ជាតិ
សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​អតីត​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច ពាក់ព័ន្ធ​ការបញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​
12, Feb 2018 , 11:46 am        
រូបភាព
រូបពីហ្វេសប៊ុកបណ្ដាញព័ត៌មានខ្មែរឥស្លាម៖ លោក អះម៉ាត់ យ៉ះយ៉ា (អង្គុយកណ្ដាលស្ត្រីខ្មែរឥស្លាម)
រូបពីហ្វេសប៊ុកបណ្ដាញព័ត៌មានខ្មែរឥស្លាម៖ លោក អះម៉ាត់ យ៉ះយ៉ា (អង្គុយកណ្ដាលស្ត្រីខ្មែរឥស្លាម)
​ភ្នំពេញ​៖ សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​អតីត​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក អះ​ម៉ាត់ យ៉ះ​យ៉ា និង​បក្សពួក​មួយចំនួនទៀត ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ពលករ​ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​អំឡុង​ឆ្នាំ​២០០៤ ។



​ការ​តាម​ចាប់ខ្លួន​លោក អះ​ម៉ាត់ យ៉ះ​យ៉ា នេះ​ធ្វើឡើង បន្ទាប់ពី​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ អ៊ី​ស្មា​អែល ពិន​ឧស្ម័ន ដែល​ត្រូវជា​ក្មួយ​អតីត​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​រូបនេះ កាលពី​ថ្ងៃទី​៩ កុម្ភៈ ទាក់ទង​នឹង​ករណី​ឃោសនា​ជ្រើសរើស​ពល​ការិនី​ឲ្យ​ទៅធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​ដោយ​ខុសច្បាប់ ។ ក្នុងករណីនេះ​សមត្ថកិច្ច សន្និដ្ឋានថា លោក អះ​ម៉ាត់ យ៉ះ​យ៉ា ក៏​ជាប់​សង្ស័យ​ករណី​ខាងលើនេះ​ផងដែរ​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដែល​បាន​ចុះផ្សាយ​ព័ត៌មាន​នេះ បាន​រៀបរាប់​ដូច្នេះ​ថា​៖« កាលពី​អំឡុង​ឆ្នាំ​២០០៤ ជនសង្ស័យ​ខាងលើ បាន​ឃោសនា​ក្នុងភូមិ​ថា ឈ្មោះ អះ​ម៉ាត់ យ៉ះ​យ៉ា ត្រូវជា​ពូ​របស់ខ្លួន​ត្រូវការ​ជ្រើសរើស​ពល​ការិនី​បញ្ជូនទៅ​ធ្វើការ​ជា​ជំនួយការ​មេផ្ទះ នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ប្រាក់​ឈ្នួល ២២០​ដុល្លារ​អាមេរិក កិច្ចសន្យាការងារ​រយៈ​ពេល​២​ឆ្នាំ ចំពោះ​ឯកសារ បែបបទ​លិខិតឆ្លងដែន និង​ថ្លៃ​ធ្វើដំណើរ ឈ្មោះ អះ​ម៉ាត់ យ៉ះ​យ៉ា ជា​អ្នកចំណាយ »​។

​អគ្គស្នងការ​នគរបាល​ជាតិ បាន​បន្ថែមថា ក្រោយពី​ផ្សព្វផ្សាយ​បែបនេះ ក៏មាន​ស្ត្រី​ពលករ​ខ្មែរ​២២​នាក់​ស្ម័គ្រចិត្ត​ទៅ​ប្រទេស​អារ៉ាប់​បី​សា​អូឌីត ហើយ​ជនសង្ស័យ អ៊ី​ស្មា​អែល ពិន​ឧស្ម័ន បាន​នាំ​ពួកគេ​ទាំងនោះ​ទៅ​ជួប​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ។

«​ក្នុងនោះ​ពលករ​ម្នាក់​អាយុ ១៥​ឆ្នាំ ត្រូវបាន​ឈ្មោះ អះ​ម៉ាត់ យ៉ះ​យ៉ា ក្លែង​អត្តសញ្ញាណ​ដោយ​ប្រើ​ឯកសារ​ដាក់​អាយុ ២២​ឆ្នាំ​វិញ ហើយ​បាន​បញ្ជូន​ទៅធ្វើជា​ស្ត្រី​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ។ នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ជនរងគ្រោះ​ត្រូវបាន​ថៅកែ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម បិទ​សិទ្ធ​សេរីភាព ហើយ​ជនរងគ្រោះ​ម្នាក់​(​អាយុ​១៥​ឆ្នាំ​) ត្រូវបាន​គេ​លក់​ទៅ​ថៅកែ​ជា​ម្ចាស់​ទី​១ ទៅ​ថៅកែ​ទី​២ ក្នុងតម្លៃ ២០០០០​ដុល្លារ ឲ្យ​ធ្វើ​ការងារ​ផ្ទះ ហើយ​រង​ការរំលោភ​ផ្លូវភេទ និង​មិន​ទទួលបាន​ប្រាក់​ឈ្នួល​តាំងពី​ពេល​បញ្ជូនទៅ រហូតដល់​អំឡុង​ខែសីហា ឆ្នាំ​២០១៧ »​។ នេះ​ជាការ​បកស្រាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​កំពុង​តាម​ចាប់​លោក អះ​ម៉ាត់ យ៉ះ​យ៉ា និង​បក្សពួក​មួយចំនួនទៀត ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​។​

​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ដើម្បី​សុំ​ការអត្ថាធិប្បាយ​លើ​ករណីនេះ​នៅឡើយ​ទេ​។

​តែបើ​តាម​ការចុះផ្សាយរ​បស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក អះ​ម៉ាត់ យ៉ះ​យ៉ា បាន​បដិសេធ​សំណុំ​រឿងនេះ ដោយ​លោក​ចាត់ទុក​ករណីនេះ ជាការ​ប្រឌិត​ឡើង ដោយ​លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ធ្លាប់ជា​គូ​ជម្លោះ​លើ​បញ្ហា​គម្រោង​ផ្លូវ​កាត់​វិហារ​ឥស្លាម នៅ​ម្ដុំ​បឹងកក់​កន្លងមក​។ លោក យ៉ះ​យ៉ា ចោទ​លោក ហាស្សាន់ ថា រៀបចំ​គម្រោង​នេះ​ឡើង ក្នុង​គោលបំណង​ចាប់ខ្លួន​លោក​ប៉ុណ្ណោះ​។​

​ប៉ុន្តែ​ការចោទប្រកាន់​របស់លោក អះ​ម៉ាត់ យ៉ះ​យ៉ា នេះ ត្រូវបាន​លោក អូស្មាន ហាស្សាន់ បដិសេដថា គ្មាន​រឿង​អ្វី​ពាក់ព័ន្ធ​នឹង​ខ្លួន​ឡើយ ព្រោះ​ករណី​តាម​ចាប់ខ្លួន​លោក អះ​ម៉ាត់ យ៉ះ​យ៉ា នេះ គឺ​សមត្ថកិច្ច​ធ្វើឡើង​តាម​បណ្ដឹង​ជនរងគ្រោះ​។ ភ្នំពេញ​ប៉ុស្តិ៍ បាន​ស្រង់​សម្តី​លោក ហាស្សាន់ ដូច្នេះ​ថា​៖ «​ការចាប់ខ្លួន​របស់ អះ​ម៉ាត់ យ៉ះ​យ៉ា គឺជា​តួនាទី​របស់​សមត្ថកិច្ច​គឺ​នគរបាល​ដែល​ទទួលបន្ទុក​ខាង​កិច្ចការ​ទាំងអស់នោះ ហើយ​បើ​មានការ​ដោះស្រាយ​ទៅលើ​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នោះ​ជា​សមត្ថកិច្ច​របស់​តុលាការ​។ ចំណែក​ខាង​ក្រសួង​ការងារ​គឺ​យើង​មាន​តួនាទី​ក្នុង​ការជួយ​ជនរងគ្រោះ​ត្រឡប់មកផ្ទះ​វិញ​ដោយ​សុវត្ថិភាព​»​។

​គួរ​បញ្ជាក់ថា លោក អះ​ម៉ាត់ យ៉ះ​យ៉ា ដែល​ត្រូវជា​ពូ​របស់លោក អូស្មាន ហាស្សាន់ ផង​នោះ ត្រូវបាន​តុលាការ​ធ្លាប់​កាត់​ឲ្យ​ចាញ់ក្តី​លោក ហា​ហ្សា​ន់ ពីបទ​បរិហារកេរ្តិ៍ ហើយ​សងជំងឺចិត្ត​លោក អូស្មាន ហាស្សាន់ ១០០ លាន​រៀល និង​បង់ពិន័យ​រដ្ឋ ៥ លាន​រៀល​កាលពី​ខែសីហា​ឆ្នាំ ២០១៦ ទាក់ទង​នឹង​គម្រោង​ធ្វើ​ផ្លូវ​កាត់​តំបន់​បឹងកក់ ក្បែរ​វិហារ​ឥស្លាម​។ ក្រោយមក​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​តំណែង ពី​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា កាលពី​ខែកញ្ញា ឆ្នាំ​២០១៧​ផងដែរ​៕


Tag:
 អះ​ម៉ាត់ យ៉ះ​យ៉ា​
  អូស្មាន ហាស្សាន់​
 ​ពលករ​
© រក្សាសិទ្ធិដោយ thmeythmey.com