ខ្មែរ​មាន​ជំនឿ​លើ​រូបចម្លាក់​សត្វ​តោ និង​ខ្លា ដែល​ជួយ​បណ្តេ​ញ​ឧបទ្រពចង្រៃ
ពីនេះ ពីនោះ
ខ្មែរ​មាន​ជំនឿ​លើ​រូបចម្លាក់​សត្វ​តោ និង​ខ្លា ដែល​ជួយ​បណ្តេ​ញ​ឧបទ្រពចង្រៃ
17, Jan 2021 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
​បុព្វបុរស​ខ្មែរ​បានចាត់ទុក​រូបចម្លាក់​សត្វ​តោ និង​ខ្លា ជា​សត្វព្រៃ​មាន​ភាពកាចសាហាវ មាន​កម្លាំង​ខ្លាំងក្លា មាំមួន និង​មាន​ភាព​អង់អាច​ក្លាហាន​។ ក្នុង​ទស្សនៈ​ខ្មែរ​សត្វ​តោ និង​ខ្លា ជា​ឆ្នាំ ជា​និមិត្តរូប​នៃ​អំណាច ដែល​ជួយ​បណ្តេញ​ឧបទ្រពចង្រៃ​។ សត្វ​ទាំងពីរ ជា​និមិត្តសញ្ញា​នៃ​ឥ​ទិ្ធ​ពល​មាន​មកពី​ធម្មជាតិ គួរឱ្យ​កោតខ្លាច លាយឡំ​ជាមួយ​ការគោរព​ផងដែរ​។​

 
​ទីកន្លែង​ដែល​គេ​តែង​រូប​ដាក់​ចម្លាក់ តោ ឬ​ខ្លា នៅមុខ​ផ្ទះ ឬ​នៅ​ចំ​ខ្លោងទ្វារ​ប្រាសាទ វត្ត ខ្មែរ​មានជំនឿថា មិនដែល​មាន​អ្វី​មក​ហ៊ាន​ចូលទៅ​ក្បែរ បង្ក​ជា​ឧបសគ្គ និង​យាយី​ឡើយ​។ ចម្លាក់​រូប​ទាំងពីរ​នេះ ដោយ​យក​ចង្កូម​របស់​វា​មក​ស្រោប​ធ្វើជា​បន្តោង​ខ្សែក​ពាក់ បន្តោង​រូបនោះ ដើម្បី​ការពារ​ខ្លួន​កុំឱ្យ​ចៀស​ផុតពី​ភាព​ចង្រៃ​ផ្សេងៗ ដូចជា ខ្មោច ព្រាយ បិសាច ជាដើម​។ 
 
​គំនិត​របស់​ខ្មែរ​បុរាណ​យល់ថា នរណា​ដែលមាន​សាក់​ជាស​ញ្ញា​រូប​តោ ឬ​ខ្លា អ្នកនោះ​ប្រៀបដូចជា​សត្វ​ទាំងពីរ​នេះ​ជាមិនខាន ហើយ​ជួយ​ឱ្យមាន​ចិត្ត​ស្រាល ឬ​ទន់ខ្សោយ ប្រែក្លាយជា​មនុស្ស​មានចិត្ត​អង់អាច​ក្លាហាន និង​ស្វាហាប់​។​
 
​ក្នុង​ពុទ្ធសាសនា តោ ជា​ជំនិះ​របស់​ព្រះ​ពោធិសត្វ​ម​ញ្ចុ​ស្រី ដែលជា​ពោធិសត្វ​តំណាង​ដី យុត្តិធម៌ និង​តុលាការ​។ ចំណែកឯ ខ្លា ជា​ឈ្មោះ​ឆ្នាំ​ទីមួយ ក្នុងចំណោម​ឆ្នាំ​ទាំង​១២ នៃ​ចន្ទគតិ​។ ទាក់ទង​នឹង​ឆ្នាំខាល​នេះ មាន​ធាតុឈើ ពង្ស​យ​កិ្ខ​ណី ដែល​ទាក់ទង​នឹង​ជោគវាសនា និង​ជោគជតារាសី​របស់​មនុស្ស​ដែល​កើត​នៅក្នុង​ឆ្នាំខាល​ឬ ខ្លា​នេះ​ផងដែរ​៕

​ដកស្រង់​ពី​៖ សៀវភៅ​ជំនឿ​ផ្សេងៗ​នៃ​ជនជាតិខ្មែរ របស់លោក​ឈិន ឃួន​

Tag:
 ​តោ​
  ខ្លា
© រក្សាសិទ្ធិដោយ thmeythmey.com