ជាតិ
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
សិក្ខាសាលា​បច្ចេកវិទ្យា​មួយ​សម្រាប់​យុវជន​អាស៊ាន​នឹងត្រូវ​រៀបចំ​ក្នុងប្រទេស​កម្ពុជា​
24, Feb 2018 , 8:59 am        
រូបភាព
ការ​ពិសោធន៍​លក្ខណៈ​វិទ្យាសាស្ត្រ​ នៅ​ក្នុង​មហោស្រព​ជាតិ​លើក​ទី​៣​នៅ​កម្ពុជា​ ស្តីពី​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​ នៅឯ​ស្តាត​អូឡាំពិក​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៩​ ខែ​មិនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
ការ​ពិសោធន៍​លក្ខណៈ​វិទ្យាសាស្ត្រ​ នៅ​ក្នុង​មហោស្រព​ជាតិ​លើក​ទី​៣​នៅ​កម្ពុជា​ ស្តីពី​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​ នៅឯ​ស្តាត​អូឡាំពិក​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៩​ ខែ​មិនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
ដោយ: VOA
​ភ្នំពេញ ៖ សិក្ខាសាលា​មួយ​ដែល​រយៈពេល​បួន​ថ្ងៃ​ស្តីអំពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​ហៅ​កាត់​ថា STEM (​ស្ទែ​ម​) នឹងត្រូវ​ធ្វើឡើង​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​២៨ កុម្ភៈ ដល់​ថ្ងៃទី​៣ មីនា​ខាងមុខ ជា​ពេលដែល​យុវជន​អាស៊ាន​ចំនួន​៥០​នាក់ គ្រោង​នឹងដាក់​បង្ហាញ​ស្នាដៃ​ផលិតផល​ថ្មី​របស់​ពួកគេ​។​



​ឧបត្ថម្ភ​ដោយ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​តាមរយៈ​ស្ថានទូត​អាមេរិក​ប្រចាំរាជធានី​ភ្នំពេញ សិក្ខា​សាលារបស់​ ​YSEALI​ ប្រចាំ​តំបន់​ស្តីពី​ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​នឹង​ផ្តល់ឱកាស​ដល់​យុវជន​៤០​នាក់​មកពី​កម្មវិធី​ផ្តួចផ្តើម​គំនិត​មេដឹកនាំ​អាស៊ាន​វ័យក្មេង​ក្នុង​តំបន់ និង​បេក្ខជន​ចំនួន​១០​នាក់​នៃ​ប្រទេស​កម្ពុជា​បាន​ពិភាក្សា​វិធីសាស្ត្រ និង​ការបញ្ចូល STEM ទៅក្នុង​កម្មវិធីសិក្សា ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​ស្វែងរក​ការអនុវត្ត​ល្អ​បំផុត​ក្នុង​ការអប់រំ​ផ្នែក STEM​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​មូលនិធិ​អាស៊ី ដែលជា​អ្នករៀបចំ​សិក្ខាសាលា​ប្រចាំ​តំបន់​របស់ YSEALI ស្តីពី​ការអប់រំ STEAM ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​២៨ កុម្ភៈ ដល់ ថ្ងៃ​៣​មីនា​២០១៨ យុវជន​ជាតិ​សាសន៍​អាស៊ាន​ទាំង​៥០​នាក់​នេះ​នឹងត្រូវ​ចូលរួម​ការពិភាក្សា​និង​ចែករំលែក​ព័ត៌មាន និង​ការធ្វើ​បទ​បង្ហាញ​ជា​ក្រុម​លើ​ប្រធានបទ ការអប់រំ​លើ​វិស័យ STEM និង​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ការច្នៃប្រឌិត​របស់ខ្លួន​។​



​លោក តាន់ អេ​លែ​ន (Allen Tan) ជា​ស្ថាបនិក និង​ជានា​យក​គ្រប់គ្រង STEM កម្ពុជា ដែលជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​បង្កើតឡើង​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​វិស័យ STEM និង​មហោស្រព​វិទ្យាសាស្ត្រ និង​វិស្វកម្ម​នៅ​កម្ពុជា បាន​និយាយថា សិក្ខាសាលា​ប្រចាំ​តំបន់​របស់ YSEALI ស្តីពី STEM នេះ នឹង​អនុញ្ញាត​ឲ្យ​កម្ពុជា​អាច​បង្ហាញ​ពី​ការផ្លាស់ប្តូរ​ផ្នែក​បច្ចេកវិទ្យា​របស់ខ្លួន និង​ការ​នាំមុខ​ក្នុង​វិស័យ​អប់រំ STEM ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​លោក អេ​លែ​ន​បាន​និយាយថា​៖

«​សិក្ខាសាលា​របស់ YSEALI គឺ​ល្អ​មែនទែន​ដោយសារតែ​វា​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា​បង្ហាញ​អំពី​ការ​នាំមុខ​និង​ការវិវឌ្ឍ​ដែល​ខ្លួន​សម្រេចបាន​នៅក្នុង​វិស័យ STEM ជាមួយនិង​មហោស្រព​ស្តីពី​បច្ចេកវិទ្យា ហើយ​និង​ជា​ឱកាស​មួយ​ដើម្បី​ប្រទេស​កម្ពុជា​បាន​ចែករំលែក​ជាមួយ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​»​។​

​ការអប់រំ​ក្នុង​វិស័យ STEM ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ វិស័យ STEM នៅក្នុង​ប្រទេស​កម្ពុជា តែងតែ​ត្រូវបាន​ឧបត្ថម្ភ​គាំទ្រ ជាសំខាន់​ដោយ​ប្រទេស​មហាអំណាច​ធំៗ​ពីរ​គឺ​សហរដ្ឋអាមេរិក​និង​ចក្រភព​អង់គ្លេស​តាមរយៈ​ស្ថានទូត​នៃ​ប្រទេស​ទាំងពីរ​ប្រចាំ​កម្ពុជា​។​

​នៅក្នុង​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ជាមួយ VOA ខ្មែរ​កាលពី​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០១៧ លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក បាន​មានប្រសាសន៍ថា​សហរដ្ឋ​អាមេរិក​ក៏​កំពុង​ប្រឹងប្រែង​យ៉ាងខ្លាំង​ជួយ​ទីផ្សារ​សម្រាប់​វិស័យ​បច្ចេកវិទ្យា​នេះ​ផងដែរ ហើយ​វិស័យ​បច្ចេកវិទ្យា​កម្ពុជា​កំពុងតែ​កើនឡើង​យ៉ាងខ្លាំង​។​

​ថ្លែង​តាមរយៈ​អ្នកបកប្រែ​ផ្ទាល់ខ្លួន លោក William Heidt បាន​មានប្រសាសន៍ថា​៖

«​ជា​ជំហាន​ស្នូល​បន្ទាប់​ទៅទៀត​នោះ​គឺ​ខ្ញុំ​ព្យាយាម​ត​ភ្ជាប់​នូវ​វិស័យ​បច្ចេកវិទ្យា​កម្ពុជា​ជាមួយនឹង​វិស័យ​បច្ចេកវិទ្យា​របស់​សហរ​ដ្ឋ​អាមេរិក​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​ខ្លាំង​នៅតាម​មូលដ្ឋាន​មួយចំនួន​ដូចជា​ប្រទេស​សិង្ហ​បុរី​និង​ទីក្រុង​ហូ​ជី​មី​ញ​»​។​



ក្រសួង​អប់រំ​យុវជន និង​កីឡា​ក៏​កំពុង​ផ្តោត​ខ្លាំង​ក្នុងការ​ជំរុញ​គាំទ្រ STEM និង​បាន​បង្កើត​គោលនយោបាយ​ដើម្បី​បញ្ចូល STEM ទៅក្នុង​វិស័យ​អប់រំ កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដើម្បី​ពង្រឹង​ជំនាញ​យុវជន​កម្ពុជា​អាយុ​ក្រោម​៣០​ឆ្នាំ ដែលមាន​ចំនួន​ជាង​៦០​ភាគរយ​ក្នុងចំណោម​ប្រជាជន​សរុប​ជាង​១៥​លាន​នាក់​។​

​នៅក្នុង​សន្និសីទ​ស្តីពី​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​ខេត្តសៀមរាប​កាលពី​សប្តាហ៍​មុន ហើយ​ដែល​ត្រូវគេ​ស្រង់​សម្តី​ផ្សាយ​តាម​គេហទំព័រ​ក្រសួង លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ក្នុងន័យ​ដើម​ថា​៖

«​វិទ្យាសាស្ត្រ​គឺជា​មូលដ្ឋានគ្រឹះ​មួយ​សម្រាប់​ឲ្យ​យើង​វិ​វ​ឌ្ឍ​ទៅមុខ​។ បច្ចេកវិទ្យា​បាន​ជំរុញ​យើង​ទៅមុខ​កាន់តែខ្លាំង​ទៀត​។ វិស្វកម្ម​បាន​បំពេញ​នូវ​សេចក្តីស្រេកឃ្លាន​របស់​ពួកយើង​ដើម្បី​បង្កើត​ការច្នៃប្រឌិត​ថ្មី​។ ចំណែកឯ​គណិតវិទ្យា​ជា​អ្នក​ពង្រឹង​សុបិន​មួយ​នេះ​»​។​



​មិនតែប៉ុណ្ណោះ លោក តាន់ អេ​លែ​ន ជា​ស្ថាបនិក និង​នាយក​គ្រប់គ្រង STEM កម្ពុជា បាន​និយាយថា អ្នកជំនាញ​ផ្នែក STEM នៅ​កម្ពុជា​ត្រូវការ​ការពង្រឹង​និង​ពង្រីក​សមត្ថភាព​ឲ្យ​ខ្លាំង​បន្ថែមទៀត​ដើម្បី​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​អាច​ប្រកួតប្រជែង​នៅក្នុង​តំបន់​បាន​។​

​លោក អេ​លែ​ន បាន​និយាយប្រាប់ VOA តាម​ទូរ​សព្ទ​ថា​៖

«​បើសិនជា​យើង​មើល​ជុំវិញខ្លួន​យើង យើង​អាច​មើលឃើញថា ពិភពលោក​ដំណើរការ​ប្រើប្រាស់​ម៉ាស៊ីន​។ ហើយ​ដើម្បី​ចេះ​ប្រើប្រាស់​ម៉ាស៊ីន​ទាំងនេះ ដើម្បី​ចេះ​ជួសជុល​វា​បាន និង​អាច​ឲ្យ​វា​ដំណើរការបាន​ល្អប្រសើរ នោះ​គឺជា​គន្លឹះ​សំខាន់​មួយ​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​មានដំណើរ​ការ​ល្អ​ផងដែរ​»​។​

​ថ្ងៃ​សិក្ខាសាលា​ប្រចាំ​តំបន់​របស់ YSEALI ស្តីពី​ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ធ្វើឡើង​នេះ​គឺជា​ទិវា​មហោស្រព​បច្ចេកវិទ្យា និង​វិស្វកម្ម​កម្ពុជា​លើក​ទី​បួន​ដែលមាន​ការចូលរួម​ពី​ស្ថាប័នរដ្ឋ និង​ស្ថាប័នឯកជន ហើយ​បេក្ខជន​អាស៊ាន​ទាំង​៥០​រូប​នៃ​សិក្ខាសាលា STEM ប្រចាំ​តំបន់​របស់ YSEALI  នឹង​បង្ហាញ​ពី​គម្រោង​របស់ខ្លួន​ទៅកាន់​សាធារណជន និង​ភាគី​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃទី​១ ខែមីនា ដល់ ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៨៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com