ជាតិ
​​​ន​យោ​បាយ​ជាតិ​
IPU ស្នើ​ឲ្យ​ស្ថាប័ន​សភា​លើ​ពិភពលោក ជួយ​អតីត​បក្ស​សង្គ្រោះ​ជាតិ​
08, Feb 2018 , 1:59 pm        
រូបភាព
អតីតទីស្នាក់ការ CNRP។ រូបថត AFP
អតីតទីស្នាក់ការ CNRP។ រូបថត AFP
សហភាព​អន្តរ​សភា ស្នើ​ឲ្យ​សភា​នៅតាម​បណ្តា​ប្រទេស​នានា​លើ​សាកលលោក ជួយ​ធ្វើ​អន្តរាគមន៍ ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ មកលើ​ក្រុមតំណាងរាស្ត្រ ក៏ដូចជា​បក្សប្រឆាំង​នៅ​កម្ពុជា​។ មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច ចាត់ទុក ការអំពាវនាវ​នេះ ថា​ជាការ​រំលោភ​លើ​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា​។


 
​ថ្មីៗ​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្តរ​សភា (IPU) ដែលមាន​ស្ថាប័ន​ផ្នែក​នីតិបញ្ញត្តិ (​រដ្ឋសភា និង​ព្រឹទ្ធសភា​)  ពី​បណ្តា​ប្រទេស​ជិត​២00 ជា​សមាជិក បាន​បើក​កិច្ចប្រជុំ ហើយក៏​ចេញ​សេចក្តីសម្រេចមួយ ជុំវិញ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​ការចាប់​លោក កឹម សុខា ដាក់ពន្ធនាគារ ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ការដក​សិទ្ធិ​នយោបាយ​រយៈពេល​៥​ឆ្នាំ ពី​ថ្នាក់ដឹកនាំ​១១៨​នាក់​នៃ​គណបក្ស​នេះ​។

តាមរយៈ​សេចក្តីសម្រេច គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្តរ​សភា ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​នីតិបញ្ញត្តិ នៅលើ​សាកលលោក ជួយ​ចូលរួម​ដោះស្រាយ​បញ្ហា​របស់​ក្រុមតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ 

​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្តរ​សភា បាន​វាយតម្លៃ​ក្នុង​សេចក្តីសម្រេច​យ៉ាង​ដូច្នេះ​ថា​៖«​សកម្មភាព​ទាំងនេះ ដែល​កើតឡើង​នៅ​កម្ពុជា គឺជា​ការរំលោភ​យ៉ាងច្បាស់ លើ​សិ​ទិ្ធ​របស់​សមាជិកសភា [​នៃ​គណបក្សប្រឆាំង​]​។ យើង សូម​អំពាវនាវ​ឲ្យ​បើកផ្លូវ​ដល់​ពួកគេ ក្នុងនាម​ជា​តំណាងរាស្ដ្រ ដើម្បី​បានធ្វើ​មាតុភូមិនិវត្តន៍​ជាបន្ទាន់ ហើយ​ធានាថា​សិទ្ធិ​របស់​ពួកគេ​ក្នុងការ​ចូលរួម​ការបោះ​ឆ្នោត​នាពេលខាងមុខ នឹងត្រូវ​បាន​គោរព​»​។​

​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្តរ​សភា នៅតែ​សម្តែង​ការព្រួយបារម្ភ អំពី​ដំណើរការ​នៃ​ការបោះឆ្នោត ក្រោយ​គណបក្សប្រឆាំង ត្រូវបាន​បង្ក្រាប​។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​មួយ​នេះ បាន​អះអាងថា គណបក្សប្រឆាំង​នៅ​កម្ពុជា បាន​រង​ការរំលោភបំពាន​ជា​យូរ​មកហើយ ដែល​សហភាព​អន្តរ​សភា បាន​ចងក្រង​និង​កត់​ត្រាទុក​នាពេល​កន្លងមក​។ 

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយតប​ថា ការអំពាវនាវ​សុំ​ជំនួយ​ពី​ស្ថាប័ន​នីតិបញ្ញត្តិ​លើ​ពិភពលោក គឺ​គ្រាន់តែ​ជាស​មានចិត្ត​របស់​គណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្តរ​សភា ដែលមាន​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​។ ប៉ុន្តែ លោក សង្កត់ធ្ងន់ថា ការអំពាវនាវ​នោះ ពុំមាន​វិសាលភាព មកលើ​ប្រទេស​កម្ពុជា​នោះទេ​។ 

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​ការអំពាវនាវ​នេះ គឺ​រំលោភ​លើ​ឯករាជ្យ​និង​អធិបតេយ្យ​កម្ពុជា​ហើយ​...»​។ បន្ទាប់មក លោក ក៏​បកស្រាយ​ទៅកាន់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្តរ​សភា​ថា លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​នៃ​គណបក្ស​នេះ បាន​សាង​កំហុស​ដោយ​ខ្លួនឯង ទើប​រង​នូវ​ចំណាត់ការ​ពី​តុលាការ​បែបនេះ​៕ 
 
 
 

Tag:
 IPU
  សុខ ឥសាន​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com