អន្តរជាតិ
នយោបាយអន្តរជាតិ
សិស្សសាលាថៃ បន្តចម្អកឲ្យឧបនាយករដ្ឋមន្ត្រីដែលពាក់នាឡិកាតម្លៃរាប់ម៉ឺនដុល្លារ តែមិនប្រកាសទ្រព្យ
× សិស្សសាលាថៃបាននាំគ្នាដង្ហែររូបត្លុកនិងបដាក្នុងន័យចម្អកឲ្យឧបនាយករដ្ឋមន្ត្រីថៃនិងជារដ្ឋមន្ត្រីការពារជាតិដែលពាក់ព័ន្ធការប្រើប្រាស់នាឡិកាដៃតម្លៃរាប់ម៉ឺនដុល្លារ ហើយទំនងជាពាក់ព័ន្ធអំពើពុករលួយផង។ រឿងអាស្រូវនាឡិកាដៃនេះជារឿងចម្រូងចម្រាសនៅថៃ ហើយវាក៏ធ្វើឲ្យប៉ះពាល់ដល់របបសឹកខ្លាំងដែរ ប៉ុន្តែរបបនេះព្យាយាមការពារ និងប្តឹងរាល់បុគ្គលណាដែលហ៊ានកកូរកកាយរឿងនេះដែរ។
ជំពាក់វាក់វិននឹងរឿងអាស្រូវនាឡិកាដៃរបស់មន្ត្រីលំដាប់ទីពីរនៃរបបសឹកថៃលោកឧបកនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិថៃ Prawit Wongsuwan នៅតែរសើបខ្លាំងក្នុងបរិបទនយោបាយថៃបច្ចុប្បន្ន។ សាធារណជនថៃហាក់មិនញញើតនឹងការគំរាម ឬចាត់វិធានការតបតរបស់របបសឹកឡើយ ហើយពួកគេបន្តទិតៀន និងចម្អកឲ្យមេដឹកនាំរបបសឹកជាបន្តបន្ទាប់។
ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា នៅថ្ងៃសៅរ៍ ទី ៣ ខែកុម្ភៈ មុនបើកការប្រកួតបាលទាត់ជាផ្លូវការនៅក្រុងបាងកក សិស្សសាលាមួយក្រុមបាននាំគ្នារៀបចំក្បួនដង្ហែរដោយមានបដា និងរូបត្លុកចម្អកឲ្យឧបនាយករដ្ឋមន្ត្រីថៃ ដែលមាននាឡិកាដៃតម្លៃរាប់ម៉ឺនដុល្លារប្រើប្រាស់។
បញ្ហាសំខាន់គឺលោកមានរបស់ថៃ្ល តែមិនប្រកាសទ្រព្យឲ្យគេដឹងឡើយដែលវាមិនខុសពីពាក់ព័ន្ធអំពើពុករលួយឡើយ។ ក្រៅពីនេះ គេក៏ឃើញ រូបត្លុកខ្លះចម្អកឲ្យលោក Prawit ដែលយកលេសថា លោកខ្ចីនាឡិកាដៃមិត្តភក្តិប្រើប៉ុណ្ណោះ។
កន្លងមកនេះ របបសឹកថៃបានព្យាយាមការពារមន្ត្រីរបស់ខ្លួន ហើយមិនត្រឹមតែប៉ុណ្ណោះរបបនេះក៏បានចេញវិធានការក្តៅប្រឆាំងរាល់សកម្មជន ឬអ្នកណាក៏ដោយដែលហ៊ានកកូរកកាយ ឬចោទប្រកាន់លោក Prawit ផងដែរ។ កាលពីសប្តាហ៍មុន បណ្តឹងតាមផ្លូវច្បាប់ត្រូវបានគេរៀបចំឡើងដើម្បីឆ្លើយតបនឹងសកម្មជនជាច្រើននាក់ដែរ។
តាមពិតទៅ រឿងអាស្រូវនេះផ្ទុះឡើងកាលពីដើមខែធ្នូឆ្នាំមុន ពេលដែលលោក Prawit បានពាក់នាឡិកាដៃម៉ាក Richard Mille ដែលមានតម្លៃថ្លៃហួសស្មានដែលមានតម្លៃ ២,៦ លានបាត ឬស្មើ ៧៧០០០ដុល្លារនោះ។
ប៉ុន្តែក្រោយការស្រាវជ្រាវ គេរកឃើញថា មន្ត្រីជាន់ខ្ពស់រូបនេញមិនបានប្រកាសថាខ្លួនមាននាឡិកាថ្លៃបែបនេះឡើយពេលដែលលោកប្រកាសទ្រព្យសម្បត្តិនៅគណៈកម្មការប្រឆាំងអំពើពុករលួយកាលពីឆ្នាំ ២០១៤នោះ។ រាល់សមាជិកគណៈរដ្ឋមន្ត្រីទាំងអស់មានកាតព្វកិច្ចប្រកាសរាល់ទ្រព្យសម្បត្តិទាំងអស់របស់ខ្លួនតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ។
កាលពីឆ្នាំ ២០១៤ លោកបានប្រកាសថា លោកមានទ្រព្យសម្បត្តិទាំងអស់ ២,៥លានដុល្លារអាមេរិក ក្នុងនោះមានលុយសុទ្ធ ១,៥លានដុល្លារដម្កល់ទុកក្នុងធនាគារ៕
Tag:
Prawit Wongsuwan
ថៃ
ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com