ជាតិ
សេដ្ឋកិច្ច
ផ្លូវ​រថភ្លើង​៖ ថៃ​រង់ចាំ​កម្ពុជា​បញ្ចប់​ការសាងសង់​ទាំងស្រុង​
23, Jan 2018 , 9:19 pm        
រូបភាព
រូបផ្លូវរថភ្លើងពីហ្វេសប៊ុកក្រសួងសាធារណៈការ និងដឹកជញ្ជូន
រូបផ្លូវរថភ្លើងពីហ្វេសប៊ុកក្រសួងសាធារណៈការ និងដឹកជញ្ជូន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មកដល់ពេលនេះ​រដ្ឋាភិបាល​ថៃ បានបញ្ចប់​ការសាងសង់​ផ្លូវ​រថភ្លើង សម្រាប់​ការតភ្ជាប់​រវាង​ទីក្រុង​បាងកក និង​ទីក្រុង​ភ្នំពេញ​ហើយ ខណៈដែល​កម្ពុជា​គ្រោង​បញ្ចប់​ការសាងសង់​ផ្លួ​វ​រថភ្លើង នៅក្នុង​ឆ្នាំ​២០១៨​នេះ​។​



​ខ្សែ​រថភ្លើង​នៅក្នុង​ស្រុក​អារញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដែល​ភ្ជាប់​ទៅ​បន្ទាត់​ព្រំដែន​រវាង​ថៃ និង​កម្ពុជា​នោះ បាន​សាងសង់​រួចរាល់​ហើយ ប៉ុន្តែ​គម្រោង​នៃ​ការបើក​ឲ្យ​ដំណើការ​ប្រើប្រាស់​ផ្លូវដែក​នេះ មិនទាន់​លេចចេញ​ជា​រូបរាង​នៅឡើយ​ទេ​។ រដ្ឋាភិបាល​ថៃ កំពុង​រង់ចាំ​កម្ពុជា​បញ្ចប់​ការសាងសង់​ផ្លូវ​រថភ្លើង​ទាំងស្រុង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post ។​

​លោក ច័ន្ទ សំលេង ប្រធាន​នាយកដ្ឋាន​ផ្លូវដែក នៃ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​និយាយថា ក្រសួង​បាន​សាងសង់​ផ្លូវ​រថភ្លើង​ស្ទើរ​រួចរាល់​ទាំងស្រុង​ហើយ ដោយ​នៅសល់តែ​ចំណុច​ខ្សែ​រថភ្លើង​ពី​ខេត្តពោធិ៍សាត់ មក​ខ្សែ​រថភ្លើង ស្រុក​បាត់ដឹង ខេត្តកំពង់ស្ពឺ​ប៉ុណ្ណោះ ។ បើតាម​លោក ច័ន្ទ សំលេង គម្រោង​ខ្សែ​រថភ្លើង នឹង​បញ្ចប់​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ​២០១៨​នេះ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​នាយកដ្ឋាន​ផ្លូវដែក​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​បាន​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​រវាង​កម្ពុជា​-​ថៃ ហើយ​មាន​ទាំង​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ នៅតាម​ព្រំដែន​ផងដែរ​។ ប៉ុន្តែ​វា​នៅសល់​ចំណុច​មួយចំនួន ដែល​យើង​សាងសង់​មិនទាន់​រួចរាល់ ដូចជា​ខ្សែ​រថភ្លើង​ពី​ប៉ោយប៉ែត មក​ស៊ីសុផុន សម្រេច​៩៥​ភាគរយ ពី​ស៊ីសុផុន មក​បាត់ដំបង នៅសល់​៥​ភាគរយ ពី​បាត់ដំបង​មក​ពោធិ៍សាត់ សល់​៥​ភាគរយ​ទេ ។ ប៉ុន្តែ​គម្រោង​សាងសង់​ពី​ពោធិ៍សាត់​មក​ស្រុក​បាត់ដឹង ទើប​រៀបចំ​បាន​២​ភាគរយ​ប៉ុណ្ណោះ​។

​មកដល់ពេលនេះ​រដ្ឋាភិបាល បាន​ចំណាយ​ទឹកប្រាក់​អស់​៦០​លាន​ដុល្លារ​ហើយ សម្រាប់​សាងសង់​ផ្លូវ​រថភ្លើង ហើយ​កំពុង​ត្រៀម​២០​លាន​ដុល្លារ​ទៀត ដើម្បី​សាងសង់​ខ្សែ​រថភ្លើង ពោធិ៍សាត់​-​បាត់ដឹង ។ នេះ​បើតាម​លោក ច័ន្ទ សំលេង ដែល​បាន​បន្ថែមថា ខ្សែ​រថភ្លើង​ដែល​រត់​ពី​ភ្នំពេញ​ឆ្ពោះទៅកាន់​ទីក្រុង​បាងកក ប្រទេស​ថៃ​នេះ មាន​ប្រវែង​៣៨៦​គីឡូម៉ែត្រ​។​

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​-​ថៃ បាន​ព្រមព្រៀង​ត​ភ្ជាប់​ខ្សែ​រថភ្លើង​ភ្នំពេញ​-​បាងកក កាលពី​ឆ្នាំ​២០១៥ ក្នុង​គោលបំណង​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ ទាញ​ផលប្រយោជន៍​លើ​ផ្នែក​ទេសចរណ៍ ជាពិសេស​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ។ រដ្ឋាភិបាល​កម្ពុជា​-​ថៃ រំពឹងថា ការតភ្ជាប់​ខ្សែ​រថភ្លើង​នឹង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រួមគ្នា ឲ្យ​បាន​១៥​ប៊ី​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០​ខាងមុខ​៕


Tag:
 ផ្លូវ​រថភ្លើង​
 ​ កម្ពុជា​
 ​ ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com