ជាតិ
លោក សុខ ឥសាន ច្រានចោល​របាយការណ៍​អង្គការ​លើកលែងទោស​អន្តរជាតិ ដែល​វាយតម្លៃ​អវិជ្ជមាន​លើ​កម្ពុជា
23, Feb 2018 , 3:38 pm        
រូបភាព
រូបភាព៖ កងកម្លាំងប្រដាប់អាវុធ យាមនៅខាងក្រៅតុលាការកំពូល ខណៈតុលាការកំពូល កំពុងបើកសវនាការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២0១៧
រូបភាព៖ កងកម្លាំងប្រដាប់អាវុធ យាមនៅខាងក្រៅតុលាការកំពូល ខណៈតុលាការកំពូល កំពុងបើកសវនាការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២0១៧
​ភ្នំពេញ​៖ អង្គការ​លើកលែងទោស​អន្តរជាតិ បាន​លើកយក​ព្រឹត្តិការណ៍​អវិជ្ជមាន​ជាច្រើន​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២0១៧ បញ្ចូល​ទៅក្នុង​របាយការណ៍​រប​ស់​ខ្លួន ដែល​សកម្មភាព​ទាំងនោះ ភាគច្រើន​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច ថ្លែង​ការពារ​ថា ចំណាត់ការ​របស់​សម​ត្ថ​កិច្ច និង​រដ្ឋាភិបាល​កម្ពុជា នាពេល​កន្លងមក​គឺ​ធ្វើតាម​ច្បាប់ ដែល​មិន​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ​ឡើយ​។



​អង្គការ​លើកលែងទោស​អន្តរជាតិ​(Amnesty International) បានចេញ​របាយការណ៍​មួយ កម្រាស់​ដល់​ទៅ​ជាង​៤00​ទំព័រ ដោយបាន​រៀបរាប់​ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ​២0១៧ ដែល​កើតឡើង​នៅតាម​បណ្តា​ប្រទេស​ជាង​១៥៩ ក្នុងនោះ​ក៏មាន​កម្ពុជា​ដែរ​។ ក្នុងចំណោម​របាយការណ៍​ជាង​៤00​ទំព័រ​នោះ មាន​២​ទំព័រ ដែល​អត្ថាធិប្បាយ​ពី​ប្រទេស​កម្ពុជា​។

​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​បាន​កើតឡើង​នៅ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២0១៧ ហើយ​ត្រូវបាន​អង្គការ Amnesty International បញ្ចូល​ទៅក្នុង​របាយការណ៍​រប​ស់​ខ្លួន រួមមាន​ការរំលាយ​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ការមិន​ឲ្យ​ថ្នាក់ដឹកនាំ​១១៨​រូប នៃ​គណបក្ស​នេះ ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ការចាប់​លោក កឹម សុខា ជាដើម​។ លើសពីនេះ ការបិទ​អង្គការក្រៅរដ្ឋាភិបាល និង​ស្ថាប័ន​សារព័ត៌មាន​មួយចំនួន រួមទាំង​ការបង្កើន​នូវ​ការប្រើ​ប្រព័ន្ធយុត្តិធម៌​មិន​ត្រឹមត្រូវ ដើម្បី​កាត់ទោស​ក្រុម​អ្នកប្រឆាំង និង​សកម្មជន​សិទ្ធិមនុស្ស ក៏ត្រូវ​បានបង្ហាញ​ក្នុង​របាយការណ៍​អង្គការសិទ្ធិមនុស្ស​មួយ​នេះដែរ​។ 

​អង្គការ​អន្តរជាតិ ដែល​មិនសូវ​មើលឃើញ​ចំណុច​វិជ្ជមាន​របស់​រដ្ឋាភិបាល​កម្ពុ​ជាមួយនេះ រៀបរាប់​ពី​ព្រឹត្តិការណ៍​ទាំងនោះ តាមរយៈ​របាយការណ៍​ខ្លួន​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២0១៨ ថា​៖«​ការបង្ក្រាប​លើ​អ្នកការពារ​សិ​ទិ្ធ​មនុស្ស ប្រព័ន្ធ​ផ្សព្វផ្សាយ សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង បាន​កើន​ឡើងជា​លំដាប់ ខណៈ​ការបោះឆ្នោត​ថ្នាក់ជាតិ​ក្នុង​ឆ្នាំ​២0១៨ ជិត​ឈាន​មកដល់​។ ការប្រើប្រាស់​ប្រព័ន្ធយុត្តិធម៌​មិន​ត្រឹមត្រូវ របស់​អាជ្ញាធរ ក៏បាន​បន្ត​កើតឡើង​ដែរ​។ [….] សេរីភាព​សារព័ត៌មាន បាន​កាត់បន្ថយ​យ៉ាងខ្លាំង​។ អ្នកការពារ​សិ​ទិ្ធ​មនុស្ស បាន​បន្ត​រង​ការគំរាមកំហែង និង​ការចាប់ខ្លួន​»​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​ម្ពុ​ជា នៅតែ​និយាយ​ដដែល​ថា ចំណាត់ការ​ទាំងអស់នោះ គឺជា​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ លើកឡើងថា លោក កឹម  សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ ប្រព្រឹត្ត​បទល្មើស​ដោយ​ខ្លួនឯង ទើប​បណ្តាល​ឲ្យ​សមត្ថកិច្ច និង​តុលាការ ចាត់​វិធា​ការ​តាមផ្លូវ​ចាប់​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖ «​វា​ជាការ​អនុវត្ត​ច្បាប់​ដូច្នេះ អត់​មាន​រំលោភ ឬ​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ​ទេ​»​។

​លោក សុខ ឥសាន បន្តថា ស្ថាប័ន​សារព័ត៌មាន​មួយចំនួន ក៏បាន​បង្កបញ្ហា​ដោយ​ខ្លួនឯង កាលពី​អំឡុង​ឆ្នាំ​២0១៧​។ លោក រម្លឹកថា កាសែត ខេ​ម​បូ​ឌា ដេលី មិន​បង់ពន្ធ​ចូល​រដ្ឋ ឯ​វិទ្យុ​អាស៊ីសេរី ដំណើរការ​នៅ​កម្ពុជា ដោយ​មិនបាន​ចុះបញ្ជី​នៅ​ក្រសួង​ឲ្យ​បាន​ត្រឹមត្រូវ​។ លោក  បញ្ជាក់​បែបនេះ​ថា​៖«​បើ​ធ្វើ​ឲ្យ​ត្រឹមត្រូវ​តាមច្បាប់ គឺ​គ្មាន​នរណា​ទៅ​យាយី​ទេ​»​។ 

​ជុំវិញ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​អតីត​ក្រុម​អ្នកនយោបាយ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ពួកគេ​កំពុង​ជួប​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ ពោលគឺ​គណបក្ស​ត្រូវ​រំលាយចោល ឯ​លោក សម រង្ស៊ី បន្ត​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ហើយ​លោក កឹម សុខា ក៏ត្រូវ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ ពួកគេ ពុំ​អាចធ្វើ​សកម្មភាព​អ្វី​បានឡើយ នៅក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន ពួកគេ​បានត្រឹមតែ​យក​ទឹកដី​បរទេស ធ្វើជា​កន្លែង​ឈរជើង​ប៉ុណ្ណោះ ដើម្បី​បន្ត​ទាមទារ​ឲ្យ​គណបក្ស​របស់ខ្លួន​រស់​ឡើងវិញ និង​បាន​ចូលរួម​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២0១៨​។ លោក សម រង្ស៊ី បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ (CNRM) ដើម្បី​បន្ត​ការទាមទារ​នៅក្រៅ​ប្រទេស​។

​ជា​លទ្ធផល ការតស៊ូ​របស់​ក្រុម​អ្នកប្រឆាំង​នៅក្រៅ​ប្រទេស បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​មួយចំនួន​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​ខ្លះៗ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា និង​បក្ស​កាន់អំណាច​។ ប៉ុន្តែ​ផល​ជា​វិជ្ជមាន​សម្រាប់​ពួកគេ​ផ្ទាល់ នៅ​មិនទាន់​លេចឡើង​បន្តិច​នោះទេ​។

​ភាគី​បក្ស​កាន់អំណាច ប្រកាស​រួចហើយ​ថា បក្សប្រឆាំង មិនអាច​ដំណើរការ​ឡើងវិញ​ឡើយ ហើយ​ការបោះឆ្នោត នឹង​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក​។ បក្ស​កាន់អំណាច​យល់ថា ឲ្យ​តែ​ប្រជាពលរដ្ឋ បាន​ចូលរួម​ការបោះឆ្នោត គឺ​គ្រប់គ្រាន់​ហើយ ដោយ​មិន​ខ្វល់​ពី​ការទទួលស្គាល់ ឬ​មិន​ទទួលស្គាល់ ពី​សហគមន៍​អន្តរជាតិ​នោះទេ​៕


Tag:
 Amnesty International
  កម្ពុជា​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com