ជាតិ
​មាត្រា​ថ្មី ដែល​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ឲ្យ​ជាប់ពន្ធនាគារ​ពី ១ ទៅ ៥​ឆ្នាំ ត្រូវបាន​សភា​អនុម័ត​
14, Feb 2018 , 10:22 am        
រូបភាព
 សម្តេចក្រុមព្រះនរោត្តម រណឫទ្ធី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ចូលរួមក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២0១៨
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ចូលរួមក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២0១៨
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តាមរយៈ​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២0១៨​នេះ តំណាងរាស្ត្រ​ទាំង​១២៣រូប ​មកពី​គណបក្សទាំង៤ បានអនុម័ត​មាត្រា​ថ្មី នៃ​ក្រម​ព្រហ្មទណ្ឌ ដើម្បី​ដាក់ទោស​រូបវន្ត​បុគ្គល និង​នីតិបុគ្គល ដែល​ប្រមាថ​ព្រះមហាក្សត្រ​។



​មាត្រា​ថ្មី​នេះ ដែល​ទើបនឹង​តាក់តែង ដើម្បី​បញ្ចូល​ទៅក្នុង​ក្រមព្រហ្មទណ្ឌ បាន​ចែងថា បុគ្គល​ណា (​រូបវន្តបុគ្គល​) ប្រមាថ​ព្រះមហាក្សត្រ នឹងត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី ១ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១0​លាន​រៀល​។ រីឯ នីតីបុគ្គល ដែល​សំដៅលើ​អង្គភាព ស្ថាប័ន អង្គការ ឬ​ក្រុមហ៊ុន ជាដើម អាច​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​ផ្សេងៗ​ទៀត ក្នុងករណី​ប្រមាថ​ព្រះមហាក្សត្រ​។​

​យ៉ាងណាក៏ដោយ មាត្រា​ថ្មី​ខាងលើ នឹង​ក្លាយជា​ច្បាប់ ហើយ​ដាក់​ឲ្យ​អនុវត្ត​ទៅបាន លុះត្រាតែ ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម ប្រកាស​ឲ្យ​ប្រើប្រាស់​ជាមុនសិន​។

​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែងថា ព្រះមហាក្សត្រ ជា​ព្រះប្រមុខរដ្ឋ​មួយជីវិត ដោយ​មិនអាច​នរណា រំលោភបំពាន​បានឡើយ​៕​

Tag:
 ព្រះមហាក្សត្រ​
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com