អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របប​សឹក​ថៃ​៖ លោកស្រី យី​ង​ឡាក់ នៅមាន​ឱកាស​ដើម្បី​តទល់​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​
04, Feb 2018 , 3:38 pm        
រូបភាព
ដោយ:
 រដ្ឋាភិបាល​របប​សឹក​ថៃ បង្ហើប​ថា អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ នៅមាន​ឱកាស​ដើម្បី​ស្នើ​តុលាការ​រដ្ឋបាល​ថៃ​ឲ្យ​ពិចារណា​ជាថ្មី​ពាក់ព័ន្ធ​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​លោកស្រី ដែល​រាប់បញ្ចូល​ទាំង​ផ្ទះ​ដែល​លោកស្រី​ធ្លាប់​ស្នាក់នៅ​ផង​។ ការ​រឹបអូស​ទ្រព្យ​នេះ​គឺ​ដើម្បី​កាត់កង​សងលុយ​រដ្ឋ ព្រោះ​ពេល​កាន់អំណាច​លោកស្រី​បានធ្វើ​ឲ្យ​ខាតបង់​លុយ​រដ្ឋ​ច្រើនសន្ធឹក​។

 
​ដើម​សប្តាហ៍​កន្លងទៅ តុលាការ​រដ្ឋបាល​ថៃ បាន​បដិសេធ​សំណើ​របស់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ដែល​ស្នើ​ឲ្យ​តុលាការ​មោឃភាព​សេចក្តី​បង្គាប់​របស់​របប​សឹក​ដែល​បញ្ជា​ឲ្យ​លោកស្រី ផ្តល់​សំណង​ប្រមាណ ៣៥.៧​ពាន់​លាន​បាត (៩៩៦ លាន​ដុល្លារ​) លើ​ការខាតបង់​នៃ​គោលនយោបាយ​ស្រូវ​អង្ករ​ថៃ​ក្នុងពេល​លោកស្រី​ដឹកនាំ​ប្រទេស ។​
 
​សេចក្តីសម្រេច​ច្រានចោល​សំណើ​របស់​លោកស្រី យី​ង​ឡាក់ របស់​តុលាការ​ថៃ ដោយបាន​បញ្ជាក់ថា អំ​ណេះ​អំ​ណា​ង​របស់​លោកស្រី មិនមាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់ថា សេចក្តី​បង្គាប់​រដ្ឋបាល​របស់រ​បប​សឹក​ថា ខុសច្បាប់​ឡើយ ។ នេះ ក៏​ជាការ​បដិសេធ ជា​លើក​ទី​ពីរ​របស់​តុលាការ​ដែរ ក្រោយពី លោកស្រី យី​ង​ឡាក់ បានដាក់​សំណើសុំ​មោឃភាព​នេះ ។ 
 
​ជុំវិញ​សេចក្តីសម្រេច​នេះដែរ របប​សឹក​ថៃ ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា ក៏​មិនទាន់​បិទផ្លូវ​តវ៉ា​សម្រាប់​លោកស្រី យី​ង​ឡាក់​នៅឡើយ​ដែរ​។ របប​សឹក​បើកផ្លូវ​តវ៉ា​ឲ្យ​លោកស្រី យី​ង​ឡាក់ ដើម្បី​បង្ហាញ​ពី​ភាពត្រឹមត្រូវ​របស់ខ្លួន ជាពិសេស​ពី​កម្មសិទ្ធិ​លើ​ទ្រព្យសម្បត្តិ​មួយចំនួន ដែល​ស្ថិតនៅក្នុង​បញ្ជី​ដែល​រដ្ឋាភិបាល​ត្រូវ​រឹបអូស ។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃ​២ កុម្ភៈ លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ Wissanu Krea-gnam បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​លោកស្រី យី​ង​ឡាក់ នៅមាន​ឱកាស​ដើម្បី​ស្នើ​និង​តទល់​ទៅ​តុលាការ​រដ្ឋបាល​ជាថ្មី តាមរយៈ​មេធាវី​របសខ្លួន ។​
 
​ហើយ​ផ្ទះ​តម្លៃ រាប់លាន​ដុល្លារ​របស់លោក​ស្រី នៅក្នុង​រាជធានី​បាងកក ដែល​ស្ថិតនៅក្នុង​បញ្ជី​ទ្រព្យសម្បត្តិ​ត្រូវ​រឹបអូស​ទាំង​៣០​មុខ ក៏​អាច​ត្រូវ​ពន្យារពេល​នីតិវិធី​អនុវត្ត​ដែរ ប្រសិនបើ​លោកស្រី អាច​បង្ហាញថា វា​ជា​ទ្រព្យសម្បត្តិ​រួម ពោលគឺ​មិនមាន​ជា​ទ្រព្យសម្បត្តិ​លោកស្រី​តែម្នាក់ឯង » ។ 
 
​សូម​រម្លឹក​បន្តិច​ដែរ​ថា នៅ​ឆ្នាំ​២០១៦ កន្លងទៅ រដ្ឋាភិបាល​លោក ប្រា​យុទ្ធ បានចេញ​លិខិត​បង្គាប់បញ្ជា​ដែល​ផ្តល់​ដោយ​ប្រការ​៤៤​នៃ​រដ្ឋធម្មនុញ្ញ​ថៃ​បណ្តោះអាសន្ន​ដើម្បី​ផ្តល់​ភាពស្របច្បាប់​សម្រាប់​ខ្លួន​ក្នុងការ​រឹបអូស​ទ្រព្យសម្បត្តិ​លោកស្រី យី​ង​ឡាក់ និង​អតីត​មន្ត្រីក្រោមឱវាទរ​បស់​លោកស្រី ពាក់ព័ន្ធ​នឹង​ការធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ​តាមរយៈ​កម្មវិធី​ស្រូវ​អង្ករ​ក្នុងពេល​លោកស្រី​កាន់អំណាច ។​
 
​ការបង្គាប់​រឹបអូស​នេះ មិនបាន​ឆ្លងកាត់​ដីកា​បង្គាប់​ពី​តុលាការ​ថៃ ដែល​ចំណុច​នេះហើយ ធ្វើ​ឲ្យ​លោកស្រី យី​ង​ឡាក់ ចាត់ទុកថា ជា​រឿង​មិន​យុត្តិធម៌ ។ យ៉ាងណាក៏ដោយ កន្លងមក រដ្ឋាភិបាល​របប​សឹក ក៏​ធា្ល​ប់​បាន​បកស្រាយ​រួចហើយ​ថា ការ​រឹបអូស​ទ្រព្យ​ដែលជា​កម្មសិទ្ធិ​របស់​អតីត​នាយករដ្ឋមន្ត្រី លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់ អាចអនុវត្ត​ទៅបាន​ដោយ​មិនចាំបាច់​រង់ចាំ​ដីកា​បង្គាប់​របស់​តុលាការ​រដ្ឋបាល​ឡើយ ៕
 
 
 

Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com