ជាតិ
ថៃ ដោះលែង​ពលរដ្ឋ​ខ្មែរ​២៧៤​នាក់​វិញ ខណៈ​ជាង​១០​នាក់​ទៀត កំពុង​រង​ការចោទប្រកាន់​
14, Feb 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អាជ្ញាធរ​ថៃ បាន​ឃាត់ខ្លួន​ពលករ​ខ្មែរ ដែល​ឆ្លងដែន​ខុសច្បាប់​២៨៩​នាក់ ក្នុង​រយៈពេល​២​ថ្ងៃ​កន្លងមក​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។



​ប្រធាន​គណៈកម្មាធិការ​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​លោក សរ សំណាង បាន​និយាយថា ភាគី​ថៃ​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ផ្សារណាត់​ក្បែរ​ព្រំដែន ក្នុងស្រុក​តាប់​ប្រា​យ៉ា​ប្រទេស​ថៃ នៅ​គ្រា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទិញ​ទំនិញ និង​ជីគីមី​ដឹក​តាម​គោ​យ​យន្ត​មក​កម្ពុជា​។ លោក សរ សំណាង បាន​បន្ថែមថា កម្លាំងយោធា​ប៉ា​រ៉ា​ថៃ ឃាត់​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ក្រោម​ហេតុផល​ថា នាំចេញ​ទំនិញ​ខុសច្បាប់​។​

​ប្រធាន​គណៈកម្មាធិការ​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​ថៃ​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២៧៤​នាក់​និង​ឃាត់​គោយន្ត​ដឹក​ជី​៦៥៥​កា​រ៉ុង ចោទថា​ទិញ​នាំចេញ​ខុសច្បាប់​។​ក្រោយពេល​ឃាត់​ប្រជាពលរដ្ឋ​និង​យក​ជីគីមី​ហើយ​អាជ្ញាធរ​និង​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចូល​សម្របសម្រួល​ជាមួយ​ភាគី​ថៃ​ទើប​សម្រេច​ដោះលែង​ប្រជាពលរដ្ឋ​និង​គោយន្ត​តែ​ដកហូត​ជីគីមី​ចំនួន​២០០​កា​រ៉ុង​ទុក​»​។​

​បើតាម​លោក សរ សំណាង ពលរដ្ឋ​ខ្មែរ​១៥​នាក់​ទៀត ដែល​ភាគី​ថៃ​ឃាត់ខ្លួន​ក្នុងករណី​ឆ្លងដែន​ខុសច្បាប់​នោះ មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ ដោយសារ​ភាគី​ថៃ​កំពុង​ចាត់វិធានការ​តាមច្បាប់​។ «​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​និង​មន្ត្រី​គណៈកម្មាធិការ​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​ចូលទៅ​សម្របសម្រួល​ដែរ​តែ​ភាគី​ថៃ​មិន​យល់ព្រម​ហើយ​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ដែល​ចោទប្រកាន់​ពីបទ​ឆ្លងដែន​ខុសច្បាប់​ត្រូវបាន​អនុវត្ត​តាមច្បាប់​»​។ នេះ​បើតាម​លោក សរ សំណាង​។​

​គួរ​បញ្ជាក់ថា អាជ្ញាធរ​ថៃ កំពុង​ចាត់វិធានការ​ម៉ឺងម៉ាត់ លើ​ការ​ចំណាកស្រុក​ខុសច្បាប់​របស់​ពលករ​ពី​ប្រទេស​នានា ចូល​ទឹកដី​ថៃ​។ រដ្ឋាភិបាល​ថៃ បានចេញ​ក្រឹត្យ​ស្ដីពី​ច្បាប់​គ្រប់គ្រង​ពលករ​បរទេស​ដ៏​តឹងរ៉ឹង ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​២៣ មិថុនា​ឆ្នាំ​២០១៧ មាន​គោលដៅ​ត្រួតពិនិត្យ​ចំនួន​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ ក៏ដូចជា​ពលករ​បរ​ទេស​ដែល​កំពុងធ្វើការ​ខុសច្បាប់​នៅ​ថៃ​ដែរ​៕


Tag:
 ថៃ​
  ពលករ​
© រក្សាសិទ្ធិដោយ thmeythmey.com