អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី ណែនាំ​ឲ្យ​កម្លាំងប្រដាប់អាវុធ រក្សា​ជំហរ​អព្យាក្រឹត​ក្នុងការ​បោះឆ្នោត
25, Jan 2018 , 7:59 am        
រូបភាព
រូបភាព៖ TODAY
រូបភាព៖ TODAY
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បាន​ណែនាំ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​របស់ខ្លួន ដែល​រួមមាន​ទាំង​ទាហាន និង​ប៉ូលិស ប្រកាន់​ជំហរ​មិន​លម្អៀង​ចំពោះ​ការបោះឆ្នោត​តាម​តំបន់ និង​ថ្នាក់ជាតិ ។ អ្វីដែល​ក្រុង​ហ្សា​ការ​តា​ចង់ឃើញ​នោះ​គឺ កងកម្លាំង ត្រូវ​ធានា​ឲ្យ​បាន​សន្តិសុខ និង​សុវត្ថិភាព​ក្នុងការ​បោះឆ្នោត​នានា​របស់​ឥណ្ឌូណេស៊ី ។



​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃ ២៣ មករា បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ចង្អៀត​មួយ​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​យោធា និង​ប៉ូលិស​ជាតិ ដោយ​លោក​ប្រធានាធិបតី​ផ្តោត​សំខាន់​លើ​អព្យាក្រឹត​របស់​កងកម្លាំង​សម្រាប់​ការបោះឆ្នោត​ខាងមុខ ។ នេះ​គឺជា​ការអះអាង​របស់​មេ​ប៉ូលិស​ជាតិ​ឥណ្ឌូណេស៊ី Tito Karnavian ទៅកាន់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ ។

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Post លោក​ឧ​ត្ត​ម​សេនីយ៍ Tito Karnavian បាន​បន្តទៀតថា តាមរយៈ​ជំនួប​ជាមួយ​កម្លាំង​ប្រមាណ​៣០០​នាក់​នោះ លោក​ប្រធានាធិបតី បាន​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ សម្រាប់​ការបោះឆ្នោត​ទាំងពីរ​ដែលមាន​ទាំង​បោះឆ្នោត​តាម​តំបន់​ឆ្នាំនេះ និង​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៩ ដែល​លោក​ជឿជាក់ថា វា​នឹងមាន​ភាព​តានតឹង​ខ្លាំង​នោះ ។

​បន្ថែម​ពីនេះ លោក​ចូ​កូ វី​ដូ​ដូ ដែល​នឹងត្រូវ​បញ្ចប់​អាណត្តិ​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ​នោះ ក៏បាន​ណែនាំ​ឲ្យ​ទាំង​ប៉ូលិស និង​យោធា ដាក់​គោលដៅ​នៅតាម​តំបន់​ដែលមាន​ជម្លោះ​ផ្ទុះឡើង​ក្នុងចំណោម​តំបន់​ទាំងអស់​១៧១ ។

​ការបារម្ភ​របស់លោក​ប្រធានាធិបតី​ចូ​កូ វី​ដូ​ដូ ក៏​មិន​ខុសពី​របាយការណ៍​ស្ទង់​មតិ​របស់​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​ឡើយ ។ នៅ​ឆ្នាំ​២០១៧​កន្លងទៅ គណៈកម្មាធិការ​ទទួល​បន្ទុក​ឥណ្ឌូណេស៊ី មួយ​នេះ ក៏បាន​ព្យាករ​មុន​ដែរ​ថា ការបោះឆ្នោត​ឥណ្ឌូណេស៊ី​នៅ​ឆ្នាំ​២០១៨ និង​២០១៩ នៅមាន​ភាព​តានតឹង​ខ្ពស់ ។

​នោះ​ក៏​ព្រោះតែ​ការបោះឆ្នោត​នេះ កាន់​តែមាន​ចូលរួម​កាន់​ច្រើន ហើយ​បញ្ហា​ប្រឈម នឹងត្រូវ​លើកឡើង​ក្នុង​យុទ្ធនាការ​ស្វែងរក​សន្លឹក​ឆ្នោត ដែល​អាចធ្វើ​ឲ្យ​ក្រុមគាំទ្រ​ប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង ។ ជាពិសេស​នោះ ការបោះឆ្នោត​ធំ​ទាំងពីរ​ប្រភេទ​នេះ ក៏ត្រូវ​ប្រព្រឹត្តឡើង​ជាប់ៗ​គ្នា​តែម្តង ៕


Tag:
 ឥណ្ឌូណេស៊ី​
  បោះឆ្នោត​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com