ជាតិ
សេដ្ឋកិច្ច
«​លុយ​ឌីជីថល​» មានកំណើត​ពី​ពេលណា និង​មាន​ស្ថានភាព​សព្វថ្ងៃ​ដូចម្ដេច​?
17, Feb 2018 , 6:59 pm        
រូបភាព
លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ។ រូបថត NBC
លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ។ រូបថត NBC
ដោយ:
​បន្ទាប់ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សកល​នៅ​អំឡុង​ឆ្នាំ​២០០៨ ក្រុមមនុស្ស​មួយចំនួន​មិន​ពេញ​ចិត្តនឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ រួច​ក៏​នាំគ្នា​បង្កើត​រូបិយ​បណ្ណ​ឌីជីថល (CryptoCurrency) ឬ​គេ​ច្រើន​ហៅថា លុយ​គ្រីប​តូ​។ នេះ​ជាការ​កំណើត​របស់​លុយ​គ្រីប​តូ​នៅលើ​សកលលោក​។​



​មួយ​ក្នុងចំណោម​លុយ​គ្រីប​តូ គឺ Bitcoin ដែល​ត្រូវបាន​គេ​ស្គាល់​ខ្លាំងជាងគេ​លើ​សកលលោក​។ វា​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៩ ដោយ​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​មិនមាន​អត្តសញ្ញាណ​ពិតប្រាកដ​។​

​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ បាន​ដកស្រង់​មួយផ្នែក​នៃ​កិច្ច​សម្ភាស​របស់​សា្ថ​នី​យ​ទូរទស្សន៍ BTV ជាមួយ​លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ អំពី​កំណើត​របស់​លុយ​គ្រីប​តូ និង​ស្ថានភាព​សព្វថ្ងៃ​របស់​រូបិយវត្ថុ​នេះ​លើ​សកលលោក​។​

​សូម​ស្ដាប់​ប្រសាសន៍ លោកស្រី ជា សិរី ខាងក្រោម​នេះ​៖




​ប្រតិបត្តិការ​របស់ Bitcoin គឺធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​គេ​អាច​ផ្ទេរ​ទឹកប្រាក់ និង​ព័ត៌មាន​ពី​មនុស្ស​ម្នាក់ ទៅ​ម្នាក់ទៀត ក្នុង​បណ្ដាញ​របស់ Bitcoin នេះ ដោយ​មិន​ឆ្លងកាត់ អន្តរការី (​បុគ្គល​ទី​បី​) ដែលជា​ធនាគារ​នោះទេ​។​

​ដំណើរការ​នេះ គឺ​ខុសពី​ប្រតិបត្តិ​ការទូទាត់​ថ្លៃ នាពេល​បច្ចុប្បន្ន​។ បច្ចុប្បន្ន ពេល​គេ​ទិញ​អ្វីមួយ​តាម​អន​ឡាញ គេ​ត្រូ​ប្រើ Credit Card របស់​ក្រុមហ៊ុន​ណាមួយ ដូចជា Unionpay, Visa Card ជាដើម ហើយ​ប្រតិ​ប​តិ​ការ​របស់​ក្រុមហ៊ុន​ទាំងនោះ​មាន​ការតភ្ជាប់​ទៅ​ធនាគារ​ណាមួយ ដែល​ធ្វើការ​ទូទាត់​។ បានសេចក្ដីថា ការទូទាត់ ត្រូវ​ឆ្លងកាត់​អន្តរការី ដែលជា​គ្រឹះស្ថាន​ធនាគារ​។​

​សព្វថ្ងៃ Bitcoin ត្រូវបាន​ធនាគារកណ្ដាល​របស់​ប្រទេស​មួយចំនួន​ហាមឃាត់​។ លោកស្រី ជា​សិរី ថ្លែង​ដូច្នេះ​ថា​៖«Bitcoin ត្រូវបាន​ធនាគារកណ្ដាល​ក្នុង​ពិភពលោក ពិសេស​ធនាគារកណ្ដាល​ធំៗ បាន​ហាមឃាត់​»​។​

​ខុសពី​រូបិយ​បណ្ណ ប្រាក់រៀល ដុល្លារ បាត ជាដើម​ដែលមាន​ការធានា​តម្លៃ តែ​លុយ​គ្រីប​តូ​នេះ មិនមាន​ការធានា​ថ្លៃ​នោះទេ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុននេះ តម្លៃ​របស់ Bitcoin បាន​ឡើង​ជាង ១០០០​ភាគរយ តែ​ក្នុង​រយៈពេល​តែ​ពីរ​អាទិត្យ​ចុងក្រោយ​នេះ​តម្លៃ​នេះ​បាន​ធ្លាក់ ៥០​ភាគរយ​វិញ​។ លោកស្រី ជា សិរី លើកឡើង​ដូចនេះ​។​

​នៅ​កម្ពុជា មានការ​ផ្សព្វផ្សាយ​ពី​លុយ​គ្រីប​តូ​នេះ ចាប់តាំងពី​ឆ្នាំ​២០១៥​។ ហើយ​រឹតតែ​ហានិភ័យ ដោយ​ដំណើរការ​លុយ​គ្រីប​តូ​នេះ​នៅ​កម្ពុជា មិនមាន​ត្រឹមតែ Bitcoin ប៉ុណ្ណោះ​ទេ គឺមាន​ច្រើនយ៉ាង​ទៀត ដែល​គ្មាន​លក្ខណៈ​ច្បាស់លាស់​។​

​លោក ជា សិរី ប្រកាស​ដូច​ក្នុងពេល​កន្លងមក​ដែរ​ថា រដ្ឋាភិបាល​មិន​ទទួលស្គាល់​ការ​ចរាចរ​លុយ​គ្រីប​តូ​នេះ​ទេ នៅក្នុង​ក្របខណ្ឌ​ប្រទេស​កម្ពុជា​ឡើយ​។ លោកស្រី​អំពាវនាវ ឲ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​លុយ​គ្រីប​តូ​នេះ​គ្មាន​ការគ្រប់គ្រង​ច្បាស់លាស់ និង​មាន​ហានិភ័យ​ខ្ពស់​៕


Tag:
 ជា សិរី​
  លុយ​ឌីជីថល​
© រក្សាសិទ្ធិដោយ thmeythmey.com