ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយ​គាំទ្រ​វិធានការ​ច្បាប់​នៅ​ម៉ា​ល​ឌី​វ សម្ដេច ហ៊ុន សែន ប្ដេជ្ញា​ទប់ស្កាត់​ជន​បំផ្លាញ​សេចក្តីសុខ​ជាតិ​
07, Feb 2018 , 11:55 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ពី​ការការពារ​សុខសន្តិភាព ចំពោះមុខ​កម្មករ​ជាង​១​ម៉ឺន​នាក់ នៅ​ព្រឹក​ថ្ងៃទី​៧ កុម្ភៈ​។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នេះ ប្រមុខ​រដ្ឋាភិបាល បាន​លើក​ករណី​ប្រទេស​ម៉ា​ល់​ឌី​វ ដែលមាន​ការចាប់ខ្លួន​ប្រធាន​តុលាការ​កំពូល Abdulla Saeed និង​ចៅក្រម​ម្នាក់ទៀត តាម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ប្រធានាធិបតី​Abdulla Yameen ។ និយាយ​ដល់​ត្រង់នេះ សម្ដេច ហ៊ុន សែន បានប្រកាសថា ខ្លួន​ក៏​ហ៊ាន​អនុវត្ត​វិធានការ​ច្បាប់ ទៅលើ​ជន​ណា​ដែល​បំផ្លាញ​សន្តិភាព និង​សេចក្តីសុខ​ជាតិ​ដែរ​។​

 
​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា​៖«​ម៉ា​ល​ឌី​វ​ដាក់​ប្រទេស​ក្នុងស្ថានភាព​ប្រកាសអាសន្ន​តែម្ដង ហើយពី​ម្សិលមិញ​ចាប់​ប្រធាន​តុលាការ​កំពូល​។ ព្រោះ​បើកាលណា​ប្រកាស​ប្រទេស​ដាក់​ក្នុង​គ្រា​មាន​អាសន្ន បានសេចក្តីថា​អ្វីៗ​ត្រូវ​ព្យួរ​ចោល​សិន​ហើយ ដូច្នេះ​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី បញ្ជា​កម្លាំង​ចាប់​ប្រធាន​តុលាការ​កំពូល​។ ហេតុអ្វី​បានជា​គេ​ធ្វើបែបនេះ ព្រោះ​ប្រទេស​នីមួយៗ​ដូចគ្នា​ទេ​។ វិធាន​ការដែល​គេ​ធ្វើ គឺ​គេ​ការពារ​សេចក្តីសុខ​រប​ស់​ប្រជាជន​ម៉ា​ល់​ឌី​វ ។ ឯ​យើង​វិញ​ក៏​ហ៊ាន​ធ្វើ​ចំពោះ​ជន​ណាក៏ដោយ​ដែល​ប្រព្រឹត្ត​បទល្មើស​បំផ្លាញ​ទៅដល់​សេចក្តីសុខ​របស់​ជាតិ​។ ដូច្នេះ​យើង​មិន​ខ្លាច​ធ្វើ​ទេ​»​។​
 
​កាលពីពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​រយៈពេល ១៥​ថ្ងៃ​។ ស្របពេល​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​នេះ  ប្រធានាធិបតី Abdulla Yameen ចាប់ខ្លួន​ប្រធាន​តុលាការ​កំពូល Abdulla Saeed និង​ចៅក្រម​ម្នាក់ទៀត ទាក់ទង​នឹង​ការចេញ​សាលដីកា​មួយ ដើម្បី​ដោះលែង​អ្នកទោសនយោបាយ​ប្រាំ​បួនរូប ដែល​ត្រូវបាន​រដ្ឋាភិបាល​ចាប់ខ្លួន និង​ចោទប្រកាន់ថា​ពាក់ព័ន្ធ​ករណី​ភេរវកម្ម​នោះ​នៅ​ដើមខែ​កុម្ភៈ​។ ការសម្រេចចិត្ត​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ​ខឹងសម្បារ និង​ព្រួយបារម្ភ​ខ្លាំង​ផងដែរ ហើយ​រដ្ឋាភិបាល​ក៏​មិនបាន​អនុវត្តតាម​សេចក្តីសម្រេច​តុលាកា​រដែ​រ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា តាំងពី​ឡើងកាន់តំណែង​មក លោក Yameen បាន​ចាប់​អ្នកនយោបាយ​ប្រឆាំង​ដាក់គុក​ស្ទើរ​អស់​ទៅហើយ ដែល​វា​វិធានការ​មួយ​ដើម្បី​បោសសម្អាត​រាល់​អ្នក​ដែល​អាចធ្វើ​ឲ្យ​លោក​បាត់បង់​អំណាច​ផង​៕

Tag:
 ​ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com