អន្តរជាតិ
នយោបាយអន្តរជាតិ
អាមេរិក ចាត់ទុកមហាយក្សចិនជា«មហាអំណាចចក្រពត្តិថ្មី» នៅអាមេរិកឡាទីន
× រដ្ឋមន្ត្រីការបរទេសអាមេរិក រិច ធីល័រសិន បានណែនាំឲ្យបណ្តាប្រទេសអាមេរិកឡាទីនពិចាណាឈប់ពឹងពាក់លើមហាយក្សចិនខ្លាំងពេកជាពិសេសលើបញ្ហាសេដ្ឋកិច្ច។ ប្រមុខការទូតរូបនេះព្រលយថា តំបន់អាមេរិកឡាទីនមិនត្រូវការមហាអំណាចចក្រពត្តិថ្មីនោះឡើយ។
ប្រមុខការទូតអាមេរិក រិច ធីល័រសិន បានទិតៀនមហាអំណាចចិនដែលកំពុងពង្រឹងឥទ្ធិពលរបស់ខ្លួននៅទូទាំងពិភពលោកជាពិសេសនៅអាមេរិកឡាទីន ហើយប្រឹងធ្វើយ៉ាងណាទាញប្រយោជន៍សម្រាប់ខ្លួនឯង។
«ចិនបច្ចុប្បន្ននេះកំពុងមានឥទ្ធិពលខ្លាំងនៅអាមេរិកឡាទីន។ ប្រទេសនេះកំពុងប្រើប្រាស់គោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនដើម្បីទាញអាមេរិកឡាទីនចូលក្រោមឥទ្ធិពលរបស់ខ្លួន»។ នេះជាការលើកឡើងរបស់លោក ធីល័រសិន មុនចេញដំណើរទៅទស្សនកិច្ចតំបន់អាមេរិកឡាទីនថ្ងៃ ២ ខែកុម្ភៈ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានកត់សម្គាល់ថា ប្រទេសជាច្រើននៅអាមេរិកឡាទីន ដូចជាប្រេស៊ីល អាហ្សង់ទីន ប៉េរូ និងស៊ីលី សុទ្ធតែមានទំនាក់ទំនងពាណិជ្ជកម្មធំបំផុតជាមួយចិន ដែលវាមានន័យថាពួកគេកំពុងផ្តេកផ្តួលលើចិនខ្លាំងដូចគ្នា។
«ខណៈដែលពាណិជ្ជកម្មនាំប្រយោជន៍ ការអនុវត្តគោលការណ៍ពាណិជ្ជកម្មមិនស្មោះត្រង់ដែលប្រើប្រាស់ដោយក្រុមហ៊ុនចិននោះនឹងធ្វើឲ្យប៉ះពាល់ដល់វិស័យផលិតកម្មនៅក្នុងប្រទេសអាមេរិកឡាទីន ហើយវាបង្កើតនិទណ្ឌភាព និងធ្វើឲ្យប្រាក់ខែគោលរបស់ប្រជាជនធ្លាក់ចុះទាបទៀត»។ លោក ធីល័រសិន បាននិយាយដូច្នេះ។
មិនត្រឹមតែប៉ុណ្ណោះទេ រដ្ឋមន្ត្រីការបរទេសរដ្ឋបាលលោក ដូណាល់ ត្រាំ នេះបានចាត់ទុកមហាយក្សចិនជាសាធារណៈថា «មហាអំណាចក្រពត្តិថ្មី»ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយលោកបានឆ្លៀតដាស់តឿនបណ្តារដ្ឋអាមេរិកឡាទីនឲ្យឈប់ផ្តេកផ្តួលលើចិនទៀតជាពិសេសបញ្ហាសេដ្ឋកិច្ចនេះតែម្តង។
«អាមេរិកឡាទីនមិនត្រូវការមហាអំណាចចក្រពត្តិថ្មីដែលប្រឹងទាញយកប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ គម្រូអភិវឌ្ឍរបស់ចិននៅតែដក់ជាប់នឹងរឿងអតីតកាល។ វាមិនត្រូវកើតឡើងនៅពេលអនាគតឡើយ»។
ដោយឡែក លោក ធីល័រសិន ក៏បានឆ្លៀតទិតៀនរុស្ស៊ីដូចគ្នា។ លោកកត់សម្គាល់ថា រុស្ស៊ីក៏កំពុងព្យាយាមពង្រឹងឥទ្ធិពលរបស់ខ្លួនដូចគ្នាតាមរយៈការលក់សព្វាវុធ និងសម្ភារៈយោធាជាដើម ហើយអាវុធទាំងនោះត្រូវបានលក់ទៅឲ្យរបបដឹកនាំដែលមិនដើរតាមផ្លូវប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សថែមទៀត៕
Tag:
អាមេរិកឡាទីន
រិច ធីល័រសិន
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com