កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ តើ PSG ដែលមាន Neymar អាចគំរាម Real ដែលមាន Ronaldo បានដែរឬទេ?
× ក្រុមម្ចាស់ជើងឯកចាស់ Real Madrid នឹងត្រូវស្វាគមន៍ក្រុមកំពុងឡើងជើង Paris Saint Germain ក្នុងក្របខណ្ឌ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីថ្ងៃទី១៤ រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកុម្ភៈនេះ។ វានឹងក្លាយជាការប្រកួតដ៏ពិសេសមួយ និងជាការធ្វើតេស្តសម្រាប់ PSG ដើម្បីបង្ហាញថាតើពួកគេមានការវិវត្តន៍ដល់កម្រិតណាក្រោយចំណាយលុយលើកីឡាករយ៉ាងសន្ធឹករដូវកាលនេះ។
ការប្រកួតជើងទីមួយរវាង Real Madrid និង PSG ត្រូវធ្វើឡើងក្នុងទឹកដី Santiago Bernabue វេលាម៉ោង ២:៤៥ នាទីយប់នេះ។ ក្រុមដែលកំពុងនាំមុខពិន្ទុនៃក្របខណ្ឌលីកកំពូលបារាំងបានបង្ហាញខ្លួនដ៏អស្ចារ្យកាលពីប្រកួតក្នុងវគ្គជម្រុះក្នុងពូល B ជាមួយនឹងការរកគ្រាប់បាល់យ៉ាងច្រើនរហូតដល់ ២៥គ្រាប់ក្នុងចំណោម ៦ប្រកួត ហើយគេស៊ុតចូលវិញតែ ៤គ្រាប់ប៉ុណ្ណោះ។
នេះជាការបង្ហាញភាពខ្លាំងនៅតំបន់ប្រយុទ្ធរបស់ PSG ក្នុងក្របខណ្ឌកំពូលអឺរ៉ុបរដូវកាលនេះ ក្រោយពីចំណាយលុយទិញចូលកីឡាករល្បីៗដូចជា Neymar និង Kylian Mbappe ជាដើមមករួមក្រុមនោះ។
ចំណែកក្រុមរហស្សនាមអធិរាជស ដែលជាម្ចាស់ជើងឯកកាលពីរដូវកាលមុន បង្ហាញខ្លួនក្នុងវគ្គជម្រុះតាមពូលមិនសូវល្អនោះទេ ដោយស្ថិតនៅចំណាត់ថ្នាក់លេខ២ពូល H ឈ្នះ ៤ ស្មើ១ ចាញ់១ ក្នុងចំណោម៦ប្រកួត។ រីឯការប្រកួតក្នុងក្របខណ្ឌ La Liga វិញ Real Madrid ក៏ធ្វើមិនបានល្អដែរ ដោយស្ថិតនៅចំណាត់ថ្នាក់ទី ៤ មាន៤២ពិន្ទុ តាមពីក្រោយក្រុមនាំមុនគេ Bacelona ដល់ទៅ១៧ពិន្ទុឯណោះ។
បើតាមស្ថិតិខាងលើ PSG មានការបង្ហាញខ្លួនល្អជាង Real Madrid សប្រាប់រដូវកាលនេះទាំងការប្រកួតក្នុងស្រុក និងក្រៅស្រុក។ ប៉ុន្តែយ៉ាងណានោះ ក្រុមទាំងពីរនឹងត្រូវជួបគ្នា២លើកដើម្បីកាត់សេចក្តីថាក្រុមណាអាចទៅវគ្គបន្ត។ ការប្រកួតលើកទី២នឹងធ្វើឡើងនៅទឹកដី Parc De Princes របស់ PSG វិញម្តង នៅថ្ងៃទី ៦ ខែមីនាឆ្នាំ ២០១៨៕
Tag:
បាល់ទាត់
Real Madrid
UEFA Champions League
Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com