ភ្នំពេញ៖ គេបានឃើញការដាក់តាំងបង្ហាញស្នាដៃច្នៃប្រឌិត មិនថាជារ៉ូបូត ប្រព័ន្ធបញ្ជា ឬជាឧបករណ៍ផ្សេងៗរបស់និស្សិតខ្មែរជារៀងរាល់ឆ្នាំ។ តើស្នាដៃទាំងនោះ បានត្រឹមតែដាក់តាំងបង្ហាញ មិនអាចចេញជាផលិតផលចរាចរលើទីផ្សារបាន ឬយ៉ាងណា?
ការត្រឹមតែបង្កើតស្នាដៃ ដែលមិនអាចធ្វើចេញជាផលិតផលលើទីផ្សារ បាននាំការសោកស្ដាយមួយសម្រាប់អ្នកចាប់អារម្មណ៍ក្នុងវិស័យនេះ។ ប៉ុន្តែមិនមែនម្ចាស់ស្នាដៃទាំងអស់សុទ្ធតែមិនមានគំនិតអាជីវកម្មនោះទេ។
អតីតនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) លោក អ៊ឹម ដារ៉ូ ដែលធ្លាប់ល្បីខាងផ្នែកបង្កើតស្នាដៃច្នៃប្រឌិត បានប្រាប់ពីគម្រោងរបស់ក្រុមខ្លួនក្នុងការដំឡើងស្នាដៃខ្លួនឲ្យទៅជាផលិតផលប្រើប្រាស់។ លោកថ្លែងថា មានផលលំបាកសម្រាប់អ្នកច្នៃប្រឌិតមិនថារូបលោក ក៏ដូចជាអ្នកផ្សេងទៀត ព្រោះខ្វះការសហការ និងគាំទ្រ ពិសេសដើមទុនសម្រាប់ធ្វើអាជីវកម្ម (Startup) ។
ដូចនេះបានជាលោកទៅបម្រើការងារឲ្យគេជិត២ឆ្នាំហើយ បន្ទាប់ពីរៀនចប់ ដើម្បីមានដើមទុនធ្វើ Startup ។ ស្នាដៃរបស់លោក គឺប្រព័ន្ធបញ្ជាបូមទឹកស្វ័យប្រវត្តិសម្រាប់ដីស្រែចម្ការ ដែលលោកគ្រោងដំឡើងជាផលិតផលទីផ្សារនៅឆ្នាំនេះ។ នេះជាស្នាដៃមួយក្នុងចំណោមបួនស្នាដៃរបស់លោក កាលពេលជានិស្សិត។ លោក ដារ៉ូ បញ្ជាក់ថា ចំពោះស្នាដៃមួយនេះ ធ្លាប់មានក្រុមហ៊ុនមកទាក់ទងសហការបើកអាជីវកម្មដែរ តែការចរចាបានបរាជ័យទៅវិញ។ ដូច្នេះក្រុមរបស់លោកនឹងចូលទីផ្សារដោយខ្លួនឯង។
សហគ្រិន និងសាស្ត្រាចារ្យ ដែលពាក់ព័ន្ធក្នុងវិស័យនេះ បានបញ្ចេញការយល់ឃើញជុំវិញ ការឡើងទីផ្សាររបស់ម្ចាស់ស្នាដៃ។ កម្រិតច្នៃប្រឌិត គោលដៅប្រើប្រាស់ និងលកខណ្ឌមិនអំណោយផលក្នុងស្រុកមួយចំនួន ជាចំណោទសម្រាប់ម្ចាស់ស្នាដៃដែលចង់ចូលទីផ្សារ។
លោក ស សំបូរ នាយកគ្រប់គ្រងក្រុមហ៊ុន Angkor E&C បានមានប្រសាសន៍ថា ចំណុចសំខាន់នៃលទ្ធភាពចូលទីផ្សាររបស់ម្ចាស់ស្នាដៃ គឺស្ថិតនៅត្រង់មុខងារប្រើប្រាស់ និងកម្រិតច្នៃប្រឌិតរបស់ស្នាដៃនីមួយៗ។ លោកថ្លែងដូច្នេះថា៖«កន្លងមករ៉ូបូតដែលចូលរួមប្រកួតប្រជែង វាមិនមែនសម្រាប់ប្រើបានក្នុងឧស្សាហកម្ម ឬប្រើប្រាស់ទូទៅនោះទេ ដូចនេះមិនអាចចូលទីផ្សារបានទេ។ ហើយម្យ៉ាងរបស់ដែលពួកគាត់ធ្វើ គឺស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ គឺមិនទាន់អាចយកមកអនុវត្តបានក្នុងឧស្សាហកម្ម ដែលទាមទារការកែច្នៃច្រើនទៀត»។
លោក ស សំបូរ បានណែនាំដល់យុវជនដែលចង់បង្កើតស្នាដៃដាក់លក់លើទីផ្សារ គួរចូលរួមក្នុងក្រុមដែលធ្វើ Startup ផ្នែកបច្ចេកវិទ្យា ដើម្បីមានភាពគ្រប់ជ្រុងជ្រោយដល់ការបង្កើតផលិតផលអ្វីមួយ។
ស្រដៀងគ្នានេះដែរ លោក ឈួម ពិសិដ្ឋ ស្ថាបនិកអាជីវកម្មហ្គេម Direxplay លើកឡើងថា ការចូលទីផ្សាររបស់ម្ចាស់ស្នាដៃ ត្រូវតែមានភាពប្រាកដប្រជា។ លោកនិយាយយ៉ាងដូចនេះថា៖«ពេលខ្លះគាត់បង្កើតបាន មើលទៅហាក់មានប្រយោជន៍ តែពេលដាក់មកអនុវត្តលើទីផ្សារ តើវាទៅកើតដែរទេ? ហើយផលិតផលដែលដាក់ឲ្យគេប្រើ យើងមិនទាន់រួចខ្លួនទេ គឺយើងត្រូវចាំត្រួតពិនិត្យមើលជាប់រហូត ដូចនេះសួរថាគាត់រួចរាល់ឬនៅមុនចូលទីផ្សារ»។
ភាពអាចអនុវត្តបានលើការប្រើប្រាស់ជាក់ស្ដែង គឺចំណុចសំខាន់បំផុតសម្រាប់ការចូលទីផ្សាររបស់ស្នាដៃផ្សេងៗ។ នេះបើតាមសហគ្រិនទាំងពីររូបខាងលើ។ រីឯបញ្ហាថវិកា អ្នកទាំងពីរថ្លែងថា អ្នកធ្វើ Startup ផ្នែកបច្ចេកវិទ្យា អាចរកថវិកាខ្លះពីប្រភពទុនមួយចំនួន ដូចជា មូលនិធិគាំទ្រ Startup របស់ក្រុមហ៊ុនទូរសព្ទចល័តស្មាត និងមូលនិធិផ្សេងៗទៀត រួមទាំងការវិនិយោគពីដៃគូឯកជនផងដែរ។ លោក ស សំបូរ អះអាងថា ទោះបីប្រភពទុនមិនច្រើនដូចនៅប្រទេសគេ តែនៅកម្ពុជាម្ចាស់ស្នាដៃនៅតែអាចរកទុនបានមួយចំនួន តាមរយៈការបង្ហាញស្នាដៃ និងម៉ូដែលអាជីវកម្មក្នុងកម្មវិធីផ្សេងៗ ដើម្បីទាក់ទាញអ្នកដាក់ទុន និងអ្នកគាំទ្រ។
រីឯលោក ឡាយ រម្យនា អ្នកសម្របសម្រួលស្រាវជ្រាវវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យន័រតុន មានប្រសាសន៍ថា លោកចង់ឲ្យស្នាដៃនិស្សិតចូលក្នុងទីផ្សារ ដើម្បីជំរុញការច្នៃប្រឌិតផ្សេងៗជាច្រើនទៀត ជាជាងបានត្រឹមដាក់តាំងពិព័រណ៍។ «ពេលខ្លះពួកខ្ញុំស្ដាយដែរ ស្នាដៃត្រូវដាក់តាំងពិព័រណ៍មួយភ្លែត រួចទុកចោលក្នុងឃ្លាំង មួយឆ្នាំក្រោយមកពួកគាត់ក៏ភ្លេចទៅវិញ ដូចនេះស្នាដៃត្រូវកប់ចោល ហើយចុងបញ្ចប់ពួកគាត់ចេញទៅបម្រើការងារធម្មតាៗវិញ»។ លោក រម្យនា ថ្លែងបែបនេះ។
លោកសាស្ត្រាចារ្យរូបនេះ យល់ថា និស្សិតកម្ពុជាមានសមត្ថភាពអាចផលិតឧបករណ៍ច្នៃប្រឌិតផ្សេងៗសម្រាប់បម្រើឲ្យទីផ្សារ ប៉ុន្តែលក្ខខណ្ឌផ្សេងៗនៅកម្ពុជាមិនអំណោយផល ដែលជាឧបសគ្គ។ លោកឲ្យដឹងថា កម្ពុជាខ្វះរោងចក្រកែច្នៃផលិតផលសម្រេច ហើយគ្រឿងផ្គុំផ្សេងៗថ្លៃដោយត្រូវនាំចូលពីក្រៅ។ ម្យ៉ាងទៀត ផ្នត់គំនិតមិនសូវឲ្យតម្លៃលើផលិតផលក្នុងស្រុក ក៏ត្រូវបានលោកចាត់ជារនាំងមួយផងដែរ។ ក្រៅពីនេះ អ្នកច្នៃប្រឌិតជួបបញ្ហាលួចចម្លងកម្មសិទ្ធិបញ្ញា។
បើតាមលោក ឡាយ រម្យនា សាកលវិទ្យាល័យន័រតុនក្នុងមួយឆ្នាំមានស្នាដៃនិស្សិតដែលត្រូវយកទៅតាំងបង្ហាញ និងប្រកួតក្នុងកម្មវិធីផ្សេងៗ ប្រមាណជិត ១០ ស្នាដៃ។
លោកបន្ថែមថា កម្ពុជានៅខ្វះថវិកាដែលគាំទ្រអ្នកច្នៃប្រឌិត និងខ្វះក្រុមហ៊ុនចាំសហការជាមួយអ្នកទាំងនោះ ខណៈដែលជីវភាពរបស់និស្សិតខ្លួនឯងផ្ទាល់នៅខ្សត់ខ្សោយ។
លោក ឡាយ រម្យនា លើកឡើងថា ដើម្បីក្លាយជាប្រទេសជឿនលឿនផ្នែកបច្ចេកវិទ្យាទៅបាន កម្ពុជាត្រូវតែបោះជំហ៊ាន ទោះដើរក្រោយគេ ដោយមិនអាចចាំតែប្រើសម្ភារនាំចូលពីបរទេសនោះទេ។ លោកថ្លែងដូច្នេះថា៖«ដោយមើលឃើញប្រទេសគេផលិត Iphone, Samsung បាន ហើយយើងមិនបោះជំហ៊ានដំបូងទេ យើងក៏គ្មានជំហ៊ានទីពីរ ទីបីរ ដូចគេដែរ»៕