ជាតិ
កូនស្រី​លោក John F. Kennedy បាន​ចូលគាល់​ព្រះមហាក្សត្រ​ខ្មែរ​និង​សម្តេចម៉ែ​
16, Feb 2018 , 7:59 pm        
រូបភាព
ដោយ:
 ភ្នំពេញ ៖ អ្នកស្រី Caroline Kennedy កូនស្រី​របស់លោក John F. Kennedy អតីត​ប្រធានាធិបតី​អាមេរិក បាន​ចូលគាល់​ព្រះមហាក្សត្រ​ខ្មែរ​ជា​លើកដំបូង ដើម្បី​រំឭក​អនុស្សាវរីយ៍​ដែល​អ្នកស្រី Jacqueline Kennedy បាន​ចូលគាល់​ព្រះបាទ​នរោត្តម សីហនុ​កាលពី​៥០​ឆ្នាំមុន​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ឧ​ត្ត​ម​ប្រឹក្សា​ព្រះមហាក្សត្រ​។​



​លោក​សឺ​ន ស៊ូ​ប៊ែ​រ ឧ​ត្ត​ម​ទីប្រឹក្សា​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហមុនី និង​ជា​អ្នក​នាំ​ដំណើរ​អ្នកស្រី Caroline Kennedy បាន​ប្រាប់ VOA នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោកស្រី Caroline Kennedy បាន​ចូលគាល់​ព្រះមហាក្សត្រ និង​ព្រះមហា​ក្សត្រិយានី កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ខណៈ​អ្នកស្រី​ធ្វើដំណើរ​ជា​ឯកជន​មក​កម្ពុជា​។ លោក​បន្តថា អំឡុង​ការចូលគាល់​នោះ ព្រះមហាក្សត្រ និង​ព្រះមហា​ក្សត្រិយានី​បានបង្ហាញ​រូបថត​របស់​អ្នកស្រី Jacqueline Kennedy ដែល​ត្រូវជា​ម្តាយ​របស់​អ្នកស្រី Caroline កាលពី​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា​ក្នុង​ឆ្នាំ​១៩៦៧ ព្រមទាំង​បាន​រំឭក​នូវ​អនុស្សាវរីយ៍​ផ្សេងៗ នាពេលនោះ​។​

​លោក​មានប្រសាសន៍ថា​៖

«​មានរឿង​ទំនាក់ទំនង​រវាង​អតីត​កាលដែល​ម្តាយ​បាន​ជួប ហើយ​លោក [​អ្នកស្រី Caroline Kennedy] ក៏​មក​អរគុណ ហើយក៏​ថ្វាយ​សៀវភៅ​ពី​ម្តាយ​លោក​ហ្នឹង និង​សម្តេចម៉ែ​លោក​ព្រះទ័យ​ល្អ​មែនទែន ដែល​នៅក្នុង​រយៈពេល​ខ្លី​ហ្នឹង លោក​អនុញ្ញាត​ឲ្យ​ចូលទៅ​គាល់​»​។​

​អ្នកស្រី Caroline Kennedy អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ជប៉ុន ហើយ​អ្នកស្រី​ក៏​ជា​អ្នកនិពន្ធ​សៀវភៅ ហើយ​សៀវភៅ​មួយ​មាន​ចំណងជើង​ថា​«Jacqueline Kennedy: ការសន្ទនា​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​អតីត​ប្រធានាធិបតី John F. Kennedy» ជា​សៀវភៅ​ដែល​អ្នកស្រី​សរសេរ​អំពី​ម្តាយ​របស់​អ្នកស្រី​ផ្ទាល់​។​

​លោក Arend Zwartjes អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ ដោយ​លោក​អះអាងថា ការធ្វើដំណើរ​មកកាន់​កម្ពុជា​របស់​អ្នកស្រី​Caroline Kennedy មិនមែនជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​អាមេរិក​នោះទេ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​អ្នកស្រី Caroline Kennedy ធ្វើឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ បានរៀបចំ​ពិព័រណ៍​ស្តីពី​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Jacqueline Kennedy  ភរិយា​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ដែល​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា​ដំបូង​គេ​បង្អស់ ដើម្បី​បង្ហាញ​ពី​ចំណងមិត្តភាព​រឹងមាំរ​វាង​កម្ពុជា​-​អាមេរិក​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com