លួននៅឆ្នាំ ១៩៨៩ នៅពេលកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានយល់ព្រមប្រើទង់ថ្មីមួយសម្រាប់ក្រុមរួមគ្នាក្នុងការប្រកួតកីឡាអាស៊ីឆ្នាំ១៩៩០។
ផែនការសម្រាប់ក្រុមការងាររួមគ្នារវាងកូរ៉េទាំងពីរក្នុងព្រឹត្តិការអូឡាំពិកនាទីក្រុងព្យុងឆាង កើតឡើងក្រោយពេលមានជំនួបចរចាលើកទីមួយរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានធ្វើឡើងដោយរលូន និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ប្រតិភូកូរ៉េខាងត្បូងដឹកនាំរដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េ Cho Myoung-gyon និងតំណាងកូរ៉េខាងជើងដឹកនាំលោក Ri Son Gwon បានផ្លាស់ប្ដូរសំណើគ្នាទៅវិញទៅមកក្នុងការចរចាដ៏ក្រម ដែលធ្វើឡើងនៅអាគារសន្តិភាពក្នុងទឹកដីកូរ៉េខាងត្បូងនៅឯតំបន់ព្រំដែនខណ្ឌចែកកូរ៉េទាំងពីរ។
ក្នុងជំនួបនោះដែរ តំណាងកូរ៉េខាងជើងក៏បានស្នើដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េតាមរយៈការជជែក និងការចរចាដើម្បីសន្តិភាព និងការរួបរួមទៀតផង។ ការបន្ទន់ជំហររបស់របបដឹកនាំក្រុងព្យុងយ៉ាង ជាជំហានទៅមុខល្អមួយសម្រាប់ការកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ និងឈានដល់ការចរចារឿងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាចំណុចស្នូលនៃជម្លោះរាប់សិបឆ្នាំមកនេះ និងការប្រឈមមុខយោធារវាងអាមេរិក និងកូរ៉េខាងជើងផងដែរ៕
Tag:
កីឡាអូឡាំពិក
ឧបទ្វីបកូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com