ជាតិ
សេដ្ឋកិច្ច
កម្ពុជា-ថៃ នឹងសម្រួលការដោះដូរទំនិញបន្ថែមទៀត ដើម្បីឈានដល់១៥ពាន់លានដុល្លារឆ្នាំ២០២០
× ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មកម្ពុជា-ថៃ លើកទី៦ ភាគីទាំងពីរបានសន្យានឹងសម្រួលការដោះដូរពាណិជ្ជកម្មឆ្លងព្រំដែនទៅវិញទៅមកបន្ថែមទៀត ដើម្បីសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ពាន់លានដុល្លារនៅឆ្នាំ២០២០។
សកម្មភាពផ្សេងៗដើម្បីសម្រួលពាណិជ្ចកម្មទ្វេភាគី នឹងត្រូវធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំខាងលើនេះ។ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖«ប្រទេសទាំងពីរបានកំណត់ទំហំពាណិជ្ជកម្មឲ្យដល់ ១៥ពាន់លានដុល្លារនៅឆ្នាំ២០២០ ហើយយើងនឹងរៀបចំបន្ថូរបន្ថយការសម្រួលពាណិជ្ជកម្ម ការសម្រួលខាងគយដើម្បីឆ្លងកាត់»។ លោកបន្ថែមថា ប្រទេសទាំងពីរនឹងកែលម្អយន្តការដោះដូរទំនិញនៅច្រកព្រំដែនពីរទៀតក្រៅពីច្រកប៉ោយប៉ែត គឺនៅច្រកចាំយាមខេត្តកោះកុង និងមួយទៀតនៅខេត្តប៉ៃលិន។
ជាមួយគ្នានេះ រដ្ឋាភិបាលទាំងពីរបានសម្រេចបង្កើតក្រុមការងារមួយ ដើម្បីដោះស្រាយបញ្ហារាំងស្ទះដល់ការនាំចេញកសិផល។ ក្រុមការងារនេះ នឹងត្រូវបង្កើតឡើងក្នុងរយៈពេលបីខែ បន្ទាប់ពីកិច្ចប្រជុំខាងលើនេះបានបញ្ចប់។
ទាក់ទងកសិផលនេះផងដែរ ភាគីកម្ពុជាបានស្នើឲ្យថៃដំឡើងពេលវេលាបើកនាំចូលពោតពីកម្ពុជាឲ្យដល់ខែតុលា ដែលបច្ចុប្បន្នការបើកនាំចូលនេះគឺត្រឹមខែសីហា។
បើទោះបីរដ្ឋាភិបាលទាំងពីរកំណត់ទិសដៅដោះដូរទំនិញឲ្យដល់ទឹកប្រាក់ ១៥ពាន់លានដុល្លារយ៉ាងណាក្ដី តែបើមើលតួលេខសព្វថ្ងៃភាគីថៃមានប្រៀបធំធេងលើការចាប់យកទឹកនាំចេញនេះ។ ក្នុងឆ្នាំ២០១៧ កន្លងទៅនេះ ថៃបាននាំចូលទំនិញមកកម្ពុជាដល់ទឹកប្រាក់ជាង ៥,២ពាន់លានដុល្លារ កើនឡើងជិត ១៣ភាគរយ ខណៈកម្ពុជានាំចេញទៅវិញត្រឹមទឹកប្រាក់ជិត ៩០០លានដុល្លារប៉ុណ្ណោះ ដែលធ្លាក់ចុះ ៥ភាគរយ ធៀបនឹងឆ្នាំ២០១៦។
ទោះយ៉ាងនេះក្ដី លោក ប៉ាន សូរស័ក្ដិ អះអាងថាកម្ពុជានឹងរុញការនាំចេញរបស់ខ្លួនឲ្យមានតុល្យភាពនឹងការនាំទំនិញពីថៃមកកម្ពុជា។ លោកថ្លែងដូចនេះថា៖«យើងចង់ជំរុញឲ្យមានតុល្យភាពនៃពាណិជ្ជកម្ម ព្រោះយើងនាំចូលពីថៃច្រើន ហើយយើង (កម្ពុជា និងថៃ) បានឯកភាពគ្នាថា ធ្វើយ៉ាងណាឲ្យមានតុល្យភាពទៅវិញទៅមក»។
កិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មកម្ពុជា-ថៃ លើកទី៦ បានធ្វើឡើងនៅរាជធានីភ្នំពេញ ពីថ្ងៃទី២១ដល់ថ្ងៃទី២២ខែកុម្ភៈ ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕
© រក្សាសិទ្ធិដោយ thmeythmey.com