ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន បន្ត​ព្រមាន​ដកតំណែង​មន្ត្រី ចំពោះ​វត្តមាន​រថយន្ត​ត​ទ្រុង​
11, Feb 2018 , 4:46 pm        
រូបភាព
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី ៩ កុម្ភៈ​កន្លងទៅ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច ហ៊ុន សែន បាន​ព្រមាន​ដក​អភិបាល​រាជធានី​-​ខេត្ត ដោយសារ​បញ្ហា​រថយន្ត​ត​ទ្រុង​សណ្ដោង​។ ក្រោយពី​មានការ​ព្រមាន​បែបនេះ អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​បាន​ចុះ​អន្តរាគមន៍​តាម​ប្រសាសន៍​របស់​សម្ដេច​។ បើតាម​សម្ដេច ហ៊ុន សែន របាយការណ៍​ជំហាន​ដំបូង គឺ​រថយន្ត ៨១​គ្រឿង ត្រូវបាន​កាត់​ទ្រុង​ចេញ​, ៧៦​គ្រឿង ដោះ​ទ្រុង​សណ្តោង​ចេញ និង ៣១០​គ្រឿង​ទៀត​កំពុង​ត្រៀម​កាត់​ទ្រុង​ចេញ​។


​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច ហ៊ុន សែន របាយការណ៍​ជំហាន​ដំបូង​បង្ហាញថា មាន​រថយន្ត​កែច្នៃ​ដាក់​ទ្រុង​សណ្តា​ង​ធំៗ​ខុស​បច្ចេកទេស​ចំនួន ៨១​គ្រឿង​ដែល​បាន​កាត់​ទ្រុង​ចេញ និង​រថយន្ត​ចំនួន ៧៦​គ្រឿង​ត្រូវបាន​ដោះ​ទ្រុង​សណ្តោង​ចេញ​។ ដោយឡែក រថយន្ត​ចំនួន ៣១០​គ្រឿង​ទៀត កំពុង​ត្រៀម​កាត់​ទ្រុង​ចេញ​។​
 
​បន្ទាប់ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​អន្តរាគមន៍​លើ​បញ្ហា​នេះ សម្ដេច ហ៊ុន សែន ក៏បាន​សរសេរ​សារ​អរគុណ​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​សូម​អរគុណ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គណកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ដែល​កំពុង​ពង្រឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍ និង​ត្រួតពិនិត្យ​យានយន្ត​កៃ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​នៅ​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់​ការដឹក​ទំនិញ​លើស ទម្ងន់​កំណត់ដោយ​ច្បាប់ ដែល​បង្ក​អោយ​ខូច​ផ្លូវ​ស្ពាន និង​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​ដល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​»​។​
 
​សារ​របស់​សម្ដេច​ខាងលើ ក៏បាន​បញ្ជាក់ទៀតថា​៖  «​ចំពោះ​រថយន្ត​ត​ទ្រុង និង​កាត់ត​កែច្នៃ​ទាំងអស់ បើ​ឃើញ​មាន​បើកបរ​នៅ​ខេត្ត​ណា ឬ​ស្រុក​ណា គឺ​ត្រូវ​ចាប់​ទុក​ទាំងអស់​។ ទាំង​រដ្ឋមន្ត្រី ទាំង​ចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំង​ចៅហ្វាយស្រុក គឺ​ត្រូវ​ទទួលខុសត្រូវ​។ បើ​មិន​ចាត់វិធានការ​ទេ គឺ​ប្រឈម​នឹង​ការដក​តួនាទី​មុខតំណែង​»​។ 
 
​សម្ដេច ក៏​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូល​បញ្ចេញយោបល់ (Comment) ចូលក្នុង​ទំព័រ Facebook របស់​សម្ដេច​ផងដែរ​ចំពោះ​បញ្ហា​រថយន្ត​ត​ត​ទ្រុង​នេះ​។ សម្ដេច ហ៊ុន សែន លើកឡើង​ដូច្នេះ​៖ «​ជនរួមជាតិ​អាច​ចូលមក​ផ្ញើ​សារ ចូលក្នុង Facebook ខ្ញុំ​។ ពេលនេះ​ខ្ញុំ​នឹង​ចាត់វិធានការ​ដោយ​ខ្លួនឯង បើ​មន្ត្រី​ពាក់​ព័​ន្ឋ​ទាំងនោះ​មិន​អនុវត្តន៍​»៕

Tag:
 រថយន្ត​ត​ទ្រុង​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com