ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មគ្គុទ្ទេសក៍ មើលឃើញថា​ទីផ្សារ​ទេសចរ​ចិន​នឹង​បន្ត​កើន​ឡើងជា​រៀងរាល់ឆ្នាំ​
04, Feb 2018 , 4:59 pm        
រូបភាព
​សៀមរាប​៖ ទីផ្សារ​ទេសចរ​ជនជាតិ​ចិន​មក​កម្ពុជា បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​នា​រយៈពេល​ចុងក្រោយ​នេះ​។ ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា បាន​មើលឃើញថា ទីផ្សារ​ទេសចរ​ចិន​នឹង​បន្ត​កើនឡើង​ទៅមុខទៀត ហើយនឹង​បន្ត​ឈរ​នៅ​លំដាប់​កំពូល ជា​ទេសចរ​បរទេស​ដែល​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​ច្រើនជាងគេ​។​

 
​ការមើលឃើញ​របស់លោក ទៀ គី​យូ ព្រោះថា​ប្រជាជន​ចិន​មាន​ចំនួន​ច្រើន​លើ​ពិភពលោក ហើយ​សព្វថ្ងៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ក្រសួងទេសចរណ៍ បាននិងកំពុង​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ដើម្បី​ទាក់ទាញ​ទេសចរ​ចិន ឱ្យ​ចូលមក​ប្រទេស​កម្ពុជា​កាន់តែច្រើន​។​
 
​ចរន្ត​នៃ​ការកើនឡើង​របស់​ទេស​ចរ​ចិន បានចាប់ផ្តើម​តាំងពី​ឆ្នាំ ២០១៥​មក ហើយ​តួលេខ​ប្រចាំឆ្នាំ​២០១៦ និង​២០១៧ មាន​ទេសចរ​ចិន​ប្រមាណ​ជាង ៨០​ម៉ឺន​នាក់ ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​។ តាម​ការព្យាករណ៍​រប​ស់​ក្រសួងទេសចរណ៍ ក្នុង​ឆ្នាំ​២០១៨​នេះ ចំនួន​ទេសចរ​ចិន​អាច​នឹង​កើន​ពីមួយ​លាន ទៅ​ជាង​មួយ​លាន​នាក់​។​
 
​ដោយសារ​កំណើន​ទេសចរ​ចិន​កើន​យ៉ាង​លឿន​ដូច្នេះហើយ ទើប​ធ្វើឱ្យមាន​កង្វះ​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​នេះ​។ តាម​ការលើកឡើង​រប​ស់លោក ទៀ គី​យូ សព្វថ្ងៃ​សមាគម​របស់លោក​មាន​សមាជិក​ជាង ៤០០​នាក់ ហើយ​ចំនួន​មគ្គុទ្ទេសក៍​ភាសា​ចិន​ប្រចាំ​តំបន់​សៀមរាប​ទាំងអស់ មាន​ប្រមាណ ៨០០​នាក់​តែប៉ុណ្ណោះ ដែល​មិន​សមាមាត្រ​នឹង​ចំនួន​ទេសចរ​ចិន​ដែល​សម្រុក​មកលេង​រៀងរាល់ឆ្នាំ​នោះឡើយ​។ លោក​បន្ថែមថា សម្រាប់​វិស័យ​ទេសចរណ៍​គឺមាន​រដូវ​សម្បូរ និង​ខ្សត់​ភ្ញៀវ តែ​ទេសចរ​ចិន​នេះ​មួយ គឺ​លោក​មើលឃើញថា មក​កម្សាន្ត​គ្រប់​រដូវ​កាល​។ 
 
​លោក​ប្រធាន​សមាគម ស្នើ​ដល់​ក្រសួងទេសចរណ៍ គួរ​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​មគ្គុទ្ទេសក៍​ភាសា​ចិន​ឱ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​បំពេញតម្រូវការ​ទេសច​រ​ចិន​៕
 
​ព័ត៌មាន​លម្អិត សូម​ស្តាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ទៀ គី​យូ ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា ដូចតទៅ​៖





 
 

Tag:
 មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​
  ទេសចរ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com