អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សេដ្ឋកិច្ច​សេដ្ឋី​ប្រេង​ព្រុយ​ណេ បន្ត​រង្គោះរង្គើ ខណៈ​ធនធាន​ប្រេង​កាន់តែ​ជិត​អស់
21, Feb 2018 , 2:18 pm        
រូបភាព
ព្រះចៅ ហាសាណាល់ ប៊ុលគា (រូបភាព៖ AFP)
ព្រះចៅ ហាសាណាល់ ប៊ុលគា (រូបភាព៖ AFP)
ព្រុយ​ណេ ជា​ប្រទេស​ដែលមាន​កម្រិតជីវភាព​ខ្ពស់​ជាងគេ​លំដាប់​លេខ​ពីរ​នៅក្នុង​តំបន់​អាស៊ាន​បន្ទាប់ពី​សិង្ហ​បុរី បើតាម​របាយការណ៍​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ (IMF)​។ ប្រជាជន​ព្រុយ​ណេ​ម្នាក់ៗ មាន​ចំណូល​មធ្យម​ប្រចាំឆ្នាំ​ជាង ពីរម៉ឺន​ដុល្លារ​អាមេរិក ឯណោះ​។ យ៉ាងណាក៏ដោយ ប្រទេស​ដែល​សម្បូរហូរហៀរ​ដោយ​ប្រេង និង​ឧស្ម័ន​នេះ​កំពុង​ប្រឈម​បញ្ហា​ច្រើន ដោយសារ​សេដ្ឋកិច្ច​ខ្លួន​ពឹងផ្អែក​ខ្លាំង​លើ​ការនាំ​ប្រេង​ចេញ ហើយ​ណាមួយ​ភាព​ចម្រុះ​នៃ​ចរន្ត​ចំណូល​សេដ្ឋកិច្ចជាតិ​នៅមានកម្រិត​ទៀត​។

 
​សេដ្ឋកិច្ច​ព្រុយ​ណេ​ចាប់ផ្តើម​រង្គោះរង្គើ​ខ្លាំង ដោយសារ​តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ​គំហុក​ចាប់ពី​ឆ្នាំ ២០១៥ មក​នោះ​។ ថ្វីបើ​សេដ្ឋកិច្ច​ព្រុយ​ណេ​មិន​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រេង​ឆៅ និង​ឧស្ម័ន​ក៏ដោយ ក៏​ធនធានធម្មជាតិ​នេះ​មាន​ចំណែក​សំខាន់​ក្នុង​ការធានា​ការលូតលាស់​នៃ​សេដ្ឋកិច្ច​រដ្ឋ​មួយ​នេះដែរ​។ 
 
​ឆ្នាំ ២០១៧ ផលិតផល​ក្នុងស្រុក​សរុប​របស់​ព្រុយ​ណេ​ធ្លាក់ចុះ​រហូតដល់ ៣,៦ ភាគរយ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៦ ដែល​វា​ជាស​ញ្ញា​អវិជ្ជមាន​មួយ​។ ការធ្លាក់ចុះ​ផលិតផល​ក្នុងស្រុក​សរុប​នេះ​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​។​
 
​ដោយសារ​ចំណូល​ធ្លាក់ចុះ រដ្ឋាភិបាល​ព្រុយ​ណេ​ស្នើ​អនុម័ត​កញ្ចប់​ថវិកា​ស​ម្រា​ប់​ឆ្នាំ ២០១៧-២០១៨ ដែលមាន​ទំហំ​ត្រឹម ៥,៣ ពាន់​លាន​ដុល្លារ​ព្រុយ​ណេ ទាប​ជាង​ទំហំ​ថវិកា​ឆ្នាំ ២០១៦-២០១៧ រហូតដល់ ៣០០ លាន​ដុល្លារ​ព្រុយ​ណេ​ឯណោះ​។  ការបន្ថយ​កញ្ចប់​ថវិកា​សម្រាប់​ចាយវាយ​ឆ្នាំ ជា​បន្តបន្ទាប់​នេះ​ក៏ដោយ​សារ​ចំណូល​រដ្ឋាភិបាល​ធ្លាក់ចុះ​ដែរ​។ ចំណូល​របស់​រដ្ឋាភិបាល​ឆ្នាំ ២០១៧-២០១៨ មាន​ទំហំ​ប្រមាណ ៣,៤៥ ពាន់​លាន​ដុល្លារ​ព្រុយ​ណេ​ក្នុងនោះ​ថវិកា​ដែល​បានមក​ការនាំចេញ​ប្រេង​មាន​ទំហំ ២,៥០៩ ពាន់​លាន និង​ចំណូល​មិនមែន​ប្រេង​មាន​ទំហំ ៩៤១,៣៣ លាន​ដុល្លារ​ព្រុយ​ណេ​។  
 
 
​រដ្ឋមន្ត្រី​ប្រចាំការ​នៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី​លោក Abdul Rahman បាន​បញ្ជាក់ថា ថ្វីត្បិតតែ​ឱនភាព​សេដ្ឋកិច្ច​ជា​រឿង​អវិជ្ជមាន​សម្រាប់​រដ្ឋាភិបាល​ក៏ដោយ រដ្ឋាភិបាល​នៅតែមាន​លទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​បង្កដោយ​ការយឺតយ៉ាវ​នៃ​សេដ្ឋកិច្ច និង​ការធ្លាក់ចុះ​នៃ​ចំណូល​រដ្ឋ​នេះ​។ ហើយ​រដ្ឋាភិបាល​នៅ​បន្ត​កំណត់​យក​ការធានា​សុខុមាលភាព​ប្រជាជន​ជា​រឿង​អាទិភាព​ដដែល​។​
 
​យ៉ាងណាមិញ បើតាម​ការ​ព្យាករ ប្រេង​ដែល​ព្រុយ​ណេ​មាន អាច​ប្រើប្រាស់​បាន​ក្នុង​រយៈពេល​ប្រហែល ២០​ឆ្នាំ​ទៀត​ប៉ុណ្ណោះដែល​វា​មានន័យថា​ព្រុយ​ណេ​នឹង​មិនមាន​ប្រេង​សម្រាប់​នាំចេញ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ទៀតឡើយ​បន្ទាប់ពីនោះ​។ ដូច្នេះ​ព្រុយ​ណេ​ចាំបាច់​ត្រូវ​រៀន​រស់​ដោយ​ពឹង​ផ្អែកលើ​មធ្យោបាយ​ផ្សេងទៀត​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់ខ្លួន​។​
 
១.​ដោយ​ទម្លាប់​រស់​ស្រួល ប្រជាជន​ព្រុយ​ណេ​ពិបាក​សម្រប​ខ្លួន​នឹង​ជីវភាព​សាមញ្ញ​
 
​បើទោះបី​អាជ្ញាធរ​ព្រុយ​ណេ​ធានា​បន្ត​ថែទាំ​ប្រជាពលរដ្ឋ​ក្តី​ឲ្យ​រស់ក្នុង​ភាព​សុខ​ស្រួល​ក្តី បើ​គ្មាន​លុយ​គ្រប់យ៉ាង​ប្រាកដជា​នឹង​ប្រែប្រួល​។ ប្រជាជន​ព្រុយ​ណេ​ឯណោះ​វិញ ក៏​មិនអាច​រស់នៅ​សម្បូរ​សប្បាយ​ដោយ​មិន​ខ្វល់​អ្វី​ដូច​មុន​ដែរ ខណៈ​អនាគត​ប្រជាជាតិ​ខ្លួន​នៅ​មិន​ក្នុងស្ថានភាព​ច្បាស់លាស់​នោះ​។ ជានិច្ច​ជា​កាល​រដ្ឋាភិបាល​ព្រុយ​ណេ​ក៏បាន​ព្យាយាម​ក្រើនរម្លឹក​ប្រជាជន​ខ្លួន​ដែរ ដើម្បី​ឲ្យ​ពួកគេ​រៀន​គិតគូរ​ពី​អនាគត និង​ផ្លាស់ប្តូរ​ទម្លាប់​មួយចំនួន​ដើម្បី​សម្រប​តាម​អនាគត​។​
 
​ប្រជាជន​ព្រុយ​ណេ​កើតមក​ដោយ​ទម្លាប់​រស់នៅ​បែប​ហ៊ឺហារ និង​ខ្ជះខ្ជាយ​បន្តិច​។ បើសិនជា​កម្រិតជីវភាព​និង​ចំណូល​ធ្លាក់ចុះ​ពេល​គ្មាន​ប្រេង ប្រជាជន​ទាំងនោះ​ក៏​ពិបាក​ទម្លាប់ខ្លួន​ដែរ​។ ប្រជាជន​ព្រុយ​ណេ​មិន​ខ្វាយខ្វល់​រឿង​ពន្ធ​ការងារ ឬ​ពន្ធ​លើ​ដីធ្លី​អ្វី​ទាំងអស់ ហើយ​ពួកគេ​ទទួលបាន​ការអប់រំ​មិន​បង់ថ្លៃ​ដល់​កម្រិត​សាកលវិទ្យាល័យ បូករួម​លើ​ការឧបត្ថម្ភ​ធន​ច្រើន​ពី​រដ្ឋាភិបាល​រួមទាំង​ការប្រើប្រាស់​លំនៅដ្ឋាន​ថែមទៀត​។​
 
​ប្រជាជន​ព្រុយ​ណេ​នៅ​ស្ទក់ មិនសូវ​ស្រវាស្រទេញ​ចង់​ធ្វើ​ការងារ​ច្រើន​ឡើយ​ព្រោះ​អាង​មាន​រដ្ឋ​ចិញ្ចឹម​ផ្គត់ផ្គង់​ស្ទើរ​គ្រប់បែបយ៉ាង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពួកគេ​ប្រាថ្នា​ចូលធ្វើ​ការងារ​ក្នុង​វិស័យ​សាធារណៈ​ប៉ុណ្ណោះ ដោយសារ​គេ​រំពឹង​ទទួល​ប្រាក់បៀវត្សរ៍​ច្រើន និង​បុព្វលាភ​ពិសេស​ច្រើន​ទៀត​។​
 
​វា​ជា​បញ្ហា​ប្រឈម​នៅពេល​ប្រជាជន​ភាគច្រើន​នាំគ្នា​រត់​ទៅធ្វើ​ការងារ​រ​ដ្ឋ ហើយ​បោះបង់ចោល​វិស័យ​ឯកជន​នោះ​។ បើតាម​របាយការណ៍​ស្រាវជ្រាវ​របស់​សារព័ត៌មាន Financial Times ឆ្នាំ ២០១៥ ប្រជាជន​ព្រុយ​ណេ​ចន្លោះ​ពី​៧០ ទៅ ៨០ ភាគរយ​ឯ​ណើ​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​បម្រើ​វិស័យ​សាធារណៈ​។ ប្រជាជន​ដែល​ចូល​បម្រើ​ការងារ​រដ្ឋ​មិនសូវ​ធ្វើ​ការងារ​ពេញដៃពេញជើង​ឡើយ ហើយ​ខ្លះទៀត​តែង​ព្យាយាម​បង្ហាញថា​ខ្លួន​ជាប់សែស្រឡាយ​ព្រះ​ចៅ​ស៊ុ​លត​ង់​។ បើទោះជា​គេ​មិន​ធ្វើ​ការងារ​ក៏មាន​ប្រាក់បៀវត្សរ៍​ជាប្រចាំ​ដែរ ហើយ​សំខាន់​ពួកគេ​មិន​ជាប់ពន្ធ​ប្រាក់ចំណូល និង​ពន្ធ​ផ្សេងទៀត​ដែរ​។ 
 
​គេ​សង្កេតឃើញថា កន្លងមក វា​មានតែ​ពលករ​ចំណាកស្រុក​ពី​ប្រទេសជិតខាង​ប៉ុណ្ណោះ​ដែល​បំពេញ​ចន្លោះ​ការងារ​ឯកជន​នៅ​ព្រុយ​ណេ​នោះ​។ ដូច្នេះហើយ វា​លំបាក​នៅពេលដែល​ព្រុយ​ណេ ត្រូវ​ចាប់ផ្តើម​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ចាប់ផ្តើម​អង្រួន​វិស័យ​ឯកជន​ដើម្បី​ធានា​និរន្តរភាព​នៃ​សេដ្ឋកិច្ច​នោះ​។ 
 
​ដើម្បី​ជំរុញ​ដំណើរការ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ យុទ្ធសាស្ត្រ​អភិវឌ្ឍ Wawasan ឆ្នាំ ២០៣៥ ដែល​សំដៅ​ដល់​ចក្ខុវិស័យ​ថ្មី​សម្រាប់​បំភ្លឺ​ផ្លូវ​សម្រាប់​ព្រុយ​ណេ​ដើរទៅ​មុខមុន​អស់​ប្រេង និង​អស់​ឧស្ម័ន ត្រូវបាន​ដាក់ចេញ​ដោយ​មហាក្សត្រ​ព្រុយ​ណេ ដែរ​។​
 
២.​ចក្ខុវិស័យ ២០៣៥ ពិតជា​អាច​សង្គ្រោះ​សេដ្ឋកិច្ច​ព្រុយ​ណេ​? 
 
​ព្រះ​ចៅ ហា​សា​ណា​ល់ ប៊ុល​គា ដែល​ជាប់​ឈ្មោះ​ជា​ក្សត្រ​មានទ្រព្យ​ច្រើន​បំផុត​រហូតដល់​ជាង ២០ ពាន់​លាន​ដុល្លារ​អាមេរិកនោះ មាន​ព្រះទ័យ​ព្រួយបារម្ភ​ខ្លាំង​ពី​អនាគត​បុរី​រដ្ឋ​ដែល​ប្រកាន់ខ្ជាប់​របបរាជានិយម​ផ្តាច់ការ​និង​អនុវត្ត​ក្រមព្រហ្មទណ្ឌ​ឥស្លាម​មួយ​នេះ​។ ទ្រង់​កំពុង​បន្ត​ស្វះស្វែង​ជំរុញ​ឲ្យ​ប្រជាជន​របស់​ទ្រង់​ខ្វា​យ​ខ្វា​យ​ពី​អនាគត​របស់ខ្លួន និង​ប្រទេសជាតិ​ទាំងមូល​ផង និង​បន្ត​ស្វែ​រក​រក​វិធីសាស្ត្រ​បង្កើត​ចំណូល​ថ្មី​សម្រាប់​រដ្ឋ​ផង​។​
 
​ស្ថិតក្នុង​រាជបល្ល័ង្គ ៥០​ឆ្នាំ ត្រឹម​ឆ្នាំ ២០១៧  ហា​សា​ណា​ល់ ប៊ុល​គា បាន​ដាក់ចេញ​ចក្ខុវិស័យ​ដែល​ពោរពេញ​ដោយ​មហិច្ឆតា​ក្នុងការ​កែទម្រង់សេដ្ឋកិច្ច និង​សង្គម​ព្រុយ​ណេ​ឲ្យ​ស្របតាម​ការប្រែប្រួល​នៃ​ចរន្ត​សេដ្ឋកិច្ចជាតិ និង​ធានា​ការលូតលាស់​ប្រកបដោយ​និរន្តរភាព​នៃ​បុរី​រដ្ឋ​ព្រុយ​ណេ​នេះ​។ ក្រោម​ចក្ខុ​វិស័យនេះ ត្រឹម​ឆ្នាំ ២០៣៥ ព្រុយ​ណេ​នឹង​អាច​សម្រេចបាន​និរន្តរភាព​សេដ្ឋកិច្ច​ដោយ​ប្រជាជន​ម្នាក់ៗ​មាន​ចំណូល​មធ្យម​ប្រចាំឆ្នាំ​ខ្ពស់​ស្ថិតនៅ​លេខ​រៀង​ទី​ដប់​លើ​ពិភពលោក​។ 
 
​ដើម្បី​សម្រេច​គោលដៅ​នេះ វិស័យ​អាទិភាព​ចំនួន​បី​ត្រូវបាន ព្រុយ​ណេ​ដា​រុយ​សា​ឡិ​ម កំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ ២០៣៥ របស់ខ្លួន ក្នុងនោះ​មាន​កែទម្រង់​វិស័យ​អប់រំ  កែទម្រង់​គោលនយោបាយ​សេដ្ឋកិច្ច និង​គុណភាព​នៅក្នុង​ការរស់នៅ​របស់​ប្រជា​ពេល​រដ្ឋ (​សន្តិសុខ​សង្គម និង​សុខុមាលភាព​ប្រជាជន​)​។ 
 
​ចំពោះ​វិស័យ​អប់រំ ព្រះ​ចៅ ហា​សា​ណា​ល់ ប៊ុល​គា ដាក់​កំហិត​ឲ្យ​មានការ​អនុវត្ត​ការពង្រឹង​ការអប់រំ​ពី​ថ្នាក់ក្រោម​ពោលគឺ​កម្រិត​បឋមសិក្សា និង​គ្រូបង្រៀន​ផងដែរ​។ សម្រាប់​ជំហាន​ទីមួយ ត្រឹម​ឆ្នាំ ២០១៧ ​សិស្ស​ទាំងនោះ​យ៉ាងហោចណាស់​៩០​ភាគរយ​ត្រូវ​ទទួលបាន​ពិន្ទុ​នៅ​កម្រិត​ពី A ទៅ C  ហើយ​សិស្ស​ម្នាក់ៗ​ត្រូវ​រៀន​ឲ្យ​បាន​តិច​បំផុត​ប្រាំបួន​ឆ្នាំ​តាម​ការកំណត់​ក្នុង​ប្រព័ន្ធ​អប់រំ​។ ចំណែក​គ្រួ​បង្រៀន​វិញ ពួកគេ​ត្រូវមាន​សញ្ញាបត្រ​បរិញ្ញាបត្រ​។ ឆ្នាំ ២០១៧ គ្រូបង្រៀន​រហូតដល់ ៨០​ភាគរយ​ហើយ​ដែលមាន​សញ្ញាបត្រ​បែបនេះ​នោះ​។ 
 
​ជំហាន​ទី​ពីរ ការកែទម្រង់​ប្រព័ន្ធ​អប់រំ​ផ្តោត​សំខាន់​លើ​ការបង្រៀន​ដែលមាន​លក្ខណៈ​ទំនើប​ដែល​អាចមាន​លទ្ធភាព​ខ្ពស់​ជួយ​ជំរុញ​សមត្ថភាព និង​ការសិក្សា​របស់​សិស្ស​ក្នុង​វិស័យ​បច្ចេកវិទ្យា​។ នេះ​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ព្រុយ​ណេ​ក្នុង​ការផលិត​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការងារ​ក្នុង​ឧស្សាហកម្ម​ប្រេង និង​ឈប់​ពឹងពាក់​លើ​អ្នកជំនាញ​ការបរទេស​។ 
 
​ចំណែក​វិស័យសេដ្ឋកិច្ច​វិញ ប្រ៊ុយណេ​ផ្តោត​សំខាន់​លើ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋ​កិច្ចពង្រឹង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ឯកជន និង​សាធារណៈ​ដើម្បី​បង្កើន​ការផលិត​ក្នុងស្រុក និង​នាំចេញ​។ ភាពសម្បូរ​សប្បាយ​ដោយ​ធនធានធម្មជាតិ ធ្វើ​ឲ្យ​ព្រុយ​ណេ​ភ្លេចខ្លួន​និង​មិន​ព្យាយាម​ពង្រឹង​សង្វាក់​ផលិតកម្ម​ក្នុងស្រុក​ដើម្បី​ផលិតផល​នាំចេញ​ឡើយ​។ ក្រៅពី​ផលិតកម្ម ព្រុយ​ណេ​ក៏​កំពុង​ដុតដៃដុតជើង​ពង្រឹង​វិស័យ​សេវាកម្ម​ជាពិសេស​វិស័យ​ហិរញ្ញវត្ថុ​និង​ធនាគារ​ផងដែរ​។​
 
​ពាក់ព័ន្ធ​វិស័យសេដ្ឋកិច្ច​ដដែល ព្រុយ​ណេ​ក៏​ព្យាយាម​ធ្វើយ៉ាងណា​ទាក់ទាញ​វិនិយោគ​បរទេស​ឲ្យ​មក​បណ្តាក់ទុន​រកស៊ី​នៅក្នុង​ប្រទេស​របស់ខ្លួន​។ ចុងឆ្នាំ ២០១៦ ព្រុយ​ណេ​ទទួលបាន​ទំហំ​វិនិយោគ​បរទេស​ផ្ទាល់​ដែលមាន​ទំហំ​សរុប​៤,៧ ពាន់​លាន​ដុល្លារ​ឯណោះ ។  ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ ការវិនិយោគ​ដែល​ព្រុយ​ណេ​ទទួល​បានជា​ផ្នែក​មួយ​នៃ​ការវិនិយោគ​ក្នុង​សហគមន៍​អាស៊ាន​ផងដែរ​។ គេ​អាច​និយាយបានថា ក្នុងនាម​ជា​សមាជិក​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ព្រុយ​ណេ​ពឹងផ្អែក​សំខាន់​លើ​អាស៊ាន ហើយ​បុរី​រដ្ឋ​នេះ​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​ពី​ក្នុង​តំបន់​អាស៊ាន​ដូចគ្នា​។ ដូច្នេះ​ការពង្រឹង​ចំណង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ជាមួយ​បណ្តា​រដ្ឋ​អាស៊ាន​ផង​ទៀត​នោះ​ជា​រឿង​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ព្រុយ​ណេ​ឡើយ​។​
 
​យ៉ាងណាក្តី ដើម្បី​ទទួលជោគជ័យ​ក្នុងការ​អនុវត្ត​គោលនយោបាយ​កែទម្រង់​ដ៏​ធំ​នេះ នៅ​ប្រឈម​បញ្ហា​ច្រើន ហើយ​វា​ចាំបាច់​ត្រូវមាន​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ក្នុងសង្គម​ព្រុយ​ណេ​ដែរ​។ ក្រៅពី​កែប្រែ​ទម្លាប់​រស់នៅ​ហ៊ឺរ​ហារ​ឬ​ខ្ជីខ្ជារ ប្រជាជន​ព្រុយ​ណេ​ត្រូវ​សម្រប​ខ្លួន​ទៅនឹង​ការបង់ពន្ធ​ជូន​រដ្ឋ​។  ជា​រឿង​ចៀស​មិន​ផុត​ឡើយ ដែល​រដ្ឋាភិបាល​ព្រុយ​ណេ​ត្រូវអនុវត្ត​ពន្ធ​អាច​លើ​ចំណូល ឬ​ពន្ធ​ផ្សេងទៀត ព្រោះ​វា​ជា​ប្រភព​ចំណូល​ថ្មី​ដែល​ធានា​ការអនុវត្ត​គោលនយោបាយ និង​រក្សា​ប្រយោជន៍​យូរអង្វែង​យូរអង្វែង​សម្រាប់​ប្រជាពលរដ្ឋ​ព្រុយ​ណេ​ផងដែរ​។ ប៉ុន្តែ​ រឿង​ស្រពេចស្រពិល​នោះ​គឺ គេមិនដឹងថា ប្រជាជន​ព្រុយ​ណេ​ត្រៀមលក្ខណៈ​កម្រិតណា​ដើម្បី​ទទួលយក​ការផ្លាស់ប្តូរ​នេះឡើយ​៕
 
 
 

Tag:
 ព្រុយ​ណេ​
  សេដ្ឋកិច្ច​
  អាស៊ាន​
  ស៊ុ​លត​ង់ ហា​សា​ណា​ល់ ប៊ុល​គា​
© រក្សាសិទ្ធិដោយ thmeythmey.com