កីឡាជាតិ
ជាតិ
ប្រធាន FIFA លោក Gianni Infantino មក​ដឹកនាំ​កិច្ចប្រជុំ​បាល់ទាត់​នៅ​ភ្នំពេញ​
07, Feb 2018 , 3:49 pm        
រូបភាព
ប្រធាន FIFA លោក Gianni Infantino (ឆ្វេង) និងលោក ខៀវ សាម៉េត អនុប្រធាន FFC នាកិច្ច​ប្រជុំ FIFA Executive Football Summit នៅសិង្ហបុរី
ប្រធាន FIFA លោក Gianni Infantino (ឆ្វេង) និងលោក ខៀវ សាម៉េត អនុប្រធាន FFC នាកិច្ច​ប្រជុំ FIFA Executive Football Summit នៅសិង្ហបុរី
​រាជធានី​ភ្នំពេញ ត្រូវបាន​ជ្រើសរើស​ជាទី​តាំង​នៃ​កិច្ចប្រជុំ​ប្រតិបត្តិ​បាល់ទាត់​ជា​ស៊េរី​របស់ សហព័ន្ធ​កីឡា បាល់ទាត់​អន្តរជាតិ (FIFA Executive Football Summit of the 2017/2018 Series)​។ ប្រធាន FIFA លោក Gianni Infantino នឹង​ដឹកនាំ​កិច្ចប្រជុំ​នេះ​ផ្ទាល់​នា​ថ្ងៃទី​៩ ខែកុម្ភៈ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​។ នេះ​បើតាម​ការអះអាង​របស់​លោក ម៉ៃ តុលា អគ្គលេខាធិការ​ស្តីទី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC)​។



​លោក Gianni Infantino នឹង​មកកាន់​ទឹកដី​កម្ពុជា​ជា​លើកដំបូង បន្ទាប់ពី​លោក​បាន​កាន់តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ចាប់តាំងពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦  មេ​ស្ថាប័ន​បាល់ទាត់​កំពូល​វ័យ​៤៧​ឆ្នាំ​រូបនេះ  ត្រូវ​ដឹកនាំ​កិច្ចប្រជុំ កិច្ច FIFA Executive Football Summit of the 2017/2018 Series ដែល​លោក​បាន​ផ្តួចផ្តើម​ដោយផ្ទាល់​។​

FIFA Executive Football Summit គឺជា​កិច្ចប្រជុំ​ដែល​ត្រូវបាន​រៀបចំ​ឡើងជា​ស៊េរី​នៅតាម​បណ្តា​រដ្ឋ​មួយចំនួន​ដែលជា​សមាជិក​របស់ FIFA​។ កិច្ចប្រជុំ​ប្រព្រឹត្តទៅ​នៅ​១២​កន្លែង​ផ្សេងៗ​គ្នា ចន្លោះ​ខែវិច្ឆិកា ឆ្នាំ​២០១៧ ដល់​ខែមីនា ឆ្នាំ​២០១៨ ។​

​ក្នុង​កិច្ចប្រជុំ ថ្នាក់ដឹកនាំ FIFA លើកទឹកចិត្ត​ដល់​សមាជិក​របស់ខ្លួន បង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​ជា​គន្លឹះ​លើ​ការអភិវឌ្ឍន៍ និង​កែទម្រង់​ក្នុង​វិស័យ​បាល់ទាត់ ក៏ដូចជា​ការផ្លាស់ប្តូរ បទពិសោធន៍ និង​មតិយោបល់​គ្នា​។ 

​លោក ម៉ែ តុលា បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក Gianni Infantino ដែលមាន​សញ្ជាតិ​ស្វី​ស -​អ៊ីតាលី មកដល់​កម្ពុ​ជានា​ថ្ងៃទី​៨ ខែកុម្ភៈ​។ អគ្គលេខាធិការ​ស្តីទី FFC មិនបាន​បញ្ជាក់​ព័ត៌មាន​លំអិត​បន្ថែម​ទៀតឡើយ ដោយ​លោក​លើកឡើងថា FIFA ទទួលបន្ទុក​រៀបចំ​ទាំង​អស់ ហើយ​រាជធានី​គ្រាន់តែ​ជាទី​តាំង​មួយ​នៃ​កិច្ចប្រជុំ​ប៉ុណ្ណោះ​។​

FIFA Executive Football Summit ជា​ស៊េរី ចាប់ផ្តើម​ពីថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ក្រុង​បា​គូ ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ ហើយ​កិច្ចប្រជុំ​ចុងក្រោយ គ្រោង​រៀបចំ​នៅ​ក្រុង​លី​ម៉ា ប្រទេស​ប៉េ​រូ នា​ខែមីនា ឆ្នាំ​២០១៨ ។​

​យោងតាម​គេហទំព័រ​របស់ FIFA កិច្ចប្រជុំ​នៅ​ឆ្នាំនេះ ផ្តោត​ជាពិសេស​លើ​ការ​អភិ​វ​ឌ្ឈ​ន៍​បាល់ទាត់​យុវជន និង​នារី​។ មតិយោបល់ និង​ខ្លឹម​សារសំខាន់ៗ នឹង​លើក​យកទៅ​បង្ហាញ​នា​កិច្ចប្រជុំ​ក្រុមប្រឹក្សា FIFA និង​សមាជ FIFA ផងដែរ​៕


Tag:
 FIFA
  បាល់ទាត់​
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com