កីឡាជាតិ
ជាតិ
កីឡាករ យូ សុជា ប្រកួត​ពេលព្រឹក ចូល​រោងការ​ខ្លួនឯង​ពេល​ល្ងាច​
23, Feb 2018 , 3:53 pm        
រូបភាព
កីឡាករ យូ សុជា លើកដៃសំពះថ្លែងអំណរគុណដល់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានចងដៃខ្លួន១លានរៀល
កីឡាករ យូ សុជា លើកដៃសំពះថ្លែងអំណរគុណដល់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានចងដៃខ្លួន១លានរៀល
ដោយ:
​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​(NPCC)​បានរៀបចំ​ការប្រកួត​ចម្រាញ់​ជ្រើសរើស​កីឡាករ​ជម្រើសជាតិ​ផ្នែក​កីឡាហែលទឹក​ជនពិការ​សម្រាប់​ឆ្នាំ​២០១៨​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុងចំណោម​កីឡាករ​ទាំង​២៣​រូប កីឡាករ យូ សុជា ដែល​ត្រូវ​ចូល​រោងការ ក៏មាន​វត្តមាន​នៅថ្ងៃនោះ​ផងដែរ​។ លើសពីនេះ​កីឡាករ យូ សុជា ទទួលបាន​ចំណងដៃ​ពីស​ម្តេច​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន រួម​នឹង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ចំនួន​១​លាន​រៀល​ទៀតផង​។



​នៅ​ថ្ងៃ​ព្រ​ស្ប​តិ៍ ទី​២២ កុម្ភៈ ឆ្នាំ​២០១៨ ជា​ថ្ងៃ​ចូល​រោង​អាពាហ៍ពិពាហ៍​របស់​កីឡាករ យូ សុជា ហើយក៏​ជា​ថ្ងៃ​ដែល​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា រៀបចំ​ការប្រកួត​ជម្រើស​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​កីឡាហែលទឹក​ជនពិការ​ផងដែរ​។ កីឡាករ យូ សុជា ដែល​ត្រូវ​ចូល​រោង​ជ័យ​នៅពេល​ល្ងាច ក៏មាន​វត្តមាន​ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំង​២៣​នាក់​ដែល​រួម​ប្រកួតប្រជែង​នៅ​ព្រឹក​នោះដែរ​។



​ដំណឹង​ការ​ឆ្លៀត​យក​ពេលទំនេរ​នៅពេល​ព្រឹក​មក​ចូលរួម​ប្រកួតប្រជែង​របស់ យូ សុជា ត្រូវបាន​លេចឮ​ដល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សម្តេច ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈ​លោក យី វាសនា អគ្គលេខាធិការ NPCC បាន​ចូលរួម​ចងដៃ សុជា ចំនួន​១​លាន​រៀល​ទៀតផង​។​



​ក្រោយ​ចប់​ការប្រកួត​ដែល​រៀបចំ​នៅ​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ នៅពេល​ល្ងាច​កីឡាករ យូ សុជា ត្រូវ​ត្រឡប់​ទៅ​ចូល​រោង​ជ័យ​ក្រាប​ផ្ទឹម​ជាមួយ​កូនក្រមុំ​ឈ្មោះ ឡាង ចាន់ នៅ​ភូមិ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។​



​សម្រាប់​ការប្រកួត​ជម្រើស​កីឡាករ​ជម្រើសជាតិ​កីឡាហែលទឹក​ជនពិការ ដែលជា​ប្រភេទ​កីឡា​ចុងក្រោយ ក្នុងចំណោម​អត្ត​ព​លិ​ក​២៣​នាក់ NPCC នឹង​ជ្រើស​រើសយក​ទាំងអស់​ដោយ​បែង​ចែកជា​កីឡាករ​ជម្រើសជាតិ និង​ត្រៀម​ចូល​ជម្រើសជាតិ​។ តែ​យ៉ាងណា NPCC ពុំទាន់​បញ្ជាក់​ពី​ចំនួន​ជាក់លាក់​នៃ​កីឡាករ​ជម្រើសជាតិ​នៅឡើយ​ទេ ដោយ​គណៈកម្មាការ គ្រូបង្វឹក កំពុង​ពិភាក្សា​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​៕      


Tag:
 ហែល​ទឹក​ជនពិការ​
  យូ សុជា​
  យី វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com