កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ តើ PSG ដែលមាន Neymar អាច​គំរាម Real ដែលមាន Ronaldo បានដែរ​ឬទេ​?
14, Feb 2018 , 7:59 am         1419
រូបភាព
​ក្រុម​ម្ចាស់​ជើងឯក​ចាស់ Real Madrid នឹងត្រូវ​ស្វាគមន៍​ក្រុម​កំពុង​ឡើង​ជើង Paris Saint Germain ក្នុង​ក្របខណ្ឌ UEFA Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ នៅ​រាត្រី​ថ្ងៃទី​១៤ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ ខែកុម្ភៈ​នេះ​។ វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​ពិសេស​មួយ និង​ជាការ​ធ្វើតេស្ត​សម្រាប់ PSG ដើម្បី​បង្ហាញថា​តើ​ពួកគេ​មានការ​វិវត្តន៍​ដល់​កម្រិតណា​ក្រោយ​ចំណាយលុយ​លើ​កីឡាករ​យ៉ាង​សន្ធឹក​រដូវ​កាល​នេះ​។​


​ការប្រកួត​ជើង​ទីមួយ​រវាង Real Madrid និង PSG ត្រូវធ្វើឡើង​ក្នុង​ទឹកដី Santiago Bernabue វេលា​ម៉ោង ២:៤៥ នាទី​យប់​នេះ​។ ក្រុម​ដែល​កំពុង​នាំមុខ​ពិន្ទុ​នៃ​ក្របខណ្ឌ​លី​ក​កំពូល​បារាំង​បានបង្ហាញ​ខ្លួន​ដ៏​អស្ចារ្យ​កាលពី​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល B ជាមួយនឹង​ការរក​គ្រាប់​បាល់​យ៉ាងច្រើន​រហូតដល់ ២៥​គ្រាប់​ក្នុងចំណោម ៦​ប្រកួត ហើយ​គេ​ស៊ុត​ចូល​វិញ​តែ ៤​គ្រាប់​ប៉ុណ្ណោះ​។​

​នេះ​ជាការ​បង្ហាញ​ភាពខ្លាំង​នៅ​តំបន់​ប្រយុទ្ធ​របស់ PSG ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​រដូវ​កាល​នេះ ក្រោយពី​ចំណាយលុយ​ទិញ​ចូល​កីឡាករ​ល្បីៗ​ដូចជា Neymar និង Kylian Mbappe ជាដើម​មក​រួម​ក្រុម​នោះ​។​

​ចំណែក​ក្រុម​រហស្សនាម​អធិរាជ​ស ដែលជា​ម្ចាស់​ជើងឯក​កាលពី​រដូវ​កាល​មុន បង្ហាញខ្លួន​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​មិនសូវ​ល្អ​នោះទេ ដោយ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២​ពូ​ល H ឈ្នះ ៤ ស្មើ​១ ចាញ់​១ ក្នុងចំណោម​៦​ប្រកួត​។ រីឯ​ការប្រកួត​ក្នុង​ក្របខណ្ឌ La Liga វិញ Real Madrid ក៏​ធ្វើ​មិនបាន​ល្អ​ដែរ ដោយ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ៤ មាន​៤២​ពិន្ទុ តាម​ពីក្រោយ​ក្រុម​នាំ​មុនគេ Bacelona ដល់​ទៅ​១៧​ពិន្ទុ​ឯណោះ​។

​បើតាម​ស្ថិតិ​ខាងលើ PSG មានការ​បង្ហាញខ្លួន​ល្អ​ជាង Real Madrid ស​ប្រាប់​រដូវ​កាល​នេះ​ទាំង​ការប្រកួត​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ប៉ុន្តែ​យ៉ាងណា​នោះ ក្រុម​ទាំងពីរ​នឹងត្រូវ​ជួបគ្នា​២​លើក​ដើម្បី​កាត់សេចក្តី​ថា​ក្រុម​ណា​អាច​ទៅ​វគ្គ​បន្ត។ ការ​ប្រកួត​លើក​ទី​២​នឹងធ្វើ​ឡើង​នៅ​ទឹកដី Parc De Princes របស់ PSG វិញ​ម្តង នៅ​ថ្ងៃទី ៦ ខែមីនា​ឆ្នាំ ២០១៨៕
 
Tag:
 បាល់ទាត់​
  Real Madrid
  UEFA Champions League
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1415next