ជាតិ
​ត្រឹម​៦​ថ្ងៃ ក្រោយ​បញ្ជា​សម្តេច អាជ្ញាធរ​ឃាត់​រថយន្ត​ខុស​បច្ចេកទេស​បាន​ជាង​១​ពាន់​គ្រឿង​
16, Feb 2018 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រោយ​មាន​បញ្ជា​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រថយន្ត​ធុន​ធ្ងន់​ចំនួន ១៥៥៦៥ គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ត្រួតពិនិត្យ​នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៥​ខែកុម្ភៈ​។ ក្នុងចំណោម​នោះ រថយន្ត ១០៩៣ គ្រឿង​រកឃើញថា​ខុស​បច្ចេកទេស​ច្បាប់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​Fresh News ដែល​ទទួលបាន​របាយ​ការណ៍​ពី​អគ្គស្នងការ​នគរបាល​ជាតិ​។​



​ក្នុងចំណោម​រថយន្ត​ល្មើស​ទាំង ១០៩៣​គ្រឿង រថយន្ត ៥៩៨​គ្រឿង​ត្រូវបាន​កាត់​ទ្រុង​នៅនឹងកន្លែង​, ៨​គ្រឿង​កាត់​ទ្រុង​ដោយ​ខ្លួនឯង​, ១២៥​គ្រឿង​ដោះ​រាន​ក្រោយ​រថយន្ត​, ៤៤​គ្រឿង​រក្សាទុក​តាម​គោលដៅ និង​រថយន្ត ៣១៨​គ្រឿង​បាន​ល្មើស​ឯកសារ​។​

​សកម្មភាព​បង្ក្រាប​រថយន្ត​ធុន​ធ្ងន់ ត្រូវបានធ្វើ​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​រយៈពេល​ប្រមាណ​មួយ​សប្ដាហ៍​នេះ បន្ទាប់ពី​មាន​បញ្ជា​ផ្ទាល់មាត់​របស់​ប្រមុខ​រដ្ឋាភិបាល កាលពី​ថ្ងៃទី​៩​ខែកុម្ភៈ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន (​ស្ទឹងត្រង់​-​ក្រូចឆ្មារ​)​។ សម្ដេច ហ៊ុន សែន ថែមទាំង​ព្រមាន​ដក​អភិបាល​រាជធានី​-​ខេត្ត ដែល​បណ្ដែតបណ្ដោយ​ឲ្យ​មានការ​ចរាចរ​រថយន្ត​ត​ទ្រុង​នៅលើ​ដងផ្លូវ​៕


Tag:
 ដឹក​លើស​ទម្ងន់​
© រក្សាសិទ្ធិដោយ thmeythmey.com