ជាតិ
លោក ម៉ម ប៊ុនហេង​៖ ការ​«​បរិច្ចាគ​ឈាម​» ជា​វប្បធម៌​ល្អ​នៃ​ការផ្សារភ្ជាប់​ជីវិត​ជនរួមជាតិ​
15, Feb 2018 , 7:19 am        
រូបភាព
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នៃ​ក្រសួងសុខាភិបាល បានរៀបចំ​យុទ្ធនា​ការផ្តល់​ឈាម  ដែល​ក្រោម​ពាក្យស្លោក «​ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់​»​នៅ​ថ្ងៃទី​១៤ កុម្ភៈ ដើម្បីឱ្យ​សាធារណជន ចូលរួម​ផ្តល់​ឈាម​ដោយ​សេចក្តីស្រឡាញ់ និង​អាណិតអាសូរ​ដល់​ជនរងគ្រោះ ដែល​ត្រូវការ​ឈាម​ក្នុងការ​ព្យាបាល និង​ជួយសង្គ្រោះ​ជីវិត​។



​ថ្លែង​សន្ទរកថា​ក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម​នេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​និយាយថា ចលនា​នៃ​ការផ្តល់​ឈាម​នេះ អាចបង្កើត​បានជា​វប្ប​ធម៌​ដ៏​ល្អ​មួយ​សម្រាប់​សង្គម ពោល​មានន័យថា ឈាម​បាន​ផ្សារភ្ជាប់​ជីវិត និង​សេចក្តីស្រឡាញ់​របស់​ប្រជាជន​គ្រប់រូប​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លើកឡើង​ដូច្នេះ​ថា​៖«​យុវជន យុវនារី​ត្រូវ​ចូលរួម​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត ឲ្យ​បាន​ច្រើនឡើង ទាំង​អ្នក​នៅ​រាជធានី​ភ្នំពេញ និង​ទាំង​អ្នក​នៅតាម​បណ្តា​ក្រុង​នានា ដើម្បី​ជួយសង្គ្រោះ​ដល់​អ្នក​ដែល​ត្រូវការ​ឈាម​»​។



​ចាប់តាំងពី​ឆ្នាំ​២០១៤​មក មជ្ឈមណ្ឌល​ផ្ដល់​ឈាម​នៃ​ក្រសួងសុខាភិបាល បានរៀបចំ​យុទ្ធនាការ​បរិច្ចាគ​ឈាម នៅ​ថ្ងៃទី​១៤ កុម្ភៈ នៃ​ថ្ងៃ​ទិវា​សេចក្តីស្រលាញ់​នេះ ដើម្បី​ឲ្យ​យុវជន​ចូលរួម​ចែករំលែក​ក្តី​ស្រលាញ់​ពួកគេ តាមរយៈ​ការបរិច្ចាគ​ឈាម​។ គួរ​បញ្ជាក់ថា យុទ្ធនា​ការផ្តល់​ឈាម​ផ្តល់​ក្តី​ស្រឡាញ់ នៅ​ថ្ងៃទី​១៤ កុម្ភៈ នេះ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម បានទទួល​អំណោយ​ឈាម​ស្ម័គ្រចិត្ត​ពី​សប្បុរសជន ប្រមាណ​ពី​២០០ ទៅ​៤០០​ប្លោក​ជា​រៀងរាល់ឆ្នាំ​។ នេះ​បើតាម​មជ្ឈមណ្ឌល​ផ្ដល់​ឈាម​នៃ​ក្រសួងសុខាភិបាល​៕



Tag:
 ​សុខាភិបាល​
  ឈាម​
  ១៤ កុម្ភៈ
© រក្សាសិទ្ធិដោយ thmeythmey.com