ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របប​អាហារ​សម្បូរ​ជាតិ​សរសៃ​អាចជួយ​បំបាត់​អាកា​រៈ​ជំងឺហឺត​បានទេ​?
29, Jan 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Independent បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​កាន់តែច្រើន អាចជួយ​ព្យាបាល​រោគសញ្ញា​របស់​ជំងឺហឺត​បាន​។ រឿងនេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​លើ​សត្វ​កណ្តុរ​មួយ​ប្រភេទ​ដែល​ពិនិត្យ​ទៅលើ​នាទី​ដែល​ប្រភេទ​ខុសៗ​គ្នា​នៃ​របប​អាហារ​ជាតិ​សរសៃ​ធ្វើការ​ក្នុង​ពោះវៀន និង​ឥទ្ធិពល​របស់​វា​ទៅលើ​ការ​រលាក​ផ្លូវដង្ហើម​ដែលជា​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​។



​ការ​រលាក​ផ្លូវដង្ហើម​ដោយសារ​អា​ឡែ​ហ្ស៊ី កើតឡើង​ក្នុងករណី​ដូចជា​ជំងឺហឺត​ជាដើម ដែល​វា​គឺជា​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​មានការ​យល់ច្រឡំ​ថា​ធូលី​ដី ឬ​លម្អងផ្កា​ជា​សារធាតុ​បង្ក​គ្រោះថ្នាក់ ទើប​វា​ធ្វើ​ឲ្យ​ផ្លូវដង្ហើម​រលាក នាំ​ឲ្យ​ចេញ​ជា​រោគសញ្ញា​ដកដង្ហើម​លឺសូ​ដូច​ហួច និង​ពិបាក​ដកដង្ហើម​។

​ករណី​ជំងឺហឺត​ដោយសារតែ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​កំពុងតែ​កើនឡើង​ក្នុងប្រទេស​អភិ​វ​ឌ្ឈ​ន៍​ដែល​វា​ក៏​ឃើញ​លើ​មនុស្ស​តិចតួច​ដែរ​ដែល​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​។ អ្នកស្រាវជ្រាវ​ចង់ឃើញ​ថា​តើ​វា​មាន​ទំនាក់ទំនង​គ្នា​ឬ​អត់​រវាង​រឿង​ទាំងពីរ​នេះ​។ ដើម្បី​ដឹងបាន ពួកគេ​បានធ្វើការ​ពិសោធន៍​ក្នុង​មន្ទីរពិសោធន៍ និង​សត្វ​កណ្តុរ ហើយ​រកឃើញថា កណ្តុរ​ដែល​ចាក់​បញ្ចូល​អាហារ​មាន​ជាតិ​សរសៃ​ប្រភេទ​រលាយ​ខ្ពស់ ដែល​ស្មើនឹង​មនុស្ស​យើង​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ដែរនោះ មានការ​ការពារ​កាន់​តែ​ច្រើន​ទៅលើ​ការ​រលាក​នៅ​សួត​នៅពេល​ប្រៀបធៀប​ជាមួយ​កណ្តុរ​ដែល​ចាក់​បញ្ចូល​ជាតិ​សរសៃ​ប្រភេទ​ផ្សេង​។

​យក​ល្អ​គួរតែ​កត់សម្គាល់ថា ការរកឃើញ​នេះ​គឺ​មិនទាន់​ធ្វើ​លើ​មនុស្ស​នៅឡើយ​ទេ ប៉ុន្តែ​វា​នឹង​ល្អ​ក្នុងការ​សិក្សា​ម្តងទៀត​ទៅលើ​មនុស្ស​។ ការ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​ទៅតាម​ការណែនាំ នឹង​មិនអាច​ក្លាយទៅជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្ការ​ជំងឺហឺត​ឡើយ​។ វា​ប្រហែលជា​ជួយ​បង្ការ​ជំងឺ​បេះដូង ទឹកនោមផ្អែម ឡើង​ទម្ងន់ និង​មហារីក​មួយចំនួន ហើយក៏​ពង្រឹង​ដល់​សុខភាព​ផ្លូវ​រំលាយ​អាហារ​ថែមទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com